រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនមួយក្រុមបាននាំគ្នាទៅជិះទូកទេសចរណ៍ ដើម្បីកម្សាន្តតាមដងទន្លេ និងបានផឹកស៊ីស្រវឹងផងដែរ ដោយមិនបានប្រយ័ត្ន បណ្តាលឲ្យបុរសជនជាតិចិនម្នាក់រអិលជើងធ្លាក់ចូលក្នុងទន្លេបាត់ស្រមោលតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការស្រាវជ្រាវរុករកកាលពីម៉ោង11និង15នាទីយប់ ថ្ងៃទី20 ខែកញ្ញា ឆ្នាំ2020 តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ នៅចំណុចមាត់ទន្លេទល់មុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុខាងលើនេះ គេបានឃើញជនជាតិចិនមួយក្រុមមានគ្នា4ទៅ5នាក់បាននាំគ្នាឡើងទៅជិះទូកទេសចរណ៍កម្សាន្តលេងតាមដងទន្លេ ដោយមានការផឹកស៊ីស្រវឹងស្រាផងដែរ ។
សាក្សីបន្តថា គ្រានោះ មានប្រុសជនជាតិចិនម្នាក់មិនបានប្រុងប្រយ័ត្ន ក៏ស្រាប់តែរអិលជើងធ្លាក់ចូលក្នុងទន្លេបាត់ស្រមោលតែម្តង ភ្លាមៗនោះផងដែរ មិត្តភក្តិផ្សេងទៀតរបស់បុរសជនជាតិចិនដែលជាជនរងគ្រោះបាននាំគ្នាផ្អើលឆោឡោពេញលើទូក និងបានជួលទូកអ្នកនេសាទ ថែមទាំងកាណូតរបស់សមត្ថកិច្ចផ្នែកចរាចរណ៍ផ្លូវទឹក ដើម្បីរុករកជនរងគ្រោះ ប៉ុន្តែដើររកយ៉ាងក៏រកមិនឃើញដែរ ដោយសារតែនៅមាត់ទន្លេមានខ្យល់ផង និងរលកទឹកទន្លេខ្លាំងផងនោះ ទើបធ្វើឱ្យការរុករកជាងមួយម៉ោងទៅហើយ មិនដឹងថា ជនរងគ្រោះរសាត់អណ្តែតទៅដល់ទីណានោះទេ ។
ក្រោយពេលកើតហេតុខាងលើនេះ សមត្ថកិច្ចនឹងធ្វើការស្រាវជ្រាវជាបន្តទៅទៀតនៅព្រឹកស្អែក គឺថ្ងៃទី២១ ខែកញ្ញានេះផងដែរ ៕








ចែករំលែកព័តមាននេះ