ស្ពាន​តា​ម៉ុ​ក​អន្លង់​វែង ត្រូវ​​​ប្រកាស​​អាសន្ន​​ហាម​ម៉ូតូ និង​រថយន្ត​តូច​ឆ្លង​កាត់


ខេត្តឧត្តរមានជ័យ ៖ ស្ពាន​តាម៉ុ​ក​អន្លង់​វែង ត្រូវ​បាន​ទឹក​លិច​២​ថ្ងៃ​មក​ហើយ ពេល​ក៏​ត្រូវ​បាន​ប្រកាស​អាសន្ន ហាមឃាត់​ម៉ូតូ និង​រថយន្ត​តូច​មិន​ឱ្យ​ឆ្លងកាត់​នោះ​ទេ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ ស្ថិត​ឃុំ​-​ស្រុក​អន្លង់​វែង​។

បើ​តាម​លោក ស៊ា​ង សុខ​ហេង មន្ត្រី​ការិយាល័យ​ស្រុក​អន្លង់​វែង បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែកញ្ញា​នេះ​ថា ស្ពាន​តា​ម៉ុ​ក​អន្លង់​វែង ត្រូវ​ទឹក​លិច​រយៈពេល​២​ថ្ងៃ​មក​ហើយ ដែល​មានកំ​ពស់​ទឹក​លើ​ស្ពាន​ជាង​កន្លះ​ម៉ែត្រ និង​ទឹក​ក្នុង​អាង និង​ស្ទឹង​មានកំ​ពស់​រហូត​ដល់​៧​ម៉ែត្រ​ឯណោះ ។ ហើយ​ត្រូវ​បាន​អាជ្ញាធរ​ស្រុក ប្រកាស​អាសន្ន​ហាមឃាត់​មិន​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់ ព្រមទាំង​ម៉ូតូ និង​រថយន្ត​តូច​ក៏​ត្រូវ​បាន​ហាមឃាត់​ដែរ ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ ព្រោះ​ទឹក​កំពុង​ហូរ​កាត់​លើ​ស្ពាន​ខ្លាំង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មាន​ភ្លៀង​ធ្លាក់​រយៈពេល​២​ទៅ​៣​ថ្ងៃនេះ ទឹក​ពីលើ​ចូល​អាង បណ្តាល​ហូរ​កាត់​ស្ពាន​តា​ម៉ុ​ក ចាប់ពី​ល្ងាច​ថ្ងៃ​ទី​១៩ ដល់​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២០​នេះ ដែល​មានទឹក​លើ​ស្ពាន​កំពស់​ជាង​កន្លះ​ម៉ែត្រ ទឹក​អាង ​និង​ស្ទឹង​ស្រុក​អន្លង់​វែង មាន​កម្ពស់​ជាង​៧​ម៉ែត្រ នឹង​ត្រូវ​បាន​ប្រកាស​អាសន្ន​បិត​មិន​ឱ្យ​ម៉ូតូ និង​រថយន្ត​តូច​បើក​ឆ្លងកាត់​ឡើយ ហើយ​អនុញ្ញាតិ​ឱ្យ​តែ​រថយន្ត​ធុន​ធំ​ឆ្លងកាត់​តែ​ប៉ុណ្ណោះ តែ​បើសិនជា​ភ្លៀង​នៅ​បន្ត​ធ្លាក់​ទៀត គឺ​ត្រូវ​បាន​បិទ​ទាំងស្រុង​តែ​ម្តង មិន​ឱ្យ​ឆ្លងកាត់​ឡើយ ដែល​កំពុង​ការពារ​ដោយ​កម្លាំង​នៅ​ក្បាលស្ពាន​ទាំង​សងខាង​។

លោក ស៊ា​ង សុខ​ហេង បាន​បញ្ជាក់​ថា ស្ពាន​តា​ម៉ុ​ក​អន្លង់​វែង បាន​លិច​២​លើក​មក​ហើយ​នៅ​ឆ្នាំ​២០២០​នេះ គឺ​នៅ​អំឡុង​ខែកក្កដា ឆ្នាំ​២០២០ បាន​លិច​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ក៏​ស្រក​ទៅ​វិញ ។ នេះ​ជា​លើក​ទី​២ ដែល​លិច​រយៈពេល​២​ថ្ងៃ រហូត​ដល់​ថ្ងៃ​ទី​២០ ខែកញ្ញា នេះ ក៏​ត្រូវ​បាន​ប្រកាស​អាសន្ន​ហាមឃាត់​ម៉ូតូ និង​រថយន្ត​តូច​មិន​ឱ្យ​ឆ្លងកាត់​ឡើយ ដោយសារ​តែ​ទឹក​ហូរ​កាត់​ខ្លាំង​ពេក ដើម្បី​ការពារ​សុវត្ថិភាព​អ្នកដំណើរ បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​រយៈពេល​៣​ទៅ​៤​ថ្ងៃ ទឹក​អាច​ស្រក​វិញ​នោះ នឹង​អាច​ធ្វើ​ចរាចរណ៍​ទៅ​មក​បាន​វិញ​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ