ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ទៅ​ខេត្តបន្ទាយមានជ័យ​កុំ​ភ្លេច​ឆៀង​ចូល​ងូតទឹក​លេងនិង​ទស្សនា​សត្វ​ស្លាប​កម្រ​នៅ​រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​នៅ​ទិសឦសាន​នៃ​ខេត្តបន្ទាយមានជ័យ គ្របដណ្តប់​ដោយ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង ភូមិ​សំបូរ និង​ភូមិ​ពង្រ ក្នុង​ឃុំ​ប៉ោយ​ចារ

ខេត្តបន្ទាយមានជ័យ ៖ រមណីយដ្ឋាន​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​នៅ​ទិសឦសាន​នៃ​ខេត្តបន្ទាយមានជ័យ គ្របដណ្តប់​ដោយ​ភូមិ​ចំនួន​៣ គឺ​ភូមិ​ត្រពាំង​ថ្ម​ខាងជើង ភូមិ​សំបូរ និង​ភូមិ​ពង្រ ក្នុង​ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ជាប់​ខេត្តសៀមរាប និង​ឧត្តរមានជ័យ ។  អាង​ត្រពាំង​ថ្ម​មាន​វិសាលភាព​ធំ ផ្ទៃ​ទឹក​ល្ហល្ហេវ​ដាច់​កន្ទុយភ្នែក និង​ជា​ដែន​ជម្រក​សត្វ​ច្រើន​ប្រភេទ ។

ផ្លូវ​ចូល​ទៅ​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ បន្ទាយ​មាន​ជ័យ​-​សៀមរាប​ត្រង់​ភូមិ​ព្រៃ​មាន់ ឃុំ​រហាល ស្រុក​ព្រះនេត្រព្រះ ជា​ផ្លូវ​ក្រាល​កៅស៊ូ​បើកបរ​ងាយស្រួល​មាន​ប្រវែង​២៣​គីឡូម៉ែត្រ ។

អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ឱ្យ​ដឹង​ថា អាង​ត្រពាំង​ថ្ម​ជា​ស្នាដៃ​បន្សល់​ទុក​ពី​សម័យ​ប៉ុ​ល ពត ប៉ុន្តែ​មាន​ផ្លូវ​បុរាណ​បន្សល់​តាំងពី​សម័យ​ដើម​ដែល​ត​ភ្ជាប់​តាំងពី​ប្រាសាទបន្ទាយឆ្មារ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​កាន់​ប្រាសាទអង្គរវត្ត​ចំ​ទំនប់​បារាយណ៍​ប៉ែក​ខាងជើង​នៅ​ខេត្តសៀមរាប ។
អាង​ត្រពាំង​ថ្ម​ពី​អតីតកាល​ជា​ដីស្រែ ប៉ុន្តែ​ក្នុង​របប​ប៉ុ​ល​ពត​ពួក​ខ្មែរក្រហម​បាន​កេណ្ឌ​ប្រជាពលរដ្ឋ​លើកដី​បន្ថែម​លើ​ផ្លូវ​បុរាណ​ទើប​ក្លាយជា​អាង​ស្តុក​ទឹក និង​ហៅ​ថា​អាង​ត្រពាំង​ថ្ម ។

លោក​ប៉េង ប៊ុ​ន​ថា​រ៉ា មេឃុំ​ប៉ោយ​ចារ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​នេះ​ថា អាង​ត្រពាំង​ថ្ម​មាន​ទទឹង​១០​គីឡូម៉ែត្រ និង​បណ្ដា​យ​១៣​គីឡូម៉ែត្រ ។ នៅ​ជាប់​អាង​ត្រពាំង​ថ្ម​មាន​សហគមន៍​ទេសចរណ៍ធម្មជាតិ និង​តំបន់​អភិរក្ស​សត្វ​ក្រៀល​ដើម្បី​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ទស្សនា ។ សត្វ​ចម្រុះ​ជា​ច្រើន​ប្រភេទ​បាន​បណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក និង​ខ្លះ​នៅ​តាម​មាត់ទឹក​ដើរ​រក​ចំណី ឯ​ខ្លះ​ហោះហើរ​លើ​អាកាស​គួរ​ឲ្យ​គយគន់​គាប់​ភ្នែក​ក្រៃ​លែង ។

លោក​សុខ ឫ​ទ្ធី ប្រធាន​ក្រុម​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំង​ថ្ម​របស់​ក្រសួងកសិកម្ម​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា​តំបន់​អភិរក្ស​សត្វ​ក្រៀល​អាង​ត្រពាំង​ថ្ម​បង្កើត​ឡើង​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ។ ចំណែក​សហគមន៍​ទេសចរណ៍ធម្មជាតិ​ទើបតែ​បង្កើត​ឡើង​៣​ឆ្នាំ​ប៉ុណ្ណោះ ។
សត្វ​ដែល​កំពុង​ស្ថិត​ក្រោម​ការ​អភិរក្ស​បច្ចុប្បន្ន​មាន​ចំនួន​១៨៦​ប្រភេទ ក្នុង​នោះ​សត្វ​កម្រ​មាន​១៩​ប្រភេទ មាន​សត្វ​ស្លាប​១៨​ប្រភេទ និង​សត្វ​រមាំង​១​ប្រភេទ ។ សត្វ​កម្រ​ជា​ប្រភេទ​សត្វ​ស្លាប រួម​មាន​សត្វ​ក្រៀល​,ត្រដក់​ធំ​, ត្រដក់​តូច​, ម​ង្គ​ត់​ខ្មៅ​, ត្រយង​ចង្កំកស​, ត្រយង​ខ្មៅ​រលោង​, ទុង​ប្រផេះ​, ខ្សឹប (​អូត
មហាចោរ​), អក​ខ្មៅ​ដី​សើម​, អក​ត្រី​កម្រ​, ត្មាតភ្លើង​, រនាល​ពណ៌​, រនាល​ស និង ក្ង​ចំពុះ​ស្លាបព្រា​ជាដើម​។ លោក​សុខ ឫ​ទ្ធីបញ្ជាក់​ថា ក្នុង​ចំណោម​សត្វ​ស្លាប​ទាំង​១៨ប្រភេទ​នោះ​មាន​សត្វ​១​ប្រភេទ​ឈ្មោះ «​ក្ង​ចំពុះស្លាបព្រា​» ជា​សត្វ​កម្រ​នៅ​លើ​ពិភពលោក ហើយនៅ​ប្រទេស​កម្ពុជា​យើង​ទើបតែ​ប្រទះ​ឃើញ​តែ​១​ក្បាល​គត់​នៅ​តំបន់​អភិរក្ស​អាង​ត្រពាំង​ថ្ម ។

ទំនប់​អាង​ត្រពាំង​ថ្ម​ពេល​នេះ​កែ​លម្អ​ក្រាល​កាប៊ី​យ៉ុ​ង​រាយ​សំណាញ់​ដែក​ពីលើ​ទទឹង​៨​ម៉ែត្រ​និង​មាន​បណ្ដោយ​៣១០០​ម៉ែត្រ និង​កំពុង​អភិវឌ្ឍន៍​បន្ត​ដែល​តាម​មន្ត្រី​មួយ​រូបតំណាង​ឲ្យ​ក្រសួង​ធនធានទឹក​ប្រាប់​ថា​ជា​ប្រាក់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB)​តាម​រយៈ​ក្រសួង​ធនធានទឹក​។

លោក​ប៉េង ប៊ុ​ន​ថា​រ៉ា មេឃុំ​ប៉ោយ​ចារ​បញ្ជាក់​ថា រមណីយដ្ឋាន​ទេសចរណ៍​អាង​ត្រពាំង​ថ្ម​មុន​ឆ្នាំ​១៩៩៨​ពុំ​មាន​អ្នកទេសចរ​ទៅ​លេង​ទេ ប៉ុន្តែ​ចាប់ពី​ក្រោយ​ឆ្នាំ​១៩៩៨​មក អាង​ត្រពាំង​ថ្ម​ចាប់ផ្ដើម​មាន​អ្នកទេសចរ​ទៅ​ទស្សនា​កើន​ឡើងជា​បន្តបន្ទាប់ ។ កាលពីមុន​ការ​ធ្វើ​ដំណើរ​របស់​អ្នកទេសចរ​ទៅ​កាន់​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម​ប្រើប្រាស់​ពេលវេលា​រហូត​ដល់​ទៅ​១​ម៉ោង​កន្លះ ឬ​ជិត​២​ម៉ោង ប៉ុន្តែ​ក្រោយ​ពី​ផ្លូវ​ក្រាល​កៅស៊ូ​រួច​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន​ទេសចរណ៍​អាង​ត្រពាំង​ថ្ម​ប្រើប្រាស់​ពេល​ត្រឹមតែ​២០​នាទី ឬ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ។

ពេល​មាន​ពិធីបុណ្យ​ជាតិ ម្ដង​ៗ​រមណីយដ្ឋាន​អាង​ត្រពាំង​ថ្ម​មាន​អ្នកទេសចរ​ទៅ​កម្សាន្ត​រាប់​ពាន់​នាក់ ។ អាង​ទឹក​មួយ​នេះ​ធ្វើ​ឲ្យ​អ្នក​រស់នៅ​ទីនោះ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង ព្រោះ​អាច​ធ្វើស្រែ​ប្រាំង និង​វស្សា​មួយ​ឆ្នាំ​២​ទៅ​៣​ដង ព្រមទាំង​ដាំ​ដំណាំ​ឪឡឹក​សរុប​ប្រហែល​៣០០​ហិ​កតា​សម្រាប់​ប្រជាពលរដ្ឋ​ប្រហែល​២០០​គ្រួសារ​ក្នុង​ឃុំ ។ លើស​ពី​នេះ អ្នក​ភូមិ​ប្រកប​របរ​ផ្នែក​ទេសចរណ៍​នៅ​អាង​ប្រ​ពាំង​ថ្ម​ថែម​ទៀត ៕