ខេត្តស្វាយរៀង ៖ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ធ្វើសកម្មភាពប្លន់យកម៉ូតូទាំងព្រឹកតែព្រះមិនជួយត្រូវសមត្ថកិច្ចស្ទាក់ និងដេញតាមបង្ក្រាបដេញធ្លាក់វាលស្រែក្របួចបានម្នាក់ ប្រជាពលរដ្ឋដាក់មួយដៃមួយជើងបែកឈាមមាត់ ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរធ្វើសកម្មភាពប្លន់នេះកើតឡើងនៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៦និង០០នាទីព្រឹក នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដោយមានជនសង្ស័យ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ប្រដាប់ដោយអាវុធខ្លីម៉ាករ៉ូឡូ ពណ៌ស ធ្វើសកម្មភាពចូលភ្ជង់យកម៉ូតូ០១ គ្រឿង ម៉ាកហុងដា C125 ពណ៍ខ្មៅ ស៊េរីឆ្នាំ2020 ពាក់ស្លាកលេខ ស្វាយរៀង 1P-5053 ពីជនរងគ្រោះឈ្មោះ វរ័ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ដែលជនរងគ្រោះបំរ៉ុងជិះចេញពីផ្ទះទៅផ្សារក៏ត្រូវជនសង្ស័យផ្ជង់យកតែម្តង ។

ប្រភពបន្តទៀតថា ក្រោយធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេច ក្រុមចោរបានជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ១៣ ឆ្នោះទៅទិសខាងជើងជនរងគ្រោះបានប្តឹងសមត្ថកិច្ចភ្លាមៗឲ្យជួយអន្តរាគមន៍ ។ ក្រោយពីទទួលពាក្យបណ្តឹងសមត្ថកិច្ចបានរាយការណ៍ជូនលោកស្នងការនគបាលខេត្តស្វាយរៀងជ្រាប ។

ភ្លាមៗនោះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត កម្លាំងនគរបាលស្រុករមាសហែក ដឹកនាំដោយលោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានចេញអន្តរាគមន៍ភ្លាមៗ ដេញតាមក្រុមចោរ និងដាក់កម្លាំងពួនស្ទាក់តាមគោលដៅសំខាន់ៗ រហូតដល់ត្រង់ចំណុចភូមិមុន្នីប្រឹក្សា ឃុំត្រស់ ស្រុករមាសហែក កម្លាំងនគរបាលបានបើករថយន្តកៀរបក្សពួកចោរម្នាក់ ដែលកំពុងបើកម៉ូតូដែលទើបភ្ជង់យកបានពីជនរងគ្រោះ ហើយចោរបានបាញ់តដៃសំដៅលើរថយន្តនគរបាលចំនួន០៣គ្រាប់ ហើយនគរបាលយើងក៏បើករថយន្តបំបុកម៉ូតូពីក្រោយ បណ្តាលអោយដួល និងជ្រុះអាវុធនៅលើថ្នល់ រួចហើយជនសង្ស័យក៏រត់ចូលផ្ទះប្រជាពលរដ្ឋទៅទិសខាងកើត ហើយត្រូវបានកម្លាំងនគរបាលហ៊ុំព័ទ្ធចាប់ជនល្មើសបាន០១នាក់ ឈ្មោះរ៉ាត់ សារ៉ាន់ ហៅចុន រ៉ាន់ ហៅតឿ អាយុ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងផ្លុងស្រុកពញាក្រែក ខេត្តត្បួងឃ្មុំ និងដកហូតម៉ូតូវត្ថុតាងបានមកវិញ។

ចំណែកជនសង្ស័យ ម្នាក់ទៀត បានបើកម៉ូតូរត់គេចខ្លួនបាត់ស្រមោល ទោះបីយ៉ាងណាសមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់ទៀត យកមកផ្តន្ទាទោសឲ្យខាងតែបាន ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុង កសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕



ចែករំលែកព័តមាននេះ