ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ ហ្វ្រ​ង់​កូ​ហ្វូ​នី ផ្ដល់​ការ​គាំទ្រ​ពេញលេញ ដើម្បី​ធានា​ភាព​ជោគជ័យ នៃ​កិច្ចប្រជុំ​កំពូល ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នៅ​កម្ពុជា

13 ម៉ោង មុន

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

រាជធានីភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៦ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​លោក​ជំទាវ ល្វី​ស មូ​ស៊ី​គី​វ៉ា​បូ (Louise MUSHIKIWABO) អគ្គលេខាធិការ​ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី និងគណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​ ។

នៅ​ក្នុង​ឱកាស​នៃ​ជំនួប​ លោក​ជំទាវ​អគ្គលេខាធិការ ​នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី បាន​សម្ដែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​ធិ​បតី ដែល​បាន​ចំណាយពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​លោក​ជំទាវ និង​គណៈប្រតិភូ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ ។

លោក​ជំទាវ​មាន​ក្ដី​សោមនស្ស​រីករាយ ដែល​បាន​មក​បំពេញបេសកកម្ម​ការងារ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ថ្មី​ម្ដងទៀត​។ លោក​ជំទាវ​អគ្គលេខាធិការ​បាន​គោរព​ជម្រាប​ជូន​សម្ដេច​ធិ​បតី​ថា ដំណើរ​ទស្សនកិច្ច​ការងារ​របស់​លោក​ជំទាវ និង​គណៈប្រតិភូ នៅ​កម្ពុ​ជានា​ឱកាស​នេះ គឺដើម្បី​ពិភាក្សា និង​ពិនិត្យ​ឡើង​វិញ​ នូវ​គ្រប់​ដំណាក់កាល​ នៃ​កិច្ច​ដំណើរការ ​នៃ​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ ឆ្នាំ​២០២៦ ដែល​កម្ពុជា ​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​។ ក្នុង​ន័យ​នេះ​, លោក​ជំទាវ និង​គណៈប្រតិភូ បាន វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ត្រៀម លក្ខណៈ​ក្នុង​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​នេះ និងបាន​បញ្ជាក់​អំពី​ការ​បន្ត​គាំទ្រ​របស់ អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី និង​ធានា​ថា កិច្ចប្រជុំ​កំពូល​នេះ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ​ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​លើក​ទី​២០​នេះ មាន​សារៈសំខាន់​ខ្ពស់ សម្រាប់​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​។ ជាមួយ​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ នេះ​, លោក​ជំទាវ​មាន​ជំនឿ​ជឿជាក់​ថា កិច្ចប្រជុំ​កំពូល​នឹង​រៀបចំ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​ជោគជ័យ ហើយ​សង្ឃឹមថា នឹង​មាន​ថ្នាក់ដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង និង​ប្រទេស​ជា​ដៃគូ​ជា​ច្រើន​នឹង​ចូលរួម ដែល​នេះ​នឹង​បង្ហាញ​នូវ​ស្មារតី​សាមគ្គីភាព និង​ភាតរភាព​ក្នុង​ចំណោម​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ ។

ជា​ការ​ឆ្លើយ​តប​, សម្ដេច​ធិ​បតី​បាន​ស្វាគមន៍ និង​រីករាយ​ដែល​បាន​ជួប​ជាមួយ​លោក​ជំទាវ និង​គណៈប្រតិភូ ជា​ថ្មី​ម្ដងទៀត បន្ទាប់​ពី​ជំនួប​លើក​ទី​១ នៅ​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​។ សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​មាន​កិត្តិយស និង​រីករាយ​ក្នុង​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រ​ង់​កូ​ហ្វូ​នី​លើក​ទី​២០ និង​បាន​ថ្លែងអំណរគុណ​ចំពោះ​អគ្គលេខាធិការដ្ឋាន​ហ្វ្រ​ង់​កូ​ហ្វូ​នី ដែល​បាន​ផ្ដល់​ការ​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារៈសំខាន់​នេះ​ ។

បន្ថែម​លើ​នេះ​, សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​អំពី​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា ក្នុង​ការ​រៀបចំ​ផ្នែក​ឡូ​ជី​ស្ទីក​, សន្តិសុខ និង​កិច្ចការ​ពាក់ព័ន្ធ ដើម្បី​ធានា​បាន​នូវ​ភាព​រលូន និង​ជោគជ័យ​នៃ​ការ​ប្រ​ព្រឹ​តិ្ត​ទៅ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​។ មុន​នឹង​បញ្ចប់​, សម្ដេច​ធិ​បតី​ក៏​បាន​គូសបញ្ជាក់​ជូន​លោក​ជំទាវ ផង​ដែរ​ថា កម្ពុជា​គ្រោង​នឹង​រៀបចំ​ព្រឹត្តិការណ៍ អម​ចំនួន​បី រួម​មាន​៖ (១) វេទិកា​សហគ្រិនភាព​ហ្វ្រ​ង់​កូ​ហ្វូ​នី​, (២) ពិព័រណ៍​ភូមិ​ហ្វ្រ​ង់​កូ​ហ្វូ​នី និង (៣) ពិព័រណ៍​បច្ចេកវិទ្យា​ហ្វ្រ​ង់​កូ​តិច (Franco-Tech)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ