រាជធានីភ្នំពេញ ៖ សំណុំរឿងឃាតកម្មសម្លាប់ថៅកែជនជាតិចិន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចយកសាកសពច្រកក្នុងថង់ខ្មៅ ដាក់ចូលវ៉ាលីទៅទម្លាក់ចោល នៅខេត្តកំពង់ស្ពឺ ត្រូវកម្លាំងនគរបាលស្រាវជ្រាវ និងបំបែកបានដោយជោគជ័យ ឈានដល់ការចាប់ខ្លួនជនដៃដល់បានផងដែរ ។
ប្រតិបត្តិការនេះធ្វើឡើងដោយ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកំពង់ស្ពឺ ក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែនព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលពីតំណាងព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំប្រតិបត្តិការនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចចន្លោះគីទ្បូម៉ែត្រលេខ១០៤-១០៥ ផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានជនសង្ស័យម្នាក់ជិះរថយន្តម៉ាក ហាយទ្បែនឌឺ ពណ៌ស មិនចាំស្លាកលេខ បានមកឈប់នៅចំណុចខាងលើ ហើយបានយកវ៉ាលីពណ៌ខ្មៅមួយ ចេញពីកូថរថយន្តទម្លាក់ទៅជ្រោះ រួចជនសង្ស័យនោះក៏បើករថយន្តគេចខ្លួនមកតាមផ្លូវជាតិលេខ៤ ឆ្ពោះមកភ្នំពេញ ។
តាមការពិនិត្យរបស់នគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ និងគ្រូពេទ្យកោសល្យវិច្ច័យ សាកសពមានស្នាមវាយបែកក្បាលផ្នែកខាងក្រោយ និងស្នាមរបួសកស្តាំ និងឆ្វេង ។
លុះនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ Wu Hong អាយុ៤៨ឆ្នាំ ជនជាតិចិន ជាបុគ្គលិកក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD ។
នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, បានសហការជាមួយនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្រ, ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះទៅឆែកឆេរ លំនៅដ្ឋានមួយកន្លែងស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយរកឃើញតំណត់ឈាមប្រទ្បាក់នៅតាមជញ្ជាំង, ពិដាន និងបានដកហូតវត្ថុតាងមួយចំនួន ដែលពាក់ព័ន្ធករណីឃាតកម្មខាងលើនេះ ។
ឆ្លងតាមចម្លើយសារភាពជនសង្ស័យ បានសារភាពថា កាលពីវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យពិតជាបានធ្វើសកម្មភាពវាយនឹងញញួរ ចំនួន៥ញញួរ ហើយចាក់មួយកំបិតចំបំពង់ក ទៅលើជនរងគ្រោះឈ្មោះ Zhnag Bing អាយុ៤៥ឆ្នាំ ជនជាតិចិន ជាថៅកែក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់ស្លាប់ប្រាកដមែន មូលហេតុដោយសារ តែខឹងជនរងគ្រោះ តែងតែជេរស្តីបន្ទោសមកលើខ្លួន ហើយខ្លួនក៏មានគំនុំគំគួនរហូតឈានទៅដល់សម្លាប់តែម្តង ។
ក្រោយពីធ្វើសកម្មភាពសម្លាប់រួចហើយ ខ្លួនបានរៀបចំសាកសពដាក់ក្នុងវ៉ាលីពណ៌ខ្មៅមួយ ដឹកតាមរថយន្តមួយគ្រឿងម៉ាក ហាយទ្បែនឌឺ យកទៅទម្លាក់ចោលនៅផ្លូវជាតិលេខ ៤ ហួសកន្លែងយាយម៉ៅ (ភ្នំពេជ្រនិល) ចម្ងាយប្រហែល ២ទៅ៣គីទ្បូ រួចក៏បើករថយន្តមកភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង ។
បច្ចុប្បន្នជនសង្ស័យខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕
(ទីបំផុត! ចាប់បានហើយឃាតករសម្លាប់ថៅកែចិនរួចដាក់ក្នុងវ៉ាលិសទៅបោះចោលនៅជ្រោះពេជ្រនិល)
ចែករំលែកព័តមាននេះ