​កើតឡើងជាថ្មី! ខណៈករណី​រន្ធត់​នេះ ហាក់ស្ងាត់ជាយូរហើយ


ខេត្តកំពង់ស្ពឺ ៖ សព​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​បាន​ត្រូវ​ប្រទះ​ឃើញ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ទៅ​ធ្វើការ​ត្រួតពិនិត្យ បន្ទាប់​ពី​មាន​ជន​មិន​ស្គាល់​មុខ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជ្រោះ​ជិត​អាស្រម​លោកយាយ​ម៉ៅ​ពេជ្រនិល ដោយ​ច្រក​ក្នុង​ថង់
ខ្មៅ​ធំ​មួយ និង​មាន​វ៉ាលិស​ប្រឡាក់​ឈាម​មួយ​ទុក​ចោល​នៅ​ក្បែរ​គ្នា ។

នេះ​ជា​ការ​ប្លុង​សព​មនុស្ស​ចោល​ថ្មី​ទៀត ដែល​ករណី​នេះ​ហាក់​ស្ងាត់​យូរ​ឆ្នាំ​មក​ហើយ មិន​ដែល​ធ្លាប់​មាន​ទៀត​ទេ រឿង​សម្លាប់​មនុស្ស​ច្រក​បាវ​យក​ទៅ​បោះចោល​នៅ​ជ្រោះ​ពេជ្រនិល ។ ក្រោយ​ពី​ការ​ចុះ​ទៅ​ពិនិត្យ​ដោយ​សមត្ថកិច្ច​ចម្រុះ​ខេត្ត​និង​ក្រសួងមហាផ្ទៃ​រួច​ហើយ សមត្ថកិច្ចក៏​បាន​នាំ​យក​សព​បុរស​ខាងលើ​ទៅ​រក្សា​ទុក​នៅ​ទី​តម្កល់សព​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ស្រាវជ្រាវ​ស៊ើបអង្កេតបន្ត​តាម​នីតិវិធី ព្រោះ​ជន​រង​គ្រោះ​អាច​ជា​ជន​បរទេស​ដោយ​សង្ស័យ ​ជា​ជនជាតិ​ចិន ។

ការ​ប្រទះ​ឃើញ​សព​ដែល​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ជិត​អាស្រម​លោកយាយ​ម៉ៅ​ពេជ្រនិល​នេះ គឺ​កាលពី​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ តាម​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១០៤-១០៥ ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ។ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា មាន​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយ​គ្រឿង​ដឹក
សព​មនុស្ស​ម្នាក់​យក​ទៅ​ទម្លាក់​ចោល​នៅ​ចំណុចខាងលើ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ទៅ​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ពិនិត្យ​ដល់ទី​កន្លែង​ប្រទះ​ឃើញ​សព​បុរស​ម្នាក់់​ច្រក​ក្នុង​ថង់​ខ្មៅ ព្រមទាំង​ប្រទះ​ឃើញ​វ៉ាលិស​១​ប្រឡាក់​ឈាម​យ៉ាង​ជោកជាំ​ផង​ដែរ ។

តាម​រយៈ​ការ​ពិនិត្យ​ឃើញ​នេះ សមត្ថកិច្ច​សន្និដ្ឋាន​ថា ក្រុម​ឃាតករ​ប្រហែលជា​ប៉ង​ញាត់​សព​ចូល​ក្នុង​វ៉ាលិស​នោះ​តែ​ញាត់​មិន​ចូល​ព្រោះ​តូច​ក៏​ច្រក​ក្នុង​ថង់​ខ្មៅ​វិញ ។យោង​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​បច្ចេកទេស​ខេត្ត​ថា ជន​រង​គ្រោះ​អាច​មិនមែន​ជា​ជន​ជាតិខ្មែរ​ទេ គឺ​ទំនងជា​ជនជាតិ​ចិន​ហើយ​បាន​ត្រូវ​សម្លាប់​ពី​ទីកន្លែង​ផ្សេង​និង​ដឹក​តាម​រថយន្ត​តូច​យក​មក​ទម្លាក់​ចោល​នៅ​ចំណុច​ខាងលើ ។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​ចប់​សព្វគ្រប់ សមត្ថ​កិច្ច​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ដឹក​សព មក​ដឹក​យក​ទៅ​រក្សា​ទុក​នៅ​ទី​តម្កល់សព​ក្នុង​វត្ត​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​បាន​ប្រគល់​ភារៈ​បន្ត​ទៅ​ខាង​នាយកដ្ឋាន​អន្តោប្រវេសន៍​ធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ការ​សម្លាប់​ជន​រង​គ្រោះ ។

ទាក់ទង​ទៅ​នឹង​ការ​ប្រទះ​ឃើញ​សព​មនុស្សប្រុស​ដែល​សង្ស័យ​ជា​ជនបរទេស​នេះ​ដែរ មានការ​លើក​ឡើង​ផ្សេង​ៗ​គ្នា​ថា ជន​រង​គ្រោះ​អាចទំនងជា​ត្រូវ​ក្រុម​ជនជាតិ​ចិន​ដូច​គ្នា​ធ្វើការ​ចាប់ជំរិត​ហើយ​សម្លាប់​ចោល​ដើម្បី​បំបិទមាត់​តែ​ម្ដង ។ប៉ុន្តែ​ការ​សន្និដ្ឋាន​បែប​នេះ​បាន ទាល់តែ​សព​មានរបួស​ច្រើន​កន្លែង​ដែល​បង្ហាញ​ពី​ការ​ធ្វើ​ទារុណកម្ម​បើ​គ្មាន​ទេ​មិនមែន​ជា​ការ​ចាប់ជំរិត​ឡើយ ។ ដោយឡែក​អ្នកខ្លះ​ទៀត​លើក​ឡើង​ថា ទំនងជា​ជន​រង​គ្រោះ​មាន​បញ្ហា​រឿង​ភាគហ៊ុន​រកស៊ី​ណាមួយ​ជាមួយ​ដែ​គូ​ទើបត្រូវ​សម្លាប់​បំបិទមាត់​ចោល ។

បើ​តាម​មន្ត្រី​ថ្នាក់ខ្ពស់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បញ្ជាក់​ថា សមត្ថកិច្ច​ទើបតែ​បញ្ចប់​ការត្រួតពិនិត្យ​នា​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ដដែល ដោយ​បាន​បញ្ជាក់​ថា ទោះជា​យ៉ាងណា​ក្តី​ក៏​សមត្ថកិច្ច​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឈាន​ទៅ​វែកមុខ​ក្រុម​ជន​ដៃដល់​ជា​ឃាតករ​សម្លាប់​ជន​រង​គ្រោះ​យក​មក​ផ្តន្ទាទោស​ឲ្យ​ខាង​តែ​បាន ។ រឿងរ៉ាវ​នេះ នឹង​ត្រូវ​លាតត្រដាង​បន្ទាប់ពី​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​រក​ឱ្យ​ឃើញ​អត្តសញ្ញាណ​អ្នក​ស្លាប់​ទើប​អាច​វែកមុខ​ក្រុម​ជន​ដៃដល់​បាន​នៅ​ពេល​ណាមួយ​នោះ ៕​

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ