ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី​ ចប់​អាណត្តិ​ នៅ​កម្ពុជា ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហ​បុរី នឹង​កាន់តែ​រីក​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត

12 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូត​សិង្ហ​បុរី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា​ នៅ​វិមាន​សន្ដិភាព ​។

ក្នុង​ឱកាស​នៃ​ជំនួប​ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​ធិ​បតី ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​លោក​ជំទាវ និង​សហការី​បាន​ចូល​ជួប​សម្ដែង​ការ​គួរសម និង​ជម្រាបលា ខណៈ​ដែល​លោក​ជំទាវ​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា ​។

លោក​ជំទាវ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហ​បុរី ក្នុង​អាណត្តិ​ការទូត​របស់​លោក​ជំទាវ​នៅ​កម្ពុជា ​។

លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​សម្ដែង​ការ​ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​បាន​គូសបញ្ជាក់​ពី​មោទនភាព​របស់​លោក​ជំទាវ​ក្នុង​ការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា និង​ជា​ផ្នែក​មួយ​ដែល​បានឃើញ​នូវ​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ជា​ច្រើន​របស់​កម្ពុជា​មាន​ជា​អាទិ៍​៖ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​-១៩, ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​, ព្រមទាំង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម និង​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម ជាដើម​។ លោក​ជំទាវ​បាន​បង្ហាញ​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​រីក​ចម្រើន​រឹង​មាំ​បន្ថែម​ទៀត​ផង​ដែរ​ ។

ជា​ការ​ឆ្លើយ​តប​ សម្ដេច​ធិ​បតី​បាន​សម្ដែង​នូវ​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត TEO Lay Cheng ក្នុង​ការ​ចូលរួម​ចំណែក​ពង្រឹង​នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​សិង្ហ​បុរី ឱ្យ​កាន់តែ​រឹង​មាំ​។ សម្ដេច​ធិ​បតី​ក៏​បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​លោក​ជំទាវ​ផង​ដែរ ដែល​ទទួល​ការ​តែងតាំង​សម្រាប់​ភារកិច្ច​ថ្មី​របស់​លោក​ជំទាវ ​។

សម្ដេច​ធិ​បតី​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ចូលរួម​របស់​សិង្ហ​បុរី​ក្នុង​ការ​គាំទ្រ និង​ជំរុញ​ឱ្យ​មាន​បទ​ឈប់​បាញ់​របស់​វាង​កម្ពុជា និង​ថៃ នា​ពេល​កន្លង​មក ​។

ឆ្លៀត​ក្នុង​ឱកាស​នេះ​, សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា និង​សិង្ហ​បុរី នៅ​មាន​សក​ក្កា​នុ​ពល​ជា​ច្រើន​ទៀត ដែល​ជា​កាលានុវត្តភាព​ក្នុង​ការ​ជំរុញ និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ និង​ជិត​ស្និទ្ធ​បន្ថែម​ទៀត លើ​វិស័យ​សំខាន់​ៗ រួម​មាន​៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​វិនិយោគ​, ការ​អប់រំ និង​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាដើម​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​ថៃ​, សម្ដេច​ធិ​បតី​ក៏​បាន​ជម្រាប​ជូន​លោក​ជំទាវ​អំពី​កា​រវិ​វត្ត​ថ្មី​ៗ​នៃ​ស្ថានការណ៍​ជម្លោះព្រំដែន កម្ពុជា​-​ថៃ និង​បាន​សង្កត់ធ្ងន់​អំពី​ការ​ប្ដេជ្ញា​ចិត្ត ក៏​ដូច​ជា​ជំហរ​របស់​កម្ពុជា​នៅ​ក្នុង​ការ​បន្ត​ប្រកាន់​យក​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី ផ្អែក​លើ​ច្បាប់​អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​។ លោក​ជំទាវ​ឯកអគ្គរដ្ឋទូត​សង្ឃឹមថា បញ្ហា​នៃ​ជម្លោះព្រំដែន​នេះ​នឹង​ត្រូវ​បាន​ដោះស្រាយ​ដោយ​សន្តិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ