ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​តូច ចំណាន ​៖ ពី​អ្នកចម្រៀង​តាម​ហាងក្លាយជា​សិល្ប​ការិនី​ជោគជ័យ​បំផុត​នៅ​កម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​យុវតី ស្រី​តូច​ចំណាន ដែល​មានឈ្មោះ ដើម ម៉ៅ ចំណាន បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន​មួយ កាលពី​២៦​ឆ្នាំ​មុន នាង​ទំនងជា​មិនដឹង​ថា ជីវិត​អនាគត​នឹងរ​សាត់អណ្តែត​យ៉ាងណា​ទេ​។…

នៅ​ពេល​យុវតី ស្រី​តូច​ចំណាន ដែល​មានឈ្មោះ ដើម ម៉ៅ ចំណាន បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកចម្រៀង​នៅ​តាម​ភោជនីយដ្ឋាន​មួយ កាលពី​២៦​ឆ្នាំ​មុន នាង​ទំនងជា​មិនដឹង​ថា ជីវិត​អនាគត​នឹងរ​សាត់អណ្តែត​យ៉ាងណា​ទេ​។ ប៉ុន្តែ​ពេលវេលា​បាន​ប្រាប់​ថា ស្រី​តូច ចំណាន គឺជា​សិល្បការី​នី​ដ៏​ជោគជ័យ និង​សំណាង​បំផុត​នៅ​កម្ពុជា ។

ឥឡូវ ស្រី​តូច ចំណាន ក្លាយជា​ភរិយា​យ​របស់​កំពូល​មហាសេដ្ឋី​ម្នាក់ របស់​កម្ពុជា គឺ​លោកអ្នកឧកញ៉ា គិត ម៉េ​ង ទទួល​គោរមងា​ជា​អ្នកឧកញ៉ា និង​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ ។ សិល្បករ និង​សិល្ប​ការិនី​កម្ពុជា កាលពី​ថ្ងៃ​ទី​២ ខែឧសភា បាន​បោះ​ឆ្នោត​អោយ​ស្រី​តូច ចំណាន ក្លាយជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ។ តួនាទី​ថ្មី​នេះ គឺជា​ជោគជ័យ​ថ្មី​មួយ ទៀត​របស់​អ្នកឧកញ៉ា ស្រី​តូច ចំណាន បន្ថែម​លើ​ជោគជ័យ​ជីវិត​របស់​អ្នកឧកញ៉ា​ដែល​ក្លាយជា​ភរិយា​របស់​បុរស​មាន​ជាងគេ​បំផុត​ម្នាក់​នៅ​កម្ពុជា គឺ​លោកអ្នកឧកញ៉ា គិត មេ​ង ដោយ​មានកូន​បួន​នាក់​ជាមួយ​គ្នា ។

ស្រី​តូច ចំណាន មិនមែន​ត្រឹមតែ​ជា​ស្រី​ស្អាត​មាន​សំឡេង​ពីរោះ​ទេ ប៉ុន្តែ​លោក​ជំទាវ ក៏​ជា​ភរិយា​ដ៏​ល្អ​បំផុត​របស់​លោក គិត ម៉េ​ង ដែល​ចាត់​ទុក​ថា លោក ជំទាវ គឺជា​ភ្លើង​បំភ្លឺ​ផ្លូវ​ជីវិត​របស់​អ្នកឧកញ៉ា ។ លោកអ្នកឧកញ៉ា គិត ម៉េ​ង ធ្លាប់​សរសេរ​សារ​សរសើរ​ភរិយា​ថា «​បង​មិន​អាច​ពិពណ៌នា​ច្រើន​ពី​ភាព​ពិសេស​របស់​អូន ចំណាន ចំពោះ​បង​អោយ​បាន​អស់​ទេ ។ ប៉ុន្តែ​អ្វី​ដែល​បងអាច​និយាយ​បាន​ខ្លី​ៗ​នោះ គឺ​ពិភពលោករ​បស់បង​ពោរពេញ​ដោយ​ស្នាមញញឹម​គ្រប់ពេល​ដែល​បង​គិតដល់​អូន​» ។

តើ​ស្រី​តូច​ចំណាន​តស៊ូ​យ៉ាងណា ដើម្បី​ក្លាយជា​សិល្ប​ការិនី​សំណាង និង ជោគជ័យ​បំផុត​នៅ​កម្ពុជា? វា​មិន​ស្រួល​ទេ​សម្រាប់​ស្រី​តូច ចំណាន ដើម្បី​ឆ​.​ក់​យក​បេះដូង​របស់​កំពូល​មហាសេដ្ឋី​កម្ពុជា អ្នកឧកញ៉ា គិត ម៉េ​ង​ដែល​ជា​ប្រធាន​ក្រុមហ៊ុន រ៉ូ​យា​ល់ គ្រូ​ប ដែល​មាន​ក្រុមហ៊ុន បុត្រ​សម្ព័ន្ធ​ជា​ច្រើន​ដូច​ជា ក្រុមហ៊ុនទូរស័ព្ទ​ដៃ សែ​ល​ខាត ធនាគារ J-Trust Royal Bank ធនាគារ​វី​ង ក្រុមហ៊ុន អ៊ី​ន​ធើ​ណិ​ត Ezecom ក្រុមហ៊ុន ធានា រ៉ាប់រង Infinity ក្រុមហ៊ុន​ធនាគារ​រ៉ាប់រង camlife និង ក្រុមហ៊ុន​រថភ្លើង Royal Railway ជាដើម​។

អាពាហ៍ពិពាហ៍​រវាង​ស្រី​តូច ចំណាន និង​លោក​ឧកញ៉ា​គិត ម៉េ​ង កើត​មានបាន បន្ទាប់​ពី​អ្នក​ទាំង​ពីរ​រស់នៅ​ជាមួយ​គ្នា​ក្រៅ​ចំណងអាពាហ៍ពិពាហ៍​អស់​ពេល​១០​ឆ្នាំ​ដែល​ផ្តល់​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​លោក អ្នក ឧកញ៉ា គិត ម៉េ​ង សង្កេត​មើល​អត្ត​ចរិត និង​អាកប្បកិរិយា​យ​របស់​អតីត​តារា​ស្រី​រូប​នេះ ។ ការ​តស៊ូ​រយ​:​ពេល​១០​ឆ្នាំ​របស់​លោក​ជំទាវ​បាន​ធ្វើ​អោយ​លោកអ្នកឧកញ៉ា គិត ម៉េ​ង គិត​ថា​ស្រី​តូច ចំណាន គឺជា​នារី​ដ៏​ល្អ​បំផុត សម​នឹង​ធ្វើ​ជា​ភរិយា​របស់ លោក អ្នកឧកញ៉ា ។

ទីបំផុត​នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០១៥ ស្រី​តូច ចំណាន បាន​ដឹក​ដៃ​ស្វាមី សម្បូរ​ទ្រព្យ​អ្នកឧកញ៉ា គិត ម៉េ​ង ចូល​រោងការ​សំពះ​ផ្ទឹម តាម​ប្រពៃណី​ខ្មែរ​ហើយ ។​ស្រី​តូច ចំណាន ដែល​មានកូន​បួន​នាក់​ជាមួយ​លោកអ្នកឧកញ៉ា គិត ម៉េ​ង មិន​ត្រឹមតែ​ជា​សិល្ប​ការិនី​ដែល​ក្លាយជា​សេដ្ឋីនី​ដ៏​ស្តុកស្តម្ភ​នោះ​ទេ ប៉ុន្តែ​លោក​ជំទាវ​ថែម​ទាំង​បាន​ទទួល​គោរមងារ​ជា​អ្នកឧកញ៉ា ដែល​ព្រះរាជ​ប្រទាន​ដោយ​ព្រះមហាក្សត្រ​កាលពី​ឆ្នាំ​២០២៣​។ កូនច្បង​របស់​លោក​ជំទាវ គឺ គិត ស៊ូ​ឡា ក៏​បាន​ក្លាយជា​ឧកញ៉ា ដែល ក្មេង​ជាងគេ​បំផុត​ក្នុង​វ័យ​១៨​ឆ្នាំ​ផង​ដែរ ។

អ្នកឧកញ៉ា ស្រី​តូច ចំណាន ទំនងជា​មិន​ទាន់​អស់ចិត្ត​ពី​វិស័យ​សិល្បៈ​ដែល​បាន​ជួយ​អោយ​អ្នកឧកញ៉ា​ក្លាយជា​សិល្ប​ការិនី​ដែល​សំណាង​ជាងគេ​បំផុត​ទើប​អ្នក​ឧក ញ៉ា បាន​មក​ឈរឈ្មោះ​ជា បេក្ខជន​ប្រធាន សមាគម​សិល្បករ​ខ្មែរ ។ សិល្បករ និង​សិល្ប​ការិនី​ខ្មែរ បាន​បោះ​ឆ្នោត​អោយ​អ្នកឧកញ៉ា​ក្លាយជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ដោយ​សង្ឃឹមថា អ្នកឧកញ៉ា​នឹង​អាច​ដឹកនាំ​សមាគម​នេះ​បាន​ល្អ​ដើម្បី​ជួយ​ដល់​សិល្បករ និង​សិល្ប​ការិនី​កម្ពុជា ។ អ្នកឧកញ៉ា ស្រី​តូច​ចំណាន បាន​តាំងចិត្ត​នៅ​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​វិស័យ​សិល្ប​: និង​សិល្បករ​ព្រមទាំង​សិល្ប​ការិនី ។

ដូច​ការ​រំពឹង​ទុក នៅ​ទីបំផុត​លោក​ជំទាវ អ្នកឧកញ៉ា ស្រី​តូច ចំណាន បាន​ឈ្នះ​ការ​បោះ​ឆ្នោត​ក្លាយជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​អាណត្តិ​ថ្មី ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​រាជ​បណ្ឌិតសភា​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០២៤​នេះ ។ លោក​ជំទាវ​អ្នកឧកញ៉ា​បាន​ទទួល​បាន​សំឡេង​ឆ្នោត​៥៦៧ សំឡេង ក្នុង​ចំណោម​សំឡេង​ឆ្នោត​ចំនួន​៦០០​នៃ​អង្គ​បោះ​ឆ្នោត​ដោយ​លោក​ជំទាវ​អ្នកឧកញ៉ា បាន​ឈ្នះ​យ៉ាង​លើសលុប​ទៅ​លើ​បេក្ខភាព​២​រូប គឺ​លោក គួ​ច ខេ​វិ​ន និង​លោក ផាត់ ដា​រា​រត្ន ។

នៅ​មុន​ការ​បោះ​ឆ្នោត​លោក​ជំទាវ​អ្នកឧកញ៉ា ស្រី​តូច ចំណាន បាន​លើក ប្តេជ្ញា​ចិត្ត​ថា នៅ​ពេល​លោក​ជំទាវ​បាន​ឡើងជា​ប្រធាន និង​ជំទាវ​នឹង​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​សហការ​ជាមួយ​ក្រសួង​វប្បធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀប​យុទ្ធនាការ រួម​គ្នា​ស្រប​តាម​គោលនយោបាយ​ជាតិ​ក្នុង​ការ​អភិវឌ្ឍន៍ និង​អភិរក្ស​សិល្បៈ​ជំរុញ​សេដ្ឋកិច្ច និង​ឆ្លើយ​តប​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ។

លោក​ជំទាវ​បន្ថែម​ថា សមាគម និង​ពិនិត្យ​មើល​លទ្ធភាព​ការ​បណ្តាក់ទុន និង​កៀងគរ អ្នកមាន​ធនធាន​នៅ​កម្ពុជា​ឲ្យ​មក​បណ្តាក់​ទុក​លើ​វិស័យ​សិល្បៈ​ដូច​ជា​ភាពយន្ត​កាន់តែ​មានគុណ​ភាព ដើម្បី​ពង្រីក​ទីផ្សារ​ក្នុង​តំបន់ ។ លោក​ជំទាវ​ក៏​ចង់​ប្រើ​ពេល​ដែល​នៅ​សេសសល់​នា​ពេល​នេះ​ចូលរួម​ជួយ​សិល្បៈ​ក្នុង​នាម​លោក​ជំទាវ​ក៏​ជា​អតីត​អ្នកសិល្បៈ​មួយ​រូប​ផង​ដែរ ។ លោក​ជំទាវ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​អ្នកសិល្បៈ​ទាំងអស់​រួម​គ្នា​ទៅ​មុខ​ទាំងអស់​គ្នា ហើយ​លោក​ជំទាវ​សន្យា​ថា នឹង​នាំ​សិល្បៈ​វប្បធម៌​ខ្មែរ​យើង​ទៅ​បង្ហាញ​លើ​ឆាក​អន្តរជាតិ ។

អតីត​តារា​សម្តែង​ល្បីឈ្មោះ នាង ស្រី​តូច ចំណាន មានឈ្មោះ​ពិត ម៉ៅ ចំណាន កើត​នៅ​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​១៩៨៣ ទីកន្លែង​កំណើត នៅ​ខេត្តស្វាយរៀង ។ ឪពុក​របស់​លោក​ជំទាវ មាន ឈ្មោះ ម៉ៅ នី អតីត​ជា​នាយទាហាន ហើយ​ម្តាយ​មានឈ្មោះ គង់ សោ​ម៉ា ជា​មេផ្ទះ ។

លោក​ជំទាវ ស្រី​តូច ចំណាន បាន​បោះ​ជំហាន​ចូល​ប្រឡូក​ក្នុង​វិ​ថី​សិល្បៈ ក្នុង​អំឡុង ឆ្នាំ​១៩៩៨ ដោយ​អាជីព​ដំបូង​ដែល លោក​ជំទាវ​ស្រ​វ៉ា​យក​ការ​ច្រៀង តាម​ភោជនីយដ្ឋាន បន្ទាប់​មក​លោក​ជំទាវ​ក៏​មានឱកាស​បាន​ចូល សម្តែង​ខារ៉ាអូខេ នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ផលិតកម្ម​យូ​ធូ និង​ផលិត ស្ទឹង​សង្កែ រហូត​បាន​ឡើង​កូដ​ក្លាយជា​ពិធី​ការិនី ប្រចាំ​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥​ផង​ដែរ ។

ខណៈ​ដែល​ការងារ​សិល្បៈ​ហាក់​មាន​ភាព​រីក​ចម្រើន​ធ្វើ​ឲ្យ​ទស្សនិកជន​ស្គាល់​កាន់តែ​ច្រើន​រលូន​ទៅ​មុខជា​លំដាប់​នោះ អ្នក ឧកញ៉ា ស្រី​តូច ចំណាន​ក៏​បាន​ជួប​រឿង​អកុសល​អាម៉ាសមុខ​មួយ​ផង​ដែរ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ក្នុងស្រុក ។ ស្រី​តូច​ចំណាន ត្រូវ​បាន​ក្រុមការងារ​ដើរ​ជាន់​ជាយ​រ៉ូ​ប​ធ្វើ​ឲ្យ​របូត​ក្នុងអំឡុងពេល​ដែល​កំពុង​តែ​ធ្វើ​ជា​ពិធី​ការិនី​ផ្សាយ​ផ្ទាល់​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយទូរទស្សន៍ ប៉ុស្តិ៍​លេខ​៥ កាលពី​អំឡុង​ឆ្នាំ​២០០២-២០០៣ ។ ក្រោយ​បាន​ជួប​រឿង​អាម៉ាស់​នេះ លោក​ជំទាវ ស្រី​តូច ចំណាន បាន​ផ្តាច់ខ្លួន​ចេញពី​សិល្បៈ​បាត់​មុខ​សាបសូន្យ ដោយ​ឈប់​ទទួល​ការងារ និង​ថត​នៅ​ក្នុង​សិល្បៈ​តទៅ​ទៀត ។

លុះ​មួយ​រយៈ​ក្រោយមក​ទើប​លេចឮ​ព័ត៌មាន​ថា ស្រី​តូច ចំណាន បាន​សាង​ស្នេហ៍​ជាមួយ​លោកអ្នកឧកញ៉ា គិត ម៉េ​ង ។ ចំណង​ស្នេហ៍​របស់​លោក​ជំទាវ ជាមួយ​មហាសេដ្ឋី​សម្បូរ​ទ្រព្យ អ្នកឧកញ៉ា គិត ម៉េ​ង បាន​ធ្វើ អោយ​យុវតី​មក​ពី​ខេត្តស្វាយរៀង​ផ្លាស់​ប្តូរជីវិត​ពី​អ្នកចម្រៀង​តាម​ហាង ក្លាយជា​សិល្ប​ការិនី​ដែល​មានសំណាង​ជាងគេ​បំផុត​នៅ​ក្នុង​វិស័យ​សិល្បៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ