រាជធានីភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ពិតជាមានសារសំខាន់ណាស់ដើម្បីឱ្យការការពារវប្បធម៌របស់យើងគង់វង្សទៅបាននៅត្រង់ថា «បញ្ហាវប្បធម៌មិនមែនជាការឈ្លានពានមួយទេ ប៉ុន្តែគឺស្ថិតនៅត្រង់ថា យើងទទួលយករបស់គេដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ» ។ លើការជាក់ស្ដែងបារាំងបានត្រួតត្រាកម្ពុជាស្ទើរតែមួយសតវត្សរ៍ក៏ប៉ុន្តែបារាំងបានទុកវប្បធម៌របស់គេនៅទីនេះអ្វីខ្លះទៅ ? នេះគឺជារឿងពិតមួយ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី៣ មីនា នៅសាលសន្និសីទចតុមុខ ក្នុងឱកាសអញ្ជើញជាអតីបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេស និងទិវាវប្បធម៌ ជាតិ ៣ មីនា លើកទី១៧ ។
ទាក់ទិននឹងបញ្ហាខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅក្រោមការគ្រប់គ្រងរបស់បារាំងនៅពេលនោះប្រជាពលរដ្ឋ ជាពិសេសគឺព្រះសង្ឃតែម្ដងបានថែរក្សាអត្តសញ្ញាណរបស់ខ្លួនបានយ៉ាងច្បាស់លាស់ ។ សូម្បីតែភាសា អក្សរសាស្ត្រ នៅប្រទេសមួយចំនួនដែលបារាំងទៅត្រួតត្រាបាននិយាយភាសាបារាំងទៅហើយ ហើយប្រទេសខ្លះទៀតអាចធ្វើRomaniser អក្សរសាស្ត្ររបស់គេដែរ ។ ក៏ប៉ុន្តែសម្រាប់កម្ពុជាវិញគឺអត់ទេ នេះជាចំណុចខ្លាំងរបស់យើងកាលពីអតីតកាល ដូច្នេះយើងគួរដកពិសោធន៍អំពីចំណុចខ្លាំងពីអតីតកាលរបស់យើងទៅលើវិស័យវប្បធម៌នេះ ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលតែងតែផ្ដល់ការគាំទ្រ និងផ្ដល់អាទិភាពខ្ពស់ចំពោះវិស័យវប្បធម៌ដោយចាត់ទុកថា «វប្បធម៌ខ្មែរគឺជាព្រលឹងជាតិ និងអត្តសញ្ញាណជាតិ ដែលមានតម្លៃមហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាមូលដ្ឋានគ្រឹះក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសម័យកាលមួយទៅសម័យកាលមួយ ពីក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ឱ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា ដោយគ្មានការរើសអើង និងជាកេរមរតកប្រកបដោយសក្ដានុពលមិនចេះរីងស្ងួត ដើម្បីរួមចំណែកក្នុងការភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការណែនាំមួយចំនួនបន្ថែមទៀតក្នុងឱកាសប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី១៧ និងពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសនេះ ៖
១-ទិវាវប្បធម៌ជាតិ គឺជាទិវាបណ្តុះចំណេះដឹង បណ្តុះស្មារតីនៃក្តីស្រឡាញ់ និងឆន្ទៈប្តូរផ្តាច់ដើម្បីអភិរក្ស និងអភិវឌ្ឍន៍សម្បត្តិវប្បធម៌ជាតិ។ ដូច្នេះត្រូវយកចិត្តទុកដាក់លើកម្លាំងសកម្មរបស់សង្គម គឺកម្លាំងយុវជនដែលជាអ្នកបន្តវេន ក្នុងនោះ ក្រុមកុមារជាចំណែកដ៏ធំមួយដែលមិនគួរមើលរំលងឡើយ ។ ចំពោះមុខ ដើម្បីឱ្យកម្លាំងយុវជនទាំងអស់មានស្មារតីស្រឡាញ់បេតិកភណ្ឌវប្បធម៌ សិល្បៈរបស់ជាតិខ្លួន គឺចាំបាច់ត្រូវបញ្ជ្រាបនូវចំណេះដឹង សិល្បៈវប្បធម៌របស់ជាតិក្នុងស្រទាប់យុវជន ស្រទាប់កុមារចាប់តាំងពីក្មេងតូចៗទៅ ។
ចំណុចនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងអប់រំ យុវជន និងកីឡា ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីរិះរកវិធីបញ្ចូលនូវចំណេះដឹងវប្បធម៌ និងសិល្បៈទៅក្នុងកម្មវិធីសិក្សារបស់ជាតិ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួររៀបចំពិធីឱ្យមានជំនួបគ្នារវាងព្រឹទ្ធាចារ្យ វីរសិល្បករ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងយុវជន ក្រុមកុមារនៅតាមសាលារៀន ឬសហគមន៍នានា ដើម្បីគោលដៅចែករំលែកចំណេះដឹង និងផ្តល់ការអប់រំអំពីតម្លៃនៃសម្បត្តិវប្បធម៌ជាតិ ។ វិធីសាស្ត្រនឹងផ្តល់ជាគន្លឹះនៃការការពារ ការអភិរក្សប្រកបដោយភាពស័ក្តិសិទ្ធិ ។
២-ទិវាវប្បធម៌ជាតិ ៣ មីនា ដែលរៀបចំតែមួយថ្ងៃក៏ពិតមែន ប៉ុន្តែក្រសួងវប្បធម៌ត្រូវរៀបចំសកម្មភាព និងរំលេចនូវខ្លឹមសារផ្សេងៗដើម្បីរំលឹកបម្រើឱ្យទិវាវប្បធម៌ជាតិ តាមរយៈការរៀបចំព្រឹត្តិការណ៍វប្បធម៌នានាឱ្យបានច្រើនជាបន្តបន្ទាប់ ដើម្បីដាស់រំលឹកស្មារតីស្នេហាជាតិ ស្នេហាវប្បធម៌ជាតិឱ្យកាន់តែមោះមុតក្នុងអារម្មណ៍របស់ពលរដ្ឋខ្មែរម្នាក់ៗ ។ គួរចងចាំជានិច្ចនូវសុភាសិតបុរាណមួយដែលពោលថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ។
៣-ត្រូវរៀបចំកម្មវិធីវប្បធម៌ជាប្រចាំ និងឱ្យមានការចូលរួមពីយុវជនដូចជា កម្មវិធីសំណួរ-ចម្លើយ ការប្រឡងគំនូរ-ចម្លាក់ ពិសេសការបើកមហោស្រពយុវជននេះឱ្យបានទៀងទាត់តាមថ្នាក់នីមួយៗដូចជា ថ្នាក់មូលដ្ឋាន-ខេត្ត ថ្នាក់ភូមិភាគ ថ្នាក់ជាតិ ដើម្បីបន្តនិរន្តរភាពលើវិស័យសិល្បៈដល់យុវជនទូទាំងប្រទេស ក្នុងគោលបំណងធ្វើឱ្យយុវជនចូលរួមថែរក្សា ការពារ និងលើកតម្លៃវប្បធម៌ជាតិពិតប្រាកដ ។
ក្នុងន័យនេះ «អប់រំដើម្បីវប្បធម៌» និង «វប្បធម៌ដើម្បីអប់រំ» និងដើម្បីធ្វើឱ្យសិល្បៈវប្បធម៌របស់ជាតិមានលក្ខណៈស្ថិតស្ថេរជានិរន្តរ៍ក្នុងអារម្មណ៍កុមារ-យុវជន និងស្រទាប់មហាជនគ្រប់លំដាប់ថ្នាក់ ។ជាការពិត ការធ្វើឱ្យមនុស្សម្នាក់ៗមានមោទនភាពចំពោះវប្បធម៌ជាតិខ្លួន គឺជាការរួមចំណែកយ៉ាងសំខាន់ ធ្វើឱ្យសង្គមជាតិយើងមានភាពសុខដុមរមនា ។
៤-ត្រូវរួមគ្នាលើកស្ទួយការថែរក្សាការពារ និងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀតលើគ្រប់ផ្នែក គ្រប់ទម្រង់នៃសិល្បៈវប្បធម៌ ដើម្បីឱ្យឆ្លើយតបនឹងគោលដៅ «កម្ពុជា ព្រះរាជាណាចក្រវប្បធម៌» ហើយត្រូវយល់ថា ព្រះរាជាណាចក្រនៃវប្បធម៌ គឺព្រះរាជាណាចក្រនៃចំណេះដឹង និងការអភិវឌ្ឍ ។
ចំណុចនេះ យុវជនត្រូវចូលរួមធ្វើសកម្មភាពច្នៃប្រឌិតបង្កើតថ្មី ដោយឈរលើមូលដ្ឋានគ្រឹះនៃការអភិរក្សថែរក្សាមរតកវប្បធម៌ សិល្បៈបុរាណ ទាំងពណ៌សម្បុរជាតិ និងអត្តសញ្ញាណជាតិ ពីព្រោះថា សិល្បៈចាំបាច់ត្រូវមានការអភិវឌ្ឍ ទើបអាចបំពេញ និងបម្រើឱ្យភាពចាំបាច់ នៃសេចក្តីត្រូវការរបស់យុវជនយើងបាន ។
បើពុំដូច្នោះទេ កុមារនិងយុវជនយើងនឹងទទួលយកនូវអ្វីៗទាំងអស់ដែលថ្មី ហូរចូលពីក្រៅ ។ និយាយដូច្នេះមិនមែនឱ្យយើងចោលចាស់ ធ្វើថ្មីនោះទេ គឺត្រូវឈរលើទស្សនៈ «បុរាណមិនយឺត ទំនើបមិនបរទេស» ។ ដោយឡែក យើងទាំងអស់គ្នាត្រូវដឹងថា ការបង្កើតស្នាដៃនិងផលិតផលសិល្បៈទស្សនីយភាពគ្រប់ទម្រង់ គ្រប់ប្រភេទ យើងមិនត្រូវគិតត្រឹមតែឱ្យមានភាពល្អមើល និងពីរោះស្តាប់ប៉ុណ្ណោះទេ តែក្នុងនោះត្រូវមានបង្កប់នូវគំនិតនិងទស្សនៈល្អៗ ដែលមានគុណប្រយោជន៍ដល់ការលើកកម្ពស់នៃការអប់រំសីលធម៌ គុណធម៌ មនសិការស្មារតីស្នេហាជាតិ ក្នុងការអភិវឌ្ឍសង្គមថែមទៀតផង ។ យុវជនទាំងអស់គ្នាដែលជាអ្នកផលិតស្នាដៃសិល្បៈ ត្រូវតែយល់ដឹងឱ្យបានស៊ីជម្រៅ អំពីអត្តសញ្ញាណជាតិ ក្បួនខ្នាត ដួងព្រលឹង ពណ៌សម្បុរ និងវប្បធម៌ដ៏ផូរផង់របស់ជាតិយើង ដែលជាចំណេះដឹង និងជាត្រីវិស័យ ពុំអាចខ្វះបាន ។
៥-ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្ត ដែលមានស្រាប់ និងជំរុញការកសាងបទដ្ឋានគតិយុត្តបន្ថែមទៀត ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ឱ្យប្រកបដោយចីរភាព ។ យើងត្រូវបន្តការពង្រឹងការអនុវត្តច្បាប់ សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ជាកត្តាចាំបាច់ក្នុងការការពារ និងលើកទឹកចិត្តអ្នកនិពន្ធ ឱ្យបង្កើតស្នាដៃថ្មីៗ និងទាក់ទាញអ្នកវិនិយោគក្នុងវិស័យឧស្សាហកម្មវប្បធម៌។ ក្រសួងវប្បធម៌ ត្រូវមានវិធានការដើម្បីបង្កលក្ខណសម្បត្តិ និងជំរុញឱ្យកូនខ្មែរមានលទ្ធភាព អាចបង្កើតស្នាដៃដែលជាផលិតផលវប្បធម៌ថ្មីរបស់យើង ។
ដើម្បីមានស្នាដៃល្អ គឺត្រូវមានជំនាញ និងមានចំណេះដឹងច្បាស់លាស់ និងប្រកបដោយគុណភាព ។ ដូច្នេះ ក្រសួងត្រូវបន្តបង្កើតវគ្គបណ្តុះបណ្តាល វគ្គបំប៉ន ឬវគ្គវិក្រឹតការ ឱ្យបានច្រើនដល់យុវជននៅតាមវិទ្យាល័យ សាកលវិទ្យាល័យ និងមហាជនទូទៅ ។
៦-រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ដែលមានយុទ្ធសាស្ត្រមួយច្បាស់លាស់គឺ «រដ្ឋជាអ្នកគ្រប់គ្រងគាំពារ ដៃគូឯកជនជាអ្នកអនុវត្ត» មានន័យថា រដ្ឋជាអ្នកគ្រប់គ្រងផ្នែកច្បាប់ ផ្នែកជំនាញ ទទួលខុសត្រូវលើក្បួនខ្នាត រចនាបថ ការពារពង្រឹងអត្តសញ្ញាណជាតិ ។ រីឯវិស័យឯកជន ដៃគូអភិវឌ្ឍន៍នានា អង្គការ សមាគម ជាអ្នកអនុវត្តដោយផ្ទាល់ ជាអ្នកស្វែងរកប្រភពទុនមកអភិវឌ្ឍន៍ និងជួយបំពេញនៅកន្លែងខ្វះចន្លោះ ដែលរាជរដ្ឋាភិបាលមិនមានលទ្ធភាពអាចធ្វើបាន ។
ជារួមយើងត្រូវយល់ថា ការបង្កើតស្នាដៃសិល្បៈដោយខ្វះនូវក្បួនខ្នាត គឺជាការបង្ខូចនូវតម្លៃ និងព្រលឹងនៃសិល្បៈវប្បធម៌ជាតិ ។ ដូច្នេះក្រសួងវប្បធម៌ត្រូវចេះប្រមូលកៀរគរ និងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាដៃគូអភិវឌ្ឍន៍ វិស័យឯកជនដែលកំពុងប្រតិបត្តិការលើវិស័យសិល្បៈវប្បធម៌ រួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍន៍វប្បធម៌ជាតិឱ្យកាន់តែប្រសើរឡើង ៕










ចែករំលែកព័តមាននេះ