លោក សួន សេរីរ​ដ្ឋា ផ្លែផ្កា​ដាក់ សម រ​ង្ស៊ី រឿង​ប្រកាស​វិល​ចូល​ស្រុក ម្តងទៀត


រាជធានី​ភ្នំពេញ ៖ លោក សួន សេរីរ​ដ្ឋា ដែល​អំឡុង​ខែកក្កដា ត្រូវ​បាន​ព្រះមហាក្សត្រ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ជា​រដ្ឋលេខាធិការ នៃ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​បង្ហោះ​សារ​នយោបាយ ដៀមដាម​ដល់​អតីត​មេ​បក្ស​ប្រឆាំង​លោក សម រ​ង្ស៊ី ជុំវិញ​ការ​អះអាង​ជា​ថ្មី​ថា ខ្លួន​មាន​បំណង​វិល​ចូល​ប្រទេស​កម្ពុជា ឲ្យ​ទាល់តែ​បាន ទោះ​មានការ​រារាំង​យ៉ាងណា​ក៏​ដោយ ។

បន្ថែម​ពីលើ​នេះ លោក សួន សេរីរ​ដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​បង្ហោះ​សារ នា​ថ្ងៃ​ទី​២២ ខែកញ្ញា​នេះ​ថា រដ្ឋាភិបាល​មិន​បាន​ហាម​ខ្មែរ​ណា​ម្នាក់ មិន​ឲ្យ​វិល​ចូល​ប្រទេស​វិញ​នោះ​ទេ សំខាន់​គឺ​លោក សម រ​ង្ស៊ី ចង់​បោក​កុហក់ អ្នក​ផ្គាប់​មុខ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ ។

លោក សួន សេរីរ​ដ្ឋា បាន​បង្ហោះ​សារ យ៉ាង​ដូច្នេះ​ថា «​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី មិន​បាន​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​ណា​ម្នាក់ ដែល​កំពុង​រស់នៅ ឬ​ស្នាក់​នៅ​ក្រៅប្រទេស មិន​ឲ្យ​វិល​ចូល​ប្រទេស​នោះ​ទេ​… ហើយ​តុលាការ​កម្ពុជា ក៏​មិន​ដែល​កាត់ទោស​និរទេស​ជនជាតិ​ខ្មែរ​ណា​ម្នាក់ ឬ​អ្នកនយោបាយ​ណា ឲ្យ​ទៅ​រស់នៅ​ក្រៅប្រទេស ដោយ​បញ្ញត្ត​មិន​ឲ្យ​ត្រឡប់​ចូល​ស្រុក​ដែរ !» ។

លោក​បាន​បន្ត​ថា «​តែ​ខ្ញុំ ជឿជាក់​ថា មន្ត្រី​នគ​បាល​យុត្តិធម៌​កម្ពុជា ក៏​ត្រៀមខ្លួន​ជា​និច្ច ដើម្បី​អនុវត្ត​នូវ​សាលក្រម និង​សាលដីកា​របស់​តុលាការ ដើម្បី​ចាប់​ពិរុទ្ធជន ឬ​ជនជាប់ចោទ បញ្ជូន​ទៅ​ពន្ធនាគា ដើម្បី​អនុវត្ត​ទោស​តាម​ច្បាប់ ដោយ​ឥត​លើកលែង និង​ដើម្បី​លុប​បំបាត់​នូវ​វប្បធម៌​រួច​ទោស​» ។

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ក៏​បាន​វាយប្រហារ​លោក សម រ​ង្ស៊ី ដែល​បាន​ប្រកាស​ថា នឹង​ចូល​ស្រុក​ម្តងទៀត​នោះ​ថា គឺ​គ្រាន់តែ​ជា «​នយោបាយ​វ៉ៃ​ប៉ោត គោះ​ត្រដោក​របស់ សម រ​ង្ស៊ី បោក​កុហក់ បាន​ត្រឹមតែ​ពួក​ល្ងង់​ផ្កាប់មុខ និង​ខ្វាក់​ខួរក្បាល​ប៉ុណ្ណោះ ដែល​ជឿ និង​មាន​ជំនឿ​លើស​ម្តី​កុហក់​ដដែល​ៗ ដែល​ឥត​ខ្មាស់​អៀន​នេះ​ថា ៖ ខ្លួន​នឹង​វិល​ចូល​ស្រុក​នោះ !» ។

លោក​បាន​បន្ថែម​ថា «​ការ​ប្រកាស​ថា ខ្លួន​នឹង​វិល​ត្រឡប់​ចូល​ស្រុក​វិញ នៅ​ពេល​នេះ នៅ​ពេល​នោះ ឆ្នាំ​នេះ ឆ្នាំ​នោះ វា​សាំ​ត្រចៀក​របស់​អ្នកចេះ​ស្តាប់ ចេះ​ចង​ចាំ​ព្រឹត្តិការណ៍ និង​ចេះ​ប្រើ​វិចារណញ្ញាណ​អស់​ទៅ​ហើយ​… ហើយ​ក៏​វា​ជា​ឧបករណ៍​នយោបាយ​តែ​មួយ​គាត់​របស់ សម រ​ង្ស៊ី ដែល​សេសសល់ សម្រាប់​វាស់វែង ទំហំ​អ្នក​នៅ​ផ្កាប់មុខ​ជាមួយ​ខ្លួន និង​ទំហំ​ដែល​ខ្លួន​អាច​បន្ត​បោក​រៃ​អង្គាស​យក​មក​ចាយ ធ្វើ​ទេសចរណ៍​នយោបាយ​នៅ​ក្រៅប្រទេស​ដែរ ។ ខ្មោច​ងាប់​ហើយ វា​មិន​អាច​រស់​ឡើង​វិញ​ទេ ! អាចារ្យ​យាម​ផ្នូរ​នេះ ក៏​មិន​ហ៊ាន​វិល​ចូល​ស្រុក ដើម្បី​ចូល​ដេក​គុក​ដែរ !» ។

សូម​រម្លឹក​ថា លោក សម រ​ង្ស៊ី ដែល​កំពុង​ជាប់​បណ្តឹង​ជា​ច្រើន ជាមួយ​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល ហើយ​ក៏​មាន​ដីការ​ចាប់ខ្លួន​ផង​ដែរ បាន​អះអាង​សារ​ជា​ថ្មី កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​នឹង​វិល​មក​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ប្រាប់​មុន​ទេ​។ ទៅ​ដល់ គឺ​ទៅ​ដល់​ភ្លាម ហើយ​សូម បងប្អូន ត្រៀមខ្លួន ត្រៀម​លក្ខ​ខណៈ​បងប្អូន​រួម​កម្លាំង​គ្នា​»

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក សម រ​ង្ស៊ី ក៏​ធ្លាប់​បាន​ប្រកាស​ចូល​ស្រុក​វិញ កាលពី​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ម្តង​មក​ហើយ​ថា ចូល​ស្រុក ប៉ុន្តែ​ទណ្ឌិត​រូប​នេះ មិន​បាន​វិល​ស្រុក តាម​ការ​សន្យា​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ