ខេត្តកំពង់ចាម ៖ សមត្ថកិច្ចត្រូវតែធ្វើការស្រាវជ្រាវរកមុខឈ្មួញកណ្ដាល ដែលបានចុះមកប្រមូលទិញបន្លែបង្ការពីប្រជាកសិករដោយមិនទាន់បានទូទាត់ប្រាក់ឱ្យគាត់ ។ នេះជាប្រសាសន៍
លើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត នៅក្នុងពិធីចែកជីដល់កសិករចំនួន៩០គ្រួសារ ដែលបានប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យស្វាយសាច់ភ្នំ ឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ កាលពីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្តនិងប្រធានមន្ទីរនានាជុំវិញខេត្ត ។

ឯកឧត្តម អ៊ុន ចាន់ដា មានប្រសាសន៍ថា ប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាដាំបន្លែបង្ការ ក្នុងនោះអ្នកខ្លះដាំសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ និងអ្នកខ្លះទៀតបានពង្រីកដើម្បីលក់ដូរនៅលើទីផ្សារ ។ ជាមួយនេះ ក៏មានមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះមកបង្រៀនពីបច្ចេកទេសនៃការដាំដុះតាមរយៈគម្រោងអេស្បាយ ដែលជាកម្មវិធីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហការជាមួយអាយហ្វាតដែលរហូតមកដល់ពេលនេះនៅក្នុងខេត្តកំពង់ចាមមានចំនួន៧ស្រុក-ក្រុង ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ទៀតថា គម្រោងនេះគឺជាបច្ចេកទេសមួយនៃការដាំដុះដែលបន្សាំជាមួយនឹងអាកាសធាតុដែលមិនធ្វើឱ្យប៉ះពាល់ដំណាំ ។ តាមការសង្កេតដោយជាក់ស្ដែង ពីមុនគ្រួសារខ្លះដាំដុះសម្រាប់តែតម្រូវការក្នុងគ្រួសារ តែមកដល់ពេលនេះពួកគាត់បានទទួលនូវបច្ចេកទេសថ្មី ដោយពង្រីកការដាំដុះដើម្បីផ្គត់ផ្គង់លើទីផ្សារ ដែលទាមទារឱ្យមានគុណភាពជាប្រភេទបន្លែសរីរាង្គមិនប៉ះពាល់ដល់សុខភាព ។
ទោះបីតម្លៃថ្លៃបន្តិចក៏ពិតមែន ប៉ុន្តែប្រជាពលរដ្ឋនាំគ្នាគាំទ្រលើកកម្ពស់ផលិតផលខ្មែរ ។ ពីមួយអាណត្តិទៅមួយអាណត្តិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហុ៊ន សែន ជានាយករដ្ឋមន្ត្រី គឺមានការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង ។ ជាការចាំបាច់អង្គការមួយត្រូវតែមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ទើបមានការរីកចម្រើននិងលូតលាស់ទៅមុខបានឆាប់ ដើម្បីជួយដល់ពលរដ្ឋនៅមូលដ្ឋាន។

ជាការពិត អ្នកលក់ចង់បានថ្លៃចំណែកអ្នកទិញចង់បានថោក ដូច្នេះយើងត្រូវតែរកចំណុចកណ្ដាល ដើម្បីធ្វើការដោះស្រាយកុំឱ្យមានបញ្ហាកើតឡើង ។ ជាក់ស្ដែងដូចជា បន្លែដែលអ្នកភូមិ
ស្វាយសាច់ភ្នំផលិតបានប្រកបដោយគុណភាពល្អ ដូច្នេះត្រូវតែចូលរួមដាក់តាំងលក់នៅផ្សារ
ចុងសប្តាហ៍ ស្ថិតនៅមុខមន្ទីរពាណិជ្ជកម្មខេត្តដែលតែងតែលក់រៀងរាល់ថ្ងៃសៅរ៍និងអាទិត្យ ។

ឯកឧត្តម អ៊ុន ចាន់ដា បញ្ជាក់ថា ប្រជាពលរដ្ឋដែលមានចម្ការស្វាយចន្ទី ពួកគាត់ដាំដុះបានយកទៅលក់ឲ្យឈ្មួញកណ្ដាល ហើយមានឈ្មួញកណ្ដាលតែម្នាក់ឬពីរនាក់ប៉ុណ្ណោះ ដែលមានគំនិតខូចដោយយកគ្រាប់ស្វាយចន្ទីទៅត្រាំទឹកដើម្បីឲ្យមានទម្ងន់ធ្ងន់ លុះពេលយកទៅលក់ឲ្យឈ្មួញនៅចុងទីគេមិនទិញ ។ កត្តានេះបានជះឥទ្ធិពលនិងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ដែលធ្វើឲ្យតម្លៃស្វាយគ្រាប់ចន្ទីត្រូវចុះថោក ដូច្នេះសូមកុំឱ្យមាននៅក្នុងខេត្តកំពង់ចាម។

អ្នកដែលដាំដុះបន្លែបង្ការ ត្រូវធ្វើយ៉ាងណាបង្កើនគុណភាពនៃការផលិតឲ្យកាន់តែល្អបន្ថែមទៀត ដើម្បីងាយស្រួលក្នុងការប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាង ។ ផ្សារចុងសប្តាហ៍ត្រូវបានអ្នកក្រុងកំពង់ចាមគាំទ្រពេញទំហឹង មានពេលខ្លះអ្នកដែលមកទិញបន្លែក្នុងម្នាក់គឺទិញច្រើន ដោយសំអាងថាបន្លែគ្មានជាតិគីមីប៉ះពាល់ដល់សុខភាព ៕









ចែករំលែកព័តមាននេះ