ខេត្តប៉ៃលិន ៖ បន្ទាប់ពីមេឃធ្លាក់ភ្លៀងជាប់ៗគ្នាជាច្រើនថ្ងៃនាឱកាសភ្ជុំបិណ្ឌ បណ្តាលឱ្យក្លាយទៅជាជំនន់ហូរគំហុកក្នុងទិសដៅពីលិចទៅកើតធ្វើឱ្យលិចលំនៅស្ថានប្រជាពលរដ្ឋចំនួន២ភូមិ និងលិចដំណាំ ដាំដុះរបស់ពួកគាត់អស់មួយចំនួនផងដែរ ។
ហេតុការណ៍ភ្លៀងក្លាយទៅជាទឹកជំនន់នេះបានកើតឡើងនៅរសៀល ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងភូមិផ្ទះស្បូវ និងភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានបានឱ្យដឹងថា ដោយទទួលបានព័ត៍មានពីអាជ្ញាធរមូលដ្ឋានទើបក្រុមការងារតំណាងរាស្ត្រមណ្ឌលប៉ៃលិន ក្រុមយុវជន ស.ស.យ.ក. ខេត្ត និងអាជ្ញាធរខេត្ត ដែលដឹកនាំដោយលោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិនបានចុះត្រួតពិនិត្យស្ថានភាពទឹកជំនន់ និងណែនាំប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសត្វអាសិរពិស ជម្ងឺរោគាផ្សេងៗព្រមទាំងត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព បើសិនជាទឹកនៅតែបន្តជន់ខ្លាំងឡើងៗ ។ ប្រភពបន្តទៀតថា ជំនន់ទឹកភ្លៀងបានបណ្តាលឱ្យលិចលង់ដំណាំដាំដុះមួយចំនួន ហើយមិនទាន់ស្រកទៅវិញនៅឡើយទេ លុះត្រាតែរាំងភ្លៀងទៅវិញ ៕
ចែករំលែកព័តមាននេះ