ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារគួរប្តូរទៅលក្ខណៈពាណិជ្ជកម្មខណៈតម្រូវការទីផ្សារខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងន័យជម្រុញឲ្យមានការកែប្រែពីការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារទៅជាលក្ខណៈអាជីវកម្មរកប្រាក់ចំណូលជួយដល់គ្រួសារ ខណៈទីផ្សារត្រីធំទូលាយ រដ្ឋាភិបាលកម្ពុជារួមសហការជាមួយដៃគូនានាបានជម្រុញឲ្យកសិករខ្មែរ ចូមរួមក្នុងវិស័យវារីវប្បកម្មឲ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេសផងដែរ ។ ជាក់ស្តែងសមាគមវារីវប្បករនៅកម្ពុជា ឆ្នាំ២០២០…

រាជធានីភ្នំពេញ ៖ ក្នុងន័យជម្រុញឲ្យមានការកែប្រែពីការចិញ្ចឹមត្រីជាលក្ខណៈគ្រួសារទៅជាលក្ខណៈអាជីវកម្មរកប្រាក់ចំណូលជួយដល់គ្រួសារ ខណៈទីផ្សារត្រីធំទូលាយ រដ្ឋាភិបាលកម្ពុជារួមសហការជាមួយដៃគូនានាបានជម្រុញឲ្យកសិករខ្មែរ ចូមរួមក្នុងវិស័យវារីវប្បកម្មឲ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលត្រីពីក្រៅប្រទេសផងដែរ ។

ជាក់ស្តែងសមាគមវារីវប្បករនៅកម្ពុជា ឆ្នាំ២០២០ ត្រូវបានពិធីសម្ពោធ ជាផ្លូវការកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ ក្នុងគោលបំណងផ្តល់ឱកាស អ្នកពាក់ព័ន្ធក្នុងខ្សែសង្វាក់តម្លៃ ទាំងមូលចាប់ពីក្រុមហ៊ុន ផលិតចំណីត្រី អ្នកផលិត អ្នកទិញ អ្នកលក់ដុំនិងរាយ និង វិស័យឯកជន បានមកជួបជុំគ្នាក្នុងការពិភាក្សារកដំណោះស្រាយផ្សេងៗផងដែរ។

កម្មវិធីនេះត្រូវបានបង្កើតថ្មីជាលើកដំបូង គឺជាឱកាសល្អមួយដើម្បីលើកកម្ពស់វិស័យវារីវប្បកម្ម បង្កើតគោលនយោបាយ និង យុទ្ធសាស្ត្រសម្រាប់សមាគមថ្មី និង បង្កើតដៃគូអាជីវកម្ម នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២០ ចំណែកឯថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០ នឹងផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសអំពីចំណី ការផ្តល់ចំណី ទីផ្សារ និង ការលក់កូនត្រីដល់តួអង្គវារីវប្បកម្មក្នុងខ្សែសង្វាក់ផលិតកម្ម ជាពិសេសអ្នកចិញ្ចឹមត្រីនៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង រាជធានីភ្នំពេញ។

ថ្លែងនៅកម្មវិធីសម្ភោធ សមាគមវារីវប្បករនៅកម្ពុជាលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា «គិតមកទល់ពេលនេះ រដ្ឋបាលជលផល ជួយសម្របសម្រួលបង្កើត សហគមន៍នេសាទបានចំនួន ៥១៦ (ទឹកសាប ៤៧៥ និងសមុទ្រ ៤១)។ បង្កើតកន្លែងអភិរក្សជលផលសរុបចំនួន ៦៧៧ បង្កើតស្រះជម្រកត្រីសហគមន៍ចំនួន ៨៩៥ បង្កើតកន្លែងបង្កាត់ភ្ញាស់ត្រីបានចំនួន ៣០៩ ក្នុងនោះ ២៦៩ កន្លែងជារបស់កសិករ»។

លោកបានបន្តថា «បច្ចុប្បន្ននេះ មានវារីវប្បករសរុបចំនួន ៤៦, ០០០ ក្នុងនោះគ្រួសារដែលធ្វើវារីវប្ប កម្មក្នុងស្រះសរុបចំនួន ៤១,៩៣៩ និងគ្រួសារធ្វើវារីវប្បកម្មក្នុងបែមានចំនួន ៤,០៦១។ ដោយសារកំណើននៃសេចក្តីត្រូវការផលចាប់ត្រីទាំងទឹកសាប និងសមុទ្រ ចាំបាច់ទាមទារឲ្យភាគីពាក់ព័ន្ធ ពិសេសសមាគមវារីវប្បករបង្កើនសមត្ថភាពចិញ្ចឹម បង្កាត់ពូជ ផលិតចំណី ថែរក្សា ការពារ និងអភិរក្ស ដើម្បីលើកម្ពស់ខ្សែច្រវាក់ផលិតកម្ម ការកែច្នៃ បង្កើនតម្លៃបន្ថែម និងចំណូលគ្រួសារ»។

ឆ្លើយតបតាមការចាំបាច់នេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឲ្យសមាគមត្រូវបន្តជំរុញ និងលើកកម្ពស់ការអភិវឌ្ឍវារីវប្បកម្មទាំងទឹកសាប និងសមុទ្រស្របតាម «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វារីវប្បកម្មឆ្នាំ ២០១៦-២០៣០» ។ លើកកម្ពស់ការចិញ្ចឹមត្រី ជាលក្ខណៈគ្រួសារទៅជា លក្ខណៈពាណិជ្ជកម្ម។ ត្រូវបង្កើនចំនួនមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រីដើម្បីធានាការផ្គត់ផ្គង់ពូជត្រី និងផ្សព្វផ្សាយបច្ចេកវិទ្យាសមស្របដល់វារីវប្បករឱ្យបានទូលំទូលាយ។ ត្រូវពង្រឹងសមត្ថភាពរបស់សហគមន៍នេសាទដែលបានបង្កើតរួច ឱ្យក្លាយជាសហគមន៍នេសាទគ្មានបទល្មើស ព្រមទាំងត្រូវពង្រឹងការ គ្រប់គ្រង និងការពារកន្លែងអភិរក្សជលផលឱ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវរួមគ្នាថែរក្សា ការពារព្រៃលិចទឹក និងព្រៃកោងកាងឱ្យបានគង់វង្ស។ សមាគមវារីវប្បករត្រូវបន្តកិច្ចសហការជាមួយរដ្ឋបាលជលផលក្នុងស្មារតីទទួលខុសត្រូវ។

សូមជម្រាបជូនថា ក្រៅពី លោករដ្ឋមន្រ្តី ក៏មានការចូលរួមពី លោកសុខ រ៉ាដែន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមវារីវប្បករកម្ពុជា លោក Jim Hershey នាយកគម្រោង CAST (សមាគមសណ្តែកសៀងសហរដ្ឋអាមេរិក) និងលោកស្រី Laura Cizmo អនុប្រធានការិយាល័យសន្តិសុខស្បៀង និងបរិស្ថាននៃទីភ្នាក់ងារជំនួយអាមេរិក (USAID) បានរំលេចឲ្យឃើញអំពីផលប្រយោជន៍ នៃគម្រោងអភិវឌ្ឍន៍វារីវប្បកម្មសម្រាប់និរន្តរភាព ពាណិជ្ជកម្ម ដែលគម្រោងនេះទទួលបានហិរញ្ញប្បទាន ពីក្រសួងកសិកម្មសហ រដ្ឋអាមេរិក ហើយវាកំពុងតែអនុវត្តដោយបានផ្តល់ផលជាផ្លែផ្កាគួរឲ្យកត់សម្គាល់ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថាតួនាទី ភារកិច្ច និងសមិទ្ធផលដែលសមាគមសម្រេចបាន ពិតជាបានចូល រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនបរិមាណផលចាប់មច្ឆជាតិពីវិស័យវារីវប្បកម្ម កាត់បន្ថយផលចាប់ពីប្រភពធម្មជាតិ ស្របតាមកំណើនប្រជាជន កំណើនតម្រូវការទីផ្សារ បង្កើតការងារនៅមូលដ្ឋាន បង្កើនប្រាប់ចំណូល និងធានាសន្តិសុខស្បៀងក្នុងគ្រួសារ ស្របពេលដែលវិស័យមួយ ចំនួនកំពុងប្រឈមនឹងវិបត្តិដោយសារជំងឺឆ្លងកូវីដ-១៩។

សូមបញ្ជាក់ជូនផងដែរថា ស្របពេលនឹងវិបត្តិកូវីដ ១៩ ដែលជះឥទ្ធិពលដល់ពិភពលោកក៏ដោយ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងកសិកម្ មរុក្ខាប្រមាញ់ និងនេសាទលើកកម្ពស់វារីវប្បកម្មនៅកម្ពុជា។ លើសពីនេះទៅទៀត រដ្ឋាភិបាលបានបញ្ចេញថវិកាចំនួន ៥០០.០០០ ដុល្លារនៅឆ្នាំនេះដើម្បីអភិវឌ្ឍវិស័យមួយនេះ ៕

អត្ថបទសរសេរ ដោយ