រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅជិតទីលានចាក់សំរាមក្រុមហ៊ុនសារុំត្រេឌីងបានទទួលរងផលប៉ះពាល់សុខភាព និងមានការភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុនមួយនេះដុតសំរាមបង្កឲ្យមានផ្សែងហុយឡើងយ៉ាងខ្មួលខ្មាញ់ឡើងទៅលើអាកាសលាយឡំជាមួយកម្ទេចផេះពាសវាលពាសកាលថែមទៀតផង។
ចំណែកប្រជាពលរដ្ឋមុនដំបូងមិនបានដឹងថា ផ្សែងដែលហុយឡើងលើនោះជាការដុតសំរាមនោះទេ នឹកស្មានថាមានភ្លើងឆេះផ្ទះ ឬរោងចក្រសហគ្រាសកន្លែងណាមួយ លុះក្រោយមកដឹងថា ក្រុមហ៊ុនខាងលើដុតសំរាមបំពុលបរិស្ថានបែបនេះ ពួកគាត់មានការខឹងសម្បារយ៉ាងខ្លាំងគ្រប់ៗគ្នាតែម្ដង។
ហេតុការណ៍នោះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៣ មីនា ២០១៥ នៅទីលានចាក់សំរាមក្រុមហ៊ុនសារុំត្រេឌីង ដែលមានទីតាំងស្ថិតនៅក្នុងភូមិតានួន សង្កាង់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ទីលានចាក់សំរាមរបស់ក្រុមហ៊ុន សារុំត្រេ ឌីងនោះ ស្ថិតនៅជិតភូមិឋានអ្នកស្រុកបំផុត ហើយបានបង្កផលប៉ះពាល់ការរស់នៅរបស់ពួកគាត់ ជាបន្តបន្ទាប់។ ដោយពេលខ្លះមានធំក្លិនស្អុយយ៉ាងអសោចិ៍ ជះក្លិនពាសវាល និងមានរុយទៀតផង និងពេលខ្លះទៀត បានដុតសំរាមធ្វើឲ្យមានផ្សែងហុយបង្កឲ្យមានការភ្ញាក់ផ្អើលជាញឹកញាប់រួចមកហើយ ដោយមិនខ្វល់ពីអ្នកដទៃឡើយ។
ប្រភពដដែលបានបន្តថា ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ បានដុតសំរាមទាំងព្រឹកតែម្ដង ដែលពេលនោះមានផ្សែងហុយឡើងលើកប់អាកាសវេហាស៍ យ៉ាងខ្មួលខ្មាញ់ លាយឡំជាមួយកម្ទេចផេះ និងក្លិនអាក្រក់មកជាមួយទៀតផង ព្រោះទីលានចាក់សំរាមមួយនោះ មានសំរាមភាគច្រើនជាកម្ទេចក្រណាត់ ដែលដឹកចេញពីតាមបណ្ដារោងចក្រ សិប្បកម្មនានាដែលងាយនឹងឆាបឆេះ ព្រមទាំងជះក្លិនអាក្រក់ថែមទៀត ។
កន្លងមកទោះបីជាមានការដុតបង្កការបះពាល់ដល់ប្រជាពលដ្ឋដែលរស់នៅជុំវិញនោះជាញឹកញាប់ក្ដីក៏មិនដែលឃើញមានមន្ត្រីពាក់ព័ន្ធណាមួយចុះទៅពិនិត្យមើលឡើយ។ ជាពិសេស ខាងមន្ត្រីបរិស្ថានគួរតែមានវិធានការចំពោះការបំពុលបរិស្ថានបែបនេះ ហើយរហូតដល់វេលាល្ងាចថ្ងៃដដែលនោះ ភ្លើងនៅមិនទាន់រលត់នៅឡើយទេ នៅតែមានផ្សែងហុយឡើងលើអាកាសដដែល។
ទាក់ទិនទៅនិងហេតុការណ៍នោះ ត្រូវបានអ្នកមើលការខុសត្រូវនៅទីនោះនិយាយថា ការឆាបឆេះនេះមិនមែនបណ្ដាលមកពីការដុតនោះឡើយ គឺវាឆេះដោយខ្លួនឯង ព្រោះខែនេះវាក្ដៅ ហើយស្ងួតពេកទើបឆេះតែម្ដងទៅ។ ប៉ុន្តែប្រជាពលរដ្ឋមិនបានជឿជាក់នោះឡើយ ដោយពួកគាត់បាននិយាយថាមិនដែលអត់ដុតឆេះទៅកើតនោះទេ ទាល់តែដុតទើបឆេះ ហើយក្រុមហ៊ុនខាងលើគួរតែចេះគោរពអ្នកដែលរស់នៅជុំវិញនោះផង កុំធ្វើអីតាមតែចិត្តបែបនេះអី ហើយពួកគាត់បានសំណូមពរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ត្រីក្រសួង មន្ទីរពាក់ព័ន្ធ ជួយពិនិត្យមើលទីលានចាក់សំរាមមួយនេះផង៕
ចែករំលែកព័តមាននេះ