ឃាត់ខ្លួន​កូនប្រុស​ម្នាក់ យក​កាំបិតប៉័ងតោ​គំរាម​កាប់​ឪពុក​ម្តាយបង្កើត


រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ហិង្សា​ក្នុង​គ្រួសារ ដោយ​ការ​បំផ្លាញ​ទ្រព្យសម្បត្តិ និង​បាន​យក​កាំបិតប៉័ងតោ​គំរាម​រក​កាប់សម្លាប់​ឪពុក​ម្តាយ​ខ្លួនឯង ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​៣០​នាទី ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ចំណុច​ផ្ទះ​លេខ​១៧៣ ក្រុម​ទី​៣ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​មានឈ្មោះ សំ សំណាង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​១៧៣ ក្រុម​ទី​៣ ភូមិ​កប់​ស្រូវ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សំ សំណាង ជា​មនុស្ស​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ថែម​ទាំង​ធ្លាប់​បាន​បំផ្លិចបំផ្លាញ និង​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុង​គ្រួសារ​យក​ទៅ​លក់ ដើម្បី​យក​លុយ​ទៅ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ និង​តែងតែ​មក​រករឿង​ក្រុម​គ្រួសារ​ម្តង​ហើយ​ម្តងទៀត ថែម​ទាំង​បាន​គំរាមកំហែង​ថា​នឹង​កាប់សម្លាប់​អ្នក​នៅ​ក្នុងផ្ទះ​ចោល​ទាំងអស់ ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០ ជនសង្ស័យ​ខាងលើ​បាន​មក​រករឿង​អុកឡុក​ក្នុងផ្ទះ ព្រមទាំង​បាន យក​កាំបិតប៉័ងតោ​គំរាម រក​កាប់សម្លាប់​ឪពុក​ម្តាយ​ខ្លួន​ផង​ដែរ តែ​ត្រូវ​បាន​បងប្អូន​ជួយ​ចាប់​ឃាត់​បំបែក​ទាន់ ឃើញ​ដូចនេះ​ទើប​ម្តាយបង្កើត​ក៏​រត់​ទៅ​ប្តឹង​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ពៅ​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្តង ។

ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថា រូប​ខ្លួន និង​ក្រុម​គ្រួសារ ឧស្សាហ៍​ឈ្លោះប្រកែក​គ្នា​ជា​រឿយ​ៗ ហើយ​ពិតជា​បាន​យក​កាំបិតប៉័ងតោ​គំរាម​អ្នក​នៅ​ក្នុង​គ្រួសារ ពិតប្រាកដ​មែន ហើយ​កន្លង​មក​ខ្លួន​តែងតែ​បង្ក​អំពើ​ហិង្សា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​ជា​អ្នក​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ផង​ដែរ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ