ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​សម្រាក​ភ្ជុំបិណ្ឌ​! ទៅ​លេងភ្នំ​ឈ្ងោកឃើញ​ទេសភាព​ព្រៃ ​និង​ភ្នំ ៣៦០​អង្សារ

3 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៩ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហារ ភ្នំ​ឈ្ងោក ស្ថិត​នៅ​ខាងស្តាំ​ដៃ ត្រង់​បង្គោល​ថ្ម​លេខ ៥០៣ មាន​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម…

ខេត្តស្ទឹងត្រែង ៖ បើ​យើង​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៩ ពី​ខេត្តស្ទឹងត្រែង​ឆ្ពោះទៅ​ខេត្តព្រះវិហារ ភ្នំ​ឈ្ងោក ស្ថិត​នៅ​ខាងស្តាំ​ដៃ ត្រង់​បង្គោល​ថ្ម​លេខ ៥០៣ មាន​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម បត់​ចូល​រួច​បន្តដំណើរ​រហូត​ទៅ​ដល់​ភ្នំ​ឈ្ងោក (​ជិត​ដល់​ភ្នំ​មាន​ផ្លូវ​លំបាក​បន្តិច តែ​រថយន្ត​អាច​ទៅ​បាន សូមកុំ​បោះបង់​រួច​បន្តដំណើរ​ប្រមាណ​២០០​ម៉ែត្រ អ្នក​នឹង​ទៅ​ដល់​)​។ នៅ​ពេល​ទៅ​ដល់ មាន​អ្នក​ភូមិ​នៅ​រង់ចាំ​ស្វាគមន៍​យ៉ាង​រាក់ទាក់ ហើយ​ពួក​គាត់​ជា​យុវជន​ជនជាតិ​ដើម​ភាគតិច​(​កួយ​)​។ គាត់​នឹង​ជូន​ទៅ​កន្លែង​សំខាន់​ៗ​ដូច​ខាងលើ​។

ភ្នំ​នេះ​ជា​ប្រភេទ​ភ្នំ​ថ្ម​ស (​កំបោរ​) និង​ជា​កន្លែង​ទាក់ទាញ​សម្រាប់​អ្នក​ចូល​ចិត្ត​ធម្មជាតិ និង​វប្បធម៌ និង​ឡើង​ភ្នំ​។ ការ​អញ្ជើញ​មក​ភ្នំ​នេះរ​បស់បង ប្អូន​ជនរួមជាតិ​គឺ មាន​ន័យ​ណាស់​ក្នុង​ការ​ជួយ​លើក​ស្ទួយ​ជីវភាព​របស់​សហគមន៍​តំបន់​នោះ នៅ​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ចូលរួម​ដល់​ការ​អភិរក្ស​ធម្មជាតិ​។
ភ្នំ​នេះ​មាន​អត្តសញ្ញាណ​ពិសេស​របស់​ខ្លួន​រួម​មាន​៖

១.​ទេសភាព​សមុទ្រ​ឈើ​បី​ដំណាក់​៖ ដំណាក់​ខ្ពស់​បំផុត​នៅ​លើ​កំពូលភ្នំ​ដែល​អាច​មើលឃើញ​ទេសភាព​៣៦០​អង្សារ និង​ភ្នំ​ធំ , ២.​ជ្រលង​ភ្ជាប់​និស្ស័យ​, ៣.​ល្អាង​អូន​, ៤.​ល្អាង​បង​, ៥.​ល្អាង​ទឹក​ចេញ , ៦.​ល្អាង​សត្វ​ប្រចៀវ , ៧.​ល្អាង​ខ្លា​កូនក្រមុំ​(​មាន នាង​ក្រមុំ​ម្នាក់​ថែរក្សា​កូន​ខ្លា​ក្នុង​ល្អាង​នោះ​) , ៨.​ពពួកសត្វ​ដូច​ជា​ប្រចៀវ ស្វា និង​៩.​ពពួក​រុក្ខជាតិ​ដូច​ជា ដើម​ស្រឡៅ ចន្ទ​ភ្នំ រកា ជ្រៃ ដំបងយក្ស ពោធិ៍ រលួស សំរោង​។

ភ្នំ​ឈ្ងោក​ស្ថិត​នៅ​ត្រង់​ចំណុច​ដែល​មាន​រយៈទទឹង (១៣° ៤៦’ ៣៨.៥២៩៨៣៩០០”) និង​រយៈបណ្តោយ​(១០៥° ៤៤’ ៥៤.២២៣៤៣៩៩៩”) ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ឆ្វាំ​ង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត ខេត្តស្ទឹងត្រែង ប្រមាណ​៤៤ គីឡូម៉ែត្រ​ពី​ក្រុង​ស្ទឹង​ត្រែង​។
សូម​ជម្រាប​ថា មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​កួយ​ប្រមាណ​ជាង​៣០០​គ្រួសារ​រស់នៅ​ក្បែរ​ភ្នំ​នេះ ហើយ​ចងក្រង​ជា​សហគមន៍​មើលថែ​រក្សា និង​ការពារ​ធនធានធម្មជាតិ​នៅ​តំបន់​ភ្នំ​នេះ​រួម​ទាំង​ភ្នំ​ឱ្យ​បាន​គង់វង្ស​។

យោង​តាម​ក្រុមការងារ​ក្រសួងបរិស្ថាន បាន​ថត​នៅ​ថ្ងៃ​ទី​០៩.០៩.២០២០ និង​សូម​បន់ស្រន់​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ឱ្យ​ពលរដ្ឋ​កម្ពុជា​គ្រប់​រូប​ទាំង​ក្នុង និង​ក្រៅប្រទេស​ជួប តែ​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​កូ​វី​ដ​-១៩ និង​មាន​សុភមង្គល​កុំបី​ឃ្លៀងឃ្លាត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ