រាជធានីភ្នំពេញ ៖ បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ទើបតែត្រឡប់មកពីធ្វើការនៅប្រទេសម៉ាឡេស៊ីបាន២ថ្ងៃបានធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារត្រូវបានក្រុមគ្រួសាររកឃើញសព និងស្រង់ឡើងលើគោកកាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៤ មីនា ២០១៥ បន្ទាប់ពីលោតសម្លាប់ខ្លួនបានមួយយប់។
បុរសរងគ្រោះឈ្មោះទរ៉ស មានហ្សូនីយ៉ា ហៅរ៉ូនី អាយុ២១ឆ្នាំ ជាជនជាតិខ្មែរអ៊ិស្លាមទៅធ្វើការនៅប្រទេសម៉ាឡេស៊ី បច្ចុប្បន្នស្នាក់នៅជាមួយម្តាយមីងនៅភូមិទី២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
តាមការឱ្យដឹងពីស្ត្រីឈ្មោះសុះ រ៉ូហ៊ីម៉ាស អាយុ៤៦ឆ្នាំ ជាអនុប្រធានភូមិ២ និងត្រូវជាម្តាយមីងសពជនរងគ្រោះបានឱ្យដឹងថា ក្មួយប្រុសរបស់អ្នកស្រីត្រូវឪពុក ម្តាយបញ្ជូនពីប្រទេសម៉ាឡេស៊ីមកកម្ពុជានៅថ្ងៃទី២ មីនា ហើយនៅវេលាម៉ោង១ និង៤៥នាទីរសៀល ថ្ងៃទី៣ មីនា ក្មួយរបស់អ្នកស្រីបានធ្វើដំណើរទៅលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារលិចបាត់។
អ្នកស្រីបន្តថា ភ្លាមៗអ្នកស្រីមិនបានដឹងទេ ទើបតែទទួលដំណឹងនៅពេលល្ងាចថាក្មួយលោតទឹកសម្លាប់ខ្លួន លុះព្រឹកឡើងវេលាម៉ោង៧ និង៣០នាទី ថ្ងៃទី ៤ មីនា នេះទើបអ្នកស្រីហៅបងប្អូនរកគេជួយស្រង់សពពីក្នុងទឹក។
ចំពោះមូលហេតុដែលជនរងគ្រោះធ្វើអត្តឃាតនេះ ត្រូវស្ត្រីជាម្តាយមីងប្រាប់ឱ្យដឹងថា ដោយសាររូបគេពិបាកចិត្តនឹងឪពុក ម្តាយដណ្តឹងប្រពន្ធនៅកម្ពុជាឱ្យ តែរូបគេមិនស្រឡាញ់ ព្រោះគេបានស្រឡាញ់នារីម្នាក់ដែលនៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាមួយគ្នា។ តាំងពីនោះមករូបគេចេះតែពិបាកចិត្តរហូតធ្លាក់ខ្លួនមានជំងឺសរសៃប្រសាទ ហើយធ្លាប់ប៉ុនប៉ងសម្លាប់ខ្លួននៅប្រទេសម៉ាឡេស៊ីដូចជាចង.ក រត់ចូលឡាន ជាច្រើនលើកហើយ តែមិនបានសម្រេច ទើបគ្រួសារបញ្ជូនមកព្យាបាលនៅកម្ពុជាវិញ មិននឹកស្មានថា មកដល់កម្ពុជា គេធ្វើអត្តឃាតទេ៕
ចែករំលែកព័តមាននេះ