រាជធានីភ្នំពេញ ៖ លោកជំទាវ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២១ ខែកញ្ញានេះបានថ្លែងឲ្យដឹងថា លោកជំទាវសូមផ្តាំទៅបុគ្គល ដែលបានដើរ និងថតរូបជាមួយលោកជំទាវ ហើយយករូបថតទៅដាក់ជាប្រូហ្វាលហ្វេសប៊ុក ទៅដើរខ្ចីលុយគេ មិនសងហើយ យកឈ្មោះលោកជំទាវទៅគម្រាមគំហែងគេទៀត ដែលនេះជាទង្វើខុស ព្រោះបើជំពាក់លុយគេ ត្រូវយកទៅសងគេជាដាច់ខាត ។
លោកជំទាវ ហ៊ុន ស៊ីណាត តាមរយៈវីដេអូឃ្លីបរបស់លោកជំទាវប្រមាណ ៤០នាទី បានថ្លែងឲ្យដឹងថា ថ្ងៃទី២១ ខែកញ្ញានេះ លោកជំទាវមានប្រធានបទនិយាយ ពីនេះ ពីនោះ គឺមានពាក់ព័ន្ធដល់រូបលោកជំទាវផ្ទាល់ ពីរឿងអ្នកខ្លះប្រើប្រាស់រូបថត ដែលបានថតជាមួយលោកជំទាវ និងឈ្មោះលោកជំទាវទៅគម្រាមអ្នកដទៃ ឬយកឈ្មោះលោកជំទាវ ទៅប្រឡូកប្រឡាក់រឿងរត់ការពីនេះ ឬពីនោះ ទាំងដែលនោះជាទង្វើដែលលោកជំទាវស្អប់បំផុត ។
ប្អូនស្រីបង្កើតរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានបន្តថា «អ្នកខ្លះដើរជាមួយខ្ញុំថតរូប មានបញ្ហាជំពាក់លុយគេ» តែមិនព្រមសងគេ ។
លោកជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ៗថា «ថតជាមួយខ្ញុំ ខ្ញុំឲ្យថត មិនមែនឲ្យយកទៅគំរាមគំហែងគេ» ។
លោកជំទាវបានបន្ថែមថា ធម្មតាខ្ចីលុយគេ គឺត្រូវមានផ្តិតមេដៃរវាងអ្នកឲ្យគេខ្ចីលុយគេ និងអ្នកខ្ចីលុយគេ ដល់មានបញ្ហាបែរជាអត់ហ៊ានប្តឹងអ្នកខ្ចីលុយដែលគេចវេស មិនព្រមសង ដោយខ្លាចលោកជំទាវទៅវិញ ។
លោកជំទាវបានបញ្ជាក់ថា «ហេតុអីអ្នកឲ្យលុយគេខ្ចីនោះ គ្រាន់តែឃើញរូបប្រូហ្វាលជាមួយខ្ញុំ ហើយឃើញដើរជាមួយខ្ញុំហើយអត់ហ៊ានប្តឹងនោះ ខ្ញុំសួរ ច្បាប់គឺច្បាប់ នែ! ពិតមែនតែអ្នកឯងដើរជាមួយគ្នា តែអ្នកឯងដើរបោកគេ ខ្ញុំឯណាឲ្យអ្នកឯងទៅដើរបោកគេ ? ។ ខ្ញុំសួរ ? ខ្ញុំអត់មានឲ្យអ្នកឯងយករូបខ្ញុំ ទៅគម្រាមគំហែងគេ ហើយទៅរត់ការរឿងនេះ រឿងនោះ ថាខ្ញុំជាអ្នកឲ្យរត់ការ ។ អត់មានទេណា ខ្ញុំជម្រាបហើយ ខ្ញុំបានប្រាប់ហើយ ប្រាប់ទៀតថា ខ្ញុំអត់ចូលចិត្តទេ ភាពអយុត្តិធម៌ ភាពយកខ្នងគេទៅធ្វើស្រែបុណ្យ ខ្ញុំអត់ចូលចិត្តអ៊ីចឹងទេ ។
លោកជំទាវក៏បានក្រើនរម្លឹកថា «សូមបងប្អូន កូនក្មួយដែលជំពាក់លុយគេ មេត្តាយកទៅសងគេទៅ កុំយករូបប្រូហ្វាលខ្ញុំតូចមួយហ្នុង ហើយរូបថតសោះ រូបថតអត់វិញ្ញាណសោះ ហើយអ្នកឲ្យគេខ្ចី អីក៏ខ្លាចម្លឹងៗ» ។
លោកជំទាវបានបន្ថែមថា «អ៊ីចឹង អ្នកឯងបានថតរូបជាមួយថ្នាក់ដឹកនាំ អ៊ីចឹង អ្នកឯងដើរខ្ចីលុយគេហ្នឹង អ្នកឯងអត់សងគេទេ ។ វាម៉េច ? វាខុស ច្បាប់គឺច្បាប់ យកទៅសងគេទៅ… ហើយយករូបខ្ញុំ ទៅធ្វើអ៊ីចឹង ងាប់គេ ងាប់ឯង ងាប់ដោយទាំងខ្ញុំឯនេះ ដើរធ្វើបុណ្យសុខៗ បែរជាមកជាប់ពាក់ព័ន្ធរឿងអ៊ីចឹងដែរ ខ្ញុំអត់ចូលចិត្តទេ ។ មិនមែនអ្នកឯងមកដើរជាមួយខ្ញុំហើយ ខ្ញុំប្រើឲ្យអ្នកឯងទៅធ្វើបាបគេអ៊ីចឹងទេ ។ ចាំឲ្យច្បាស់ យាយប៉ិនេះ មិនមែនអ៊ីចឹងទេ ច្បាប់គឺច្បាប់ ហើយបើអ្នកឯងដើរធ្វើប្រព្រឹត្តអាក្រក់ហើយ កុំស្មានឲ្យសោះ ខ្ញុំចិញ្ច្រាំឲ្យទាល់តែខ្ទេច» ។
លោកជំទាវបានបន្ថែមទៀតថា មានរឿងច្រើនណាស់ រឿងផ្សេងទៀត រឿងលែងលះគ្នាក៏ដោយ រឿងដីធ្លីក៏ដោយ កុំបាញ់ផ្ញើព័ត៌មានទៅលោកជំទាវអី ព្រោះរូបលោកជំទាវមិនមែនជាអ្នកដោះស្រាយរឿងដីធ្លីទេ ដូច្នេះសូមបងប្អូនជូនព័ត៌មានទៅ ថ្នាក់ដឹកនាំដែលពាក់ព័ន្ធរឿងដីធ្លី ដូចជាលោកជំទាវ ម៉ែន សំអន ឯកឧត្តម ជា សុផារ៉ា និងឯកឧត្តម ប៊ិន ឈិន ជាដើម ។
លោកជំទាវ បានពោលបញ្ជាក់ម្តងហើយម្តងទៀតថា «ខ្ញុំរាល់ថ្ងៃ សុំតែដើរធ្វើបុណ្យទេ» ។ លោកជំទាវ បានស្នើអ្នកជំពាក់គេត្រូវសងគេ ហើយបញ្ឈប់សកម្មភាពអាក្រក់បែបនេះ ព្រោះលោកជំទាវ មិនបានទៅខ្ចីលុយ នរណានោះទេ ដល់ធ្វើអ៊ីចឹងទៅ វានាំឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់លោកជំទាវដែលជាប្អូនអ្នកធំផង ។
លោកជំទាវ បានបញ្ជាក់ថា «គេឆាតមកថា កូនធម៌ម៉ែឯង … បើហៅខ្ញុំ គោរពខ្ញុំជាម៉ែហើយ មេត្តាឲ្យខ្ញុំរស់បានស្រួល កុំយកខ្នងខ្ញុំទៅធ្វើអ៊ីចេ» ។ លោកជំទាវបានបន្តថាបើមិនយកទៅសងគេទេ នោះលោកជំទាវនឹងធ្វើការឡាយលើកទី ២ បង្ហាញឈ្មោះអ្នកដែលជំពាក់លុយគេមិនសង ហើយយករូបថតថតជាមួយលោកជំទាវទៅគម្រាមគំហែងគេ ។
ប្អូនស្រីបង្កើតសម្តេចនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា កុំណា! អ្នកណាដែលប្រើឈ្មោះថា ខ្ញុំកូនធម៌ជំទាវ ហ៊ុន ស៊ីណាត ទៅខ្ចីលុយគេ ហើយខាងនោះ (ម្ចាស់លុយ) ក៏ថា ឃើញគាត់ដើរជាមួយ ឃើញប្រូហ្វាលក៏ជាមួយ ឃើញស្អីក៏ជាមួយ ឥឡូវហ្នឹងគាត់អត់ហ៊ានប្តឹងទេ ឲ្យជួយធ្វើម៉េច ? ព្រោះបើប្តឹង ក៏គង់លោកជំទាវកាន់ជើងកូនធម៌នោះ ។
លោកជំទាវ ហ៊ុន ស៊ីណាត បានបន្តថា «មើលមុខយាយចាស់នេះ ឲ្យច្បាស់ ស្គាល់យាយចាស់នេះឲ្យច្បាស់ ថាយាយចាស់នេះមិនកាន់ជើងមនុស្សអាក្រក់ទេ ។ សុខចិត្តលាចេញពីតំណែង ដោយសារតែភាពអយុត្តិធម៌… ខ្ញុំអត់ចូលចិត្តទេ អាណាធ្វើខុស ជាប់គុកទៅ» ៕
សូមទស្សនាវីដេអូ មានដូចខាងក្រោមនេះ ៖
https://www.facebook.com/786365244831328/videos/373086313858649
ចែករំលែកព័តមាននេះ