រាជធានីភ្នំពេញ ៖ កាលពីពេលកន្លងទៅកម្ពុជា តាមរយៈក្រសួងទេសចរណ៍បានព្យាករណ៍ម្ដងហើយពីការបាត់បង់ចំណូលក្នុងវិស័យទេសចរណ៍ ដោយសារតែបញ្ហាកូវីដ១៩ ដែលកាលនោះ ក្រសួងបានព្យាករណ៍ថាអាចបាត់បង់ចំណូលពីវិស័យសំខាន់មួយនេះគឺមានរហូតដល់៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០២០នេះទាំងមូល ។ ក៏ប៉ុន្តែដោយសារតែរយៈពេលថ្មីៗនេះ សកម្មភាពភ្ញៀវទេសចរ ជាពិសេសទេសចរក្នុងស្រុក ចាប់ផ្ដើមធ្វើដំណើរកម្សាន្តនៅក្នុងស្រុកបានកក្រើកឡើងវិញបន្តិចនោះ ការបាត់បង់ចំណូលពីវិស័យទេសចរណ៍នេះអាចធ្លាក់មកនៅត្រឹម៤ពាន់លានដុល្លារទៅ៤៥០០លានដុល្លារអាមេរិកប៉ុណ្ណោះ ។
លោក ទិត្យ ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានមួយកាលពីព្រឹកថ្ងៃទី០៣ កញ្ញា ២០២០នេះថា កាលពីដើមឡើយកម្ពុជា បានព្យាករណ៍ចំណូលពីវិស័យទេសចរណ៍អាចនឹងត្រូវបាត់បង់ប្រមាណ៥ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២០ ដោយសារតែ ការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ប៉ុន្តែឆ្លងតាមបទពិសោធន៍ចាប់តាំងពីខែ ឧសភា មកឃើញថាភ្ញៀវក្នុងស្រុកចាប់ផ្ដើមធ្វើដំណើរកម្សាន្តទៅតាមរមណីយដ្ឋាននានាឡើងវិញ ជាក់ស្ដែងនៅក្នុងថ្ងៃឈប់សម្រាកប៉ុន្មានថ្ងៃ ដែលជាថ្ងៃសងបុណ្យចូលឆ្នាំខ្មែររបស់រាជរដ្ឋាភិបាលវិញ ឃើញថាភ្ញៀវក្នុងស្រុកប្រមាណ១,៥លាននាកបានធ្វើដំណើរកម្សាន្តទៅតាមតំបន់នានា ដោយសុវត្ថិភាព និងមិនមានការចម្លងជាសហគមន៍នៃជំងឹកូវីដ១៩នោះទេ ។
លោកបន្តថា តាមរយៈសកម្មភាពនេះ វិស័យទេសចរណ៍ អាចរកចំណូលបានខ្លះៗឡើងវិញ ដើម្បីទប់ស្កាត់ការខាតបង់កាន់តែច្រើន ដូច្នេះ ក្នុងឆ្នាំ ២០២០នេះចំណូលពីវិស័យទេសចរណ៍អាចនឹងរកបានចន្លោះពី៥០០លានទៅ១ពាន់លានដុល្លារវិញ ដែលជាហេតុធ្វើអោយការខាតបង់ចំណូលនេះ នឹងអាចធ្លាក់មកនៅត្រឹម៤ពាន់លានដុល្លារទៅ៤៥០០លានដុល្លារអាមេរិក នៅក្នុងឆ្នាំ២០២០នេះ។
លោកបន្តទៀតថាសម្រាប់ភ្ញៀវទេសចរបរទេស មកដល់ប្រទេសកម្ពុជានាពេលនេះថ្មីៗនេះមិនមែនជាភ្ញៀវមកសម្រាកលំហែកាយឬទស្សនាតាមតំបន់រមណីយដ្ឋាននានានោះទេ តែជាភ្ញៀវទេសចរធុរកិច្ច ដែលពួកគេមកបំពេញធុរកិច្ចក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ កម្ពុជាចាប់ផ្ដើមមានសញ្ញាវិជ្ជមានឡើងវិញបន្តិចហើយ ដូចជាជើងហោះហើរដែលបានផ្អាកកន្លងមកក៏ចាប់ផ្ដើមដំណើរការវិញ ក្នុងនោះរួមមានជើងហោះហើរមកពីប្រទេសសិង្ហបុរី ជើងហោះហើរមកពីទីក្រុងប៉េកាំង និងកំពុងចរចាជើងហោះហើរមកពីគោលដៅជាច្រើនទៀត ដូចជាប្រទេសជប៉ុន ជាដើម ។លោកថា៖«ក្នុងប្រទេសជាច្រើនបានបិទជើងហោះហើរមិនអោយធ្វើប្រតិបត្តិការ កម្ពុជានៅតែទទួលបានជើងហោះហើរពីខាងក្រៅប្រទេសប្រមាណ៤ទៅ៥ជើងដែរ ក្នុងមួយថ្ងៃ គិតជាអ្នកដំណើរអាចមានបី៣០០នាក់ទៅ១០០០នាក់ ។
ការខាតបង់ចំណូលពីវិស័យទេសចរណ៍ ក្នុងវិបត្តិជំងឺសកលនេះ មិនមែនមានតែកម្ពុជានោះទេ ពោលគឺបណ្ដាប្រទេសទាំងអស់លើពិភពលោកក៏ត្រុវបានខាតបង់ដូចគ្នា ។ យោងតាមការប៉ាន់ស្មានរបស់អង្គការទេសចរណ៍ពិភពលោកថា ជំងឺកូវីដ១៩បានធ្វើអោយចំណូលពីវិស័យទេសចរណ៍ទូទាំងពិភពលោកត្រូវខាតបង់រាប់រយពាន់លានដុល្លារអាមេរិក ។យ៉ាងណាក្ដីសម្រាប់ទេសចរណ៍កម្ពុជា ចាប់ផ្ដើមមានការរៀបចំឡើងវិញបណ្ដើរៗហើយ ដោយក្នុងនោះសណ្ឋាគារ ភោជនីយដ្ឋាននិងសេវាទេសចរណ៍ផ្សេងទៀតក៏បានបើកដំណើរការឡើងវិញបើទោះបីជាមិនបាន១០០ភាគរយក្ដី ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងឆមាសទីមួយឆ្នា ២០២០នេះ ភ្ញៀវទេសចសរុបចូលមកប្រទេសកម្ពុជាមានចំនួនប្រមាណ១,១៨លាននាក់ក្នុងនោះភ្ញៀវមកដល់តាមជើងយន្តហោះមានប្រមាណ ៦៨ម៉ឺន២ពាន់ ៕
ចែករំលែកព័តមាននេះ