ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​អំពាវនាវ​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អាក្រក់​មួយ​រវាង​អា​មេ​រិ​ក និង​អីុរ៉​ង់

9 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​៣ មីនា បាន​អំពាវនាវ​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​អាក្រក់​មួយ​ស្តី​ពី​នុយក្លេអ៊ែរ​ជាមួយ​អីុរ៉​ង់ ដោយ​គូសបញ្ជាក់​ថា

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ កាលពី​ថ្ងៃ​ទី​៣ មីនា បាន​អំពាវនាវ​ឱ្យ​បដិសេធ​កិច្ចព្រមព្រៀង​អាក្រក់​មួយ​ស្តី​ពី​នុយក្លេអ៊ែរ​ជាមួយ​អីុរ៉​ង់ ដោយ​គូសបញ្ជាក់​ថា កិច្ចព្រមព្រៀង​បែប​នេះ​នឹង​អនុញ្ញាត​ឱ្យ​អីុ​រ៉​ង់​ផលិត​គ្រាប់បែកនុយក្លេអ៊ែរ ។

នៅ​មុខ​សភា​អា​មេ​រិ​ក មេដឹកនាំ​អីុ​ស្រា​អែ​ល​ដែល​ប្រកាន់​ជំហរ​រឹង​បំផុត​ចំពោះ​អីុ​រ៉​ង់​ថ្លែង​ថា យើង​ពិតជា​ប្រកាន់​ជំហរ​ល្អ បើ​គ្មាន​កិច្ច​ព្រម ព្រៀង​អាក្រក់​មួយ​ជាមួយ​អីុ​រ៉​ង់ ។ នៅ​មុខ​សភា​អា​មេ​រិ​ក​លោក​បេន​ចា​មីន នេ​តាន់​យ៉ា​ហ៊ូ បាន​ថ្លែង​សុន្ទរកថា​មួយ​អំពី​រឿង​នេះ​ដែល​បង្ហាញ​ពី​ភាព​តានតឹង​ថ្មី​នៃ​ទំនាក់ទំនង​រវាង​អីុស្រា​អែ​ល និង​អា​មេ​រិ​ក ។

នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​អះអាង​ថា ប្រសិនបើ​ការ​ចរចា​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ចុង​ក្រោយ​មួយ ប្រការ​នេះ​នឹង​មាន​ន័យ​ថា ជា​ការ​ធ្វើ​សម្បទាន​ចម្បង​នានា​ចំពោះ​អីុ​រ៉​ង់​ដែល​នឹង​អនុញ្ញាត​ឱ្យ​ប្រទេស​នេះ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​ដ៏​ទូលំទូលាយ រួច​អាច​ឱ្យ​អីុ​រ៉​ង់​មាន​គ្រាប់បែកនុយក្លេអ៊ែរ​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ រួម​ទាំង​ការ​លុប​ចោល​រាល់​ការ​រិ​ត​ត្បិត​លើ​កម្មវិធី​នុយក្លេអ៊ែរ​អីុ​រ៉​ង់​រយៈពេល​១០​ឆ្នាំ​ទៀត ។

លោក​នេ​តាន់​យ៉ា​ហ៊ូ ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​នេះ​នៅ​សភា​អា​មេ​រិ​ក របៀប​ជា​ការ​ប្រឈម​មុខ​មួយ​ជាមួយ​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ពេល​ដែល​ក្រុង​វ៉ា​ស៊ី​ន​តោន និង​ក្រុង​តេ​ហេ​រ៉​ង់​ធ្វើការ​ចរចា​គ្នា​នៅ​ប្រទេស​ស្វ៊ី​ស ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជា​ស្ថាពរ​មួយ​នា​ចុងខែ​មីនា ចំពោះ​បញ្ហា​នុយក្លេអ៊ែរ​អីុ​រ៉​ង់ ។

ប្រធានាធិបតី​អា​មេ​រិ​ក​ដែល​មាន​ទំនាក់ទំនង​ពុំ​សូវ​ស៊ី​ខ្សែ​គ្នា​ជាមួយ​នាយក​រដ្ឋមន្ត្រី​អីុ​ស្រា​អែ​ល​នោះ បាន​បដិសេធ​មិន​ជួប​ជាមួយ​លោក​នេ​តាន់​យ៉ា​ហ៊ូ ឡើយ ដោយ​ចាត់​ទុក​សុន្ទរកថា​របស់​មេដឹកនាំ​អីុ​ស្រា​អែ​ល​ក្នុង​សភា​អា​មេ​រិ​កថា គ្មាន​អ្វី​ថ្មី ហើយនឹង​ពុំ​ផ្តល់​ច្រកចេញ​គួរ​ឱ្យ​ជឿជាក់​ណាមួយ​ដែរ ។ កាលពី​ថ្ងៃ​ទី​២ មីនា លោក​អូ​បា​ម៉ា ដែល​មិន​ខ្ចី​រវល់​នឹង​សុន្ទរកថា​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ បាន​ចោទប្រកាន់​មេដឹកនាំ​អីុ​ស្រា​អែ​ល​រូប​នេះ​ថា តាំង​តែ​ពី​មុន​មក​យល់​ច្រឡំ​លើ​ភាព​ត្រឹមត្រូវ​នៃ​ដំណោះស្រាយ​មួយ​រវាង​ក្រុម​ប្រទេស​មហាអំណាច និង​អីុ​រ៉​ង់ ។

ចំណែក​អ្នកនាំពាក្យ​ក្រសួងការបរទេស​អីុ​រ៉​ង់​វិញ​ថ្លែង​ថា សុន្ទរកថា​របស់​លោក​នេ​តាន់​យ៉ា​ហ៊ូ​នោះ​ពោរពេញ​ដោយ​ពាក្យ​បោក​បញ្ឆោត​។ អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា សុន្ទរកថា​របស់​ប្រមុខ​រដ្ឋាភិបាល​អីុិ​ស្រា​អែ​ល ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ និង​ភាព​ឯកោ​របស់​ពួក​រ៉ា​ឌី​កាល់​នៅ​អីុ​ស្រា​អែ​ល ព្រមទាំង​ការ​ពិត​ពី​ការ​ខំប្រឹង​ប្រែង​របស់​ពួក​គេ​សំដៅ​បង្កើន​ឥទ្ធិពល​លើ​នយោបាយ​អន្តរជាតិ ៕