ទីបំផុត ពលរដ្ឋធ្វើផ្ទះរំលោភលើដីចំណីផ្លូវត្រូវវាយកម្ទេចចោល(វីដេអូ)
- សៀមរាប
ខេត្តសៀមរាប ៖ នៅទីបំផុតសំណង់រឹងមាំជាច្រើនខ្នង ត្រូវអាជ្ញាធរវាយកម្ទេចដើម្បីបើកផ្លូវ ពីចំណុចផ្លូវជាតិលេខ៦ឆ្ពោះទៅដល់ផ្លូវ៧មករា ប្រវែង១ពាន់៣០ម៉ែត្រ ក្នុងក្រុងសៀមរាប និងត្រូវបានបញ្ចប់ទាំងស្រុងនាពេលដ៏ខ្លីខាងមុខនេះ ។ គម្រោងផ្លូវ១ខ្សែមានតាំងពីសម័យសង្គមរាស្ត្រនិយម ក្រោយថ្ងៃជ័យជម្នះ៧មករា ១៩៧៩ នៅពេលបងប្អូនបានវិលត្រឡប់ចូលមកកាន់ភូមិឋានវិញ ត្រូវបាននាំគ្នាមករស់នៅធ្វើការសាងសង់លំនៅឋានលើទ្រូងផ្លូវទាំងមូល ដែលមានទទឹង១៥ម៉ែត្រ បណ្តោយប្រវែង១ពាន់៣០ម៉ែត្រ ។

ក្រុមមន្ត្រីថា តម្រូវការរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនក្នុងសង្គមផងនោះ និងការបញ្ចៀសនូវភាពកកស្ទះចរាចរណ៍ក្នុងក្រុងសៀមរាប រដ្ឋបាលខេត្តបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ រួចមក ក្រុមការងារចម្រុះដែលមានរដ្ឋបាលខេត្ត ក្រុង សង្កាត់ បានចុះពិនិត្យ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅលើដងផ្លូវ ដែលគម្រោងបើកផ្លូវទំហំ១៥ម៉ែត្រ ប្រវែង១ពាន់៣០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៦ទៅត្បូងដល់ផ្លូវ៧មករា(ផ្លូវវិទ្យាល័យអង្គរ)ត្រូវតែរុះរើចេញ ។

ពេលជូនដំណឹងនេះ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋមានក្បាលដីបានប៉ះពាល់ មានចំនួន៩៣ក្បាលដី និងសំណង់លើទ្រូងផ្លូវចំនួន១០គ្រួសារ ត្រូវបានក្រុមការងារធ្វើការសម្របសម្រួលជាមួយបងប្អូនប្រជាពលរដ្ឋ តែនៅសល់តែសំណង់ចំនួន៣គ្រួសារប៉ុណ្ណោះដែលមិនទាន់បានរុះរើ ហើយក្រុមការងារនឹងធ្វើការសម្របសម្រួលជាមួយម្ចាស់សំណង់ទាំងនេះបន្ថែមទៀត ដើម្បីឲ្យពួកគាត់យល់ព្រមរុះរើតាមគម្រោងផែនការដែលបានកំណត់ ។

នៅថ្ងៃទី២៥ កញ្ញានេះ អគារដ៏រឹងមាំមួយ ត្រូវបានម្ចាស់ស្ម័ត្រចិត្តក្នុងការរុះរើ ព្រោះមុនពេលសាងសង់បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរមូលដ្ឋានថា នៅពេលរដ្ឋត្រូវការធ្វើការស្ថាបនាផ្លូវពេលណា នឹងធ្វើការប្រគល់ជូនរដ្ឋវិញ ដោយមិនមានការទាមទារនូវសំណងអ្វីឡើយ ។ សកម្មភាពទាំងនេះហើយ ដែលជាគំរូដ៏ល្អរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមសហការជាមួយអាជ្ញាធរខេត្ត ។

តាមការបញ្ជាក់របស់គណៈកម្មការបានឲ្យដឹងថា មកដល់ពេលនេះ ការបើកផ្លូវលេខដេ៧នេះ ទទួលបានលទ្ធផល៨២%ហើយ ក្នុងការរុះរើលំនៅឋាន ហើយនឹងបញ្ចប់ នៅពេលដ៏ខ្លីខាងមុខនេះផងដែរ ។ ស្របពេលដែលសម្តេចនាយករដ្ឋមន្ត្រី ផ្តល់នូវកញ្ចប់ថវិកាជាតិចំនួន១៥០លានដុល្លារ សម្រាប់ស្ថាបនាផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ដែលគ្រោងនឹងបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ ។

នៅថ្ងៃទី ២៥ កញ្ញា នេះដែរ គណៈកម្មការដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប បានចុះទៅតាមដងផ្លូវគោលដៅដែលត្រូវស្ថាបនា ។ បានធ្វើការកំណត់អ័ក្សផ្លូវ ព្រមទាំងបានធ្វើការចែកនូវសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត ជូនដល់ប្រជាពលរដ្ឋដែលមានក្បាលដី និងលំនៅឋានមានការពាក់ព័ន្ធនឹងខ្សែផ្លូវ ដែលត្រូវស្ថាបនាទាំង៣៨ខ្សែ ក្នុងការរៀបចំកែលម្អឡើងវិញឲ្យមានគុណភាព សុវត្ថិភាព សោភ័ណភាព និងផាសុកភាព ក្នុងការបម្រើចរាចរណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ រួមទាំងការដឹកជញ្ជូន ៕














ចែករំលែកព័តមាននេះ