ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រពន្ធ​ក៏​សុំ​លែង កូន​​ក៏ចែក​ឋាន​ចោល ​បុរសម្នាក់ធ្វើរឿងស្មានមិនដល់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​សង្ស័យ​មានវិបត្តិ​រឿង​ប្រពន្ធ​សុំ​លែងលះ ​ហើយ​កូន​ទើបតែ​​ចែកឋាន​ចោល​ទៀត ធ្វើ​ឱ្យ​​គាត់​​គិតខ្លី រហូត​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ ​ធ្លាក់​ទើរ​លើ​ដំបូលផ្ទះ​ជាន់​ទី​១​រមៀល​ធ្លាក់​ដល់​ជាន់​ផ្ទាល់​ដី​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០​…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​សង្ស័យ​មានវិបត្តិ​រឿង​ប្រពន្ធ​សុំ​លែងលះ ​ហើយ​កូន​ទើបតែ​​ចែកឋាន​ចោល​ទៀត ធ្វើ​ឱ្យ​​គាត់​​គិតខ្លី រហូត​សម្រេចចិត្ត​លោត​ពីលើ​ផ្ទះ​ជាន់​ទី​២ ​ធ្លាក់​ទើរ​លើ​ដំបូលផ្ទះ​ជាន់​ទី​១​រមៀល​ធ្លាក់​ដល់​ជាន់​ផ្ទាល់​ដី​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។

ហេតុការណ៍​ខាងលើនេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​​២០២០ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ​តាម​បណ្តោយ​ផ្លូវ​បេតុង​ ​​ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ​1 ខណ្ឌ​ឬ​ស្សី​កែវ ​​រាជធានីភ្នំពេញ ។

​ជនរងគ្រោះ​ឈ្មោះ​ម៉ាត យ៉ា​លី​ន ភេទប្រុស អាយុ​៣១​ឆ្នាំ ស្នាក់​នៅផ្ទះ​កើតហេតុ​ខាងលើ ។​

តាម​ប្រភព​ព័ត៌មាន​ពី​បុរស​ម្នាក់​ឈ្មោះ​សៀវ ពិសិដ្ឋ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​ គាត់​បានឮសំឡេង​​ប្រាវ​​នៅ​លើ​ដំបូល​ហើយ​ធ្លាក់​ចុះ​មក​ដល់​ដី​ លុះ​​គាត់​​ចេញ​ទៅ​មើល​ ​ស្រាប់តែ​ឃើញបុរស​​រងគ្រោះ​​ដួលដេក​នៅលើដីសន្លប់​ ​និង​រង​​របួស​បាក់​ចង្កេះ​យ៉ាង​​ធ្ងន់ធ្ងរ ។ ភ្លាម​ៗ​នោះ ​គាត់​ក៏​បាន​ទំនាក់ទំនង​ហៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ១​អោយ​ចុះ​មក​ជួយ​អន្តរាគមន៍​ និង​ទំនាក់ទំនង​ហៅ​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​​ឱ្យ​​ដឹក​យក​ជន​រង​គ្រោះ​យក​ទៅ​សង្គ្រោះ​ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ នៅពេល​ជន​រង​គ្រោះ​ធ្លាក់​ចុះ​មកដល់​​ដី​ភ្លាមៗ​មិន​ទាន់​សន្លប់​​នៅឡើយ​ទេ ខណៈនោះ​គាត់​ក៏​បាន​សួរនាំ​​ជន​រង​គ្រោះថា ​«ហេតុ​អី​បាន​លោត​ពីលើ​ផ្ទះ​បែប​នេះ?» ហើយ​បុរសរងគ្រោះ​បាន​និយាយ​ថា «មក​ពី​ពិបាកចិត្ត​ពេក​ ព្រោះ​ប្រពន្ធ​នៅ​ខេត្តបាត់ដំបង​បាន​សុំ​លែងលះ ហើយ​កូន​ទើបតែ​​ចែកឋាន​​ចោល​ទៀត» ។

ក្រោយ​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ ។​

សូម​បញ្ជាក់​ថា កន្លង​មក​ ​បុរស​​រង​គ្រោះ​ប្រើប្រាស់​ថ្នាំ​ញៀន​រហូត​ម្តាយ​ចាប់​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែដែរ​ តែដោយសារ​មិន​មាន​លទ្ធភាព​បង់ប្រាក់​ក៏​យក​ចេញ​មក​វិញ ​រួច​ហើយ​អោយមក​នៅផ្ទះ​វិញ​ជាមួយ​ម្តាយ​ និង​ប្អូនស្រី​ម្នាក់​ទៀត លុះមកដល់វេលាកើតហេតុ​ខាងលើ ​ស្រាប់តែ​បុរសរងគ្រោះ​សម្រេចចិត្ត​គិត​ខ្លី​លោត​ចុះពីលើផ្ទះ​ជាន់​ទី​២ ​បណ្តាល​ឱ្យ​​របួសធ្ងន់​តែ​ម្តង ។ ថ្វីដ្បិត​តែ​ជន​រង​គ្រោះប្រើប្រាស់​ថ្នាំ​ញៀនពិត​​មែន ប៉ុន្តែ​មិន​ដែល​រករឿង​អ្នក​ណា​នោះ​ទេ​ នៅពេល​មាន​វិបត្តិ​ផ្លូវចិត្ត​ មិន​មាន​អ្នក​ណា​ជួយ​ដោះស្រាយ​ ទើបបុរសរងគ្រោះ​​សម្រេចចិត្ត​គិត​ខ្លី​លោត​ពីលើ​ផ្ទះ​តែ​ម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ