ខេត្តស្ទឹងត្រែង ៖ អ្នកប្រកបរបរធ្វើចម្ការនៅ ខេត្តស្ទឹងត្រែងកំពុងរីករាយ ខណៈទទួលផលពីដំណាំស្វាយចន្ទី ស្របពេលតម្លៃទីផ្សារឆ្នាំនេះ បានហក់ឡើងយ៉ាងគំហុក ។
លោកកោះ ប៊ុនថៃ នៅ ភូមិស្រែក្រសាំង ឃុំស្រែ ក្រសាំង ស្រុកសៀមបូករៀប រាប់ថា គាត់មានចម្ការស្វាយ ចន្ទីចំនួន១៥ហិកតាតែទទួលផលបានចំនួន១១ហិកតានិងបន្តដាំ៤ហិកតាទៀតដោយ បានក្នុងការដាំដុះជាលក្ខណៈគ្រួសារចាប់តាំងពីឆ្នាំ២០០៣រហូតមក ។ ក្នុងឆ្នាំទីមួយគាត់មិនបានទទួលផលទេ ដោយប្រឹងតែថែទាំមិនមានផ្នែកបច្ចេកទេស លុះនៅឆ្នាំទី៣និងទី៤គាត់និងប្រពន្ធចាប់ផ្តើមមមាញឹកប្រមូលផល ។ ក្រោយពីប្រមូលផលដោយខ្លួនឯងអស់ជាច្រើនឆ្នាំ គាត់និងប្រពន្ធបានសម្រេចចិត្តម៉ៅទៅឲ្យឈ្មួញក្នុងតម្លៃទីផ្សារនៅមានកម្រិតនៅឡើយតែមកដល់ឆ្នាំ២០១៤ និងឆ្នាំ២០១៥នេះ គាត់បានម៉ៅទៅឲ្យឈ្មួញបានតម្លៃ៦ ៣០០ដុល្លារ ក្នុងផ្ទៃដី១១ហិកតា ។ បន្ទាប់ពីការប្រឹងប្រែងលើដំណាំកសិកម្មនេះ ធ្វើឲ្យគ្រួសាររបស់គាត់មានជីវភាពកាន់តែធូរធារច្រើន ។
នៅក្នុងចម្ការស្វាយចន្ទី ស្ត្រីម្នាក់សម្បុរស្រអែមឈ្មោះ ប៉ែន សុជាតិ អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅភូមិតាកោង ឃុំស្វាយភ្លើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលពាក់មួកហ៊ុមដោយក្រមាពណ៌ក្រហមដើរត្រួតពិនិត្យកម្មកររបស់ខ្លួនបានរៀបរាប់ថា គាត់បានខ្ចីលុយពីធនាគារឯកជនមកម៉ៅចម្ការស្វាយចន្ទីនៅទីនេះ ចំនួនពេលពីរដូវហើយក្នុងតម្លៃ៦.៣០០ដុល្លារអាមេរិក ។ កាលពីរដូវប្រមូលផលឆ្នាំមុនមិនសូវចំណេញទេគ្រាន់បានម៉ាចាយព្រោះតម្លៃទីផ្សារទាប តែឆ្នាំនេះតម្លៃទីផ្សារបានហក់ឡើងខ្ពស់ក្នុងមួយគីឡូក្រាមគ្រាប់ស្វាយចន្ទីលក់បាន៤.៩០០រៀលទៅជាង៥០០០រៀល បើប្រៀបធៀបទៅនឹងឆ្នាំមុន ត្រឹមតម្លៃ៣.៩០០រៀលទៅ៤០០០រៀល ។ គាត់បន្តថា ប៉ុន្តែថ្វីដ្បិតទទួលបានតម្លៃខ្ពស់និងត្រូវចំណាយប្រាក់មួយចំនួនសម្រាប់កម្មករដែរដែលជួយដើរប្រមូលគ្រាប់ស្វាយចន្ទីនោះ ។
ដោយដៃម្ខាងកាន់កន្ត្រកដៃម្ខាងកាន់ឧបករណ៍សម្រាប់បេះផ្លែស្វាយចន្ទីលោកងឺម ចេន អាយុ៦៣ឆ្នាំ ស្រុកកំណើតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ និយាយថា គាត់រួមនឹងគ្រួសារមកពីខេត្តកំពង់ធំស៊ីឈ្នួលដើរបេះនិងប្រមូលគ្រាប់ស្វាយចន្ទីឲ្យទៅអ្នកម៉ៅចម្ការក្នុងមួយគីឡូក្រាមបាន៥០០រៀលហើយក្នុងមួយថ្ងៃប្រមូលបាន៣០ទៅ៤០គឺឡូក្រាម តែបើថ្ងៃណាជ្រុះច្រើនអាចប្រមូលបានរហូតដល់៨០គីឡូក្រាម ។ គាត់និយាយថា ដោយសារតែពុំមានការងារធ្វើនិងជីវភាពខ្វះខាតទើបគាត់មកស៊ីឈ្នួលបែបនេះ ណាមួយតម្លៃដែលទទួលបានគឺល្មមសមរម្យនឹងកម្លាំងពលកម្មរបស់គាត់ផងដែរ ។
រីឯលោក សែម សំអុល អាយុ៤៥ឆ្នាំ ជាអ្នកទទួលទិញគ្រាប់ស្វាយចន្ទីនៅទីតាំងជាប់ផ្លូវជាតិលេខ៧៨ ចម្ងាយពីអូរពងមាន់ ប្រហែល៦គីឡូម៉ែត្រ បានប្រាប់ថា ឆ្នាំនេះទីផ្សារគ្រាប់ស្វាយចន្ទីបានហក់ឡើងគួរឱ្យកត់សម្គាល់ គឺរហូតដល់៥.៦០០រៀល ក្នុងមួយគីឡូក្រាម ខណៈទីផ្សារជ័រកៅស៊ូធ្លាក់ចុះសល់ត្រឹម១.៧០០រៀល ។ គ្រាប់ស្វាយចន្ទីមានពីរប្រភេទដែលមានតម្លៃខុសគ្នា ក្នុងនោះគ្រាប់ស្វាយចន្ទីក្នុងស្រុកទិញចូល ៤.៨០០រៀល ចំណែកគ្រាប់ស្វាយចន្ទីប្រភេទអឹម២៣ មួយគីឡូក្រាមតម្លៃ៥.១០០រៀល ។
លោកបន្ថែមថា ការដែលតម្លៃទីផ្សារខុសគ្នា គឺមកពីគ្រាប់ស្វាយចន្ទីក្នុងស្រុកតូចហើយក្នុងមួយគីឡូក្រាមមាន១៨០ទៅ២០០គ្រាប់ ចំណែកគ្រាប់ស្វាយចន្ទីប្រភេទអឹម២៣ធំ ហើយក្នុងមួយគីឡូក្រាម មានត្រឹម១១០ទៅ១២០គ្រាប់ប៉ុណ្ណោះ ។ ដោយឆ្នាំនេះតម្លៃទីផ្សារគ្រាប់ស្វាយចន្ទីហក់ឡើងខ្ពស់ទើបមានដៃគូជាច្រើន ដូចជាក្រុមហ៊ុនចិនដាក់លុយឲ្យទិញ តែគាត់បានចាប់ដៃគូជាមួយក្រុមហ៊ុនវៀតណាមរួចទៅហើយ ។
លោក សែម សំអុល និយាយថា បងប្អូនកសិករគួរងាកមកដាំស្វាយចន្ទីវិញទើបប្រសើរ ព្រោះតម្លៃរបស់វាគឺនៅថេរល្អណាស់ ហើយមិនពិបាកថែទាំដូចដំណាំកៅស៊ូដែលប្រើរយៈពេលយូរនិងត្រូវចំណាយដើមទុនច្រើនព្រមទាំងពិបាកក្នុងការថែទាំទៀតផង ។ ចំណែកស្វាយចន្ទីប្រសិនបើកសិករជ្រើសរើសយកគ្រាប់ពូជប្រភេទតត្រួយ ដែលគេហៅថា«អឹម២៣» នោះគឺរហ័សទទួលផល ដែលគ្រាន់តែឆ្នាំទីមួយបានផលទៅហើយ តែក្នុងឆ្នាំដំបូងនេះគេបេះចោលរង់ចាំដល់រដូវឆ្នាំទី២ទើបចាប់ផ្តើមប្រមូលផលបណ្តើរៗ ហើយការថែទាំយើងលំបាកតែពីរដង ប៉ុណ្ណោះគឺនៅដើមដូវនិងរដូវត្រូវប្រមូលផល ។
មន្ត្រីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តថ្លែងថា ដំណាំស្វាយចន្ទីនេះ មិនរើសដីដូចជាដំណាំកៅស៊ូទេ ហើយលក្ខណៈនៃការដាំគឺគេដាំជាជួរនិងមានគម្លាតពីដើមមួយទៅដើមមួយយ៉ាងតិច១០ម៉ែត្រ ។ ការដាំបែបនេះធ្វើឲ្យដើមមានសមត្ថភាពក្នុងការលូតលាស់ហើយទទួលបានផលច្រើន ។ ទន្ទឹមនឹងនេះក៏មានហានិភ័យផងដែរ ខណៈអាកាសធាតុមានការប្រែប្រួល ជាពិសេសនៅក្នុងកំឡុងដើមរដូវ ប្រសិនជាអាកាសធាតុប្រែប្រួលធ្លាក់ភ្លៀងឬធ្លាក់សន្សើមវានឹងជ្រុះផ្កាឬផ្កាវាឡើងពណ៌ខ្មៅ ដែលធ្វើឲ្យខូចផល។ ទោះបីជាយ៉ាងណា នៅរដូវប្រមូលផលឆ្នាំនេះកសិករមានការរីករាយយ៉ាងខ្លាំងព្រោះអាកាសធាតុអំណោលផលល្អ មិនមានភ្លៀង ឬសន្សើមធ្លាក់ ហើយតម្លៃទីផ្សារបានហក់ឡើងខ្ពស់ថែមទៀត ។
មន្ត្រីមន្ទីរកសិកម្មបខេត្តានប្រាប់ថា ដំណាំស្វាយចន្ទីនៅឆ្នាំនេះមានការកើនឡើងទាំងផ្នែកទីផ្សារនិងផ្ទៃដីដែលបានដាំដុះរហូតហក់ឡើងដល់៣.៨៦៥ហិកតា ទូទាំង៥ស្រុកក្នុងខេត្តស្ទឹងត្រែង ៕






ចែករំលែកព័តមាននេះ