កណ្តាល ៖ ឈានចូលដល់ខែកញ្ញានេះ មៀនកោះក្របី ដែលមានកេរ្តិ៍ឈ្មោះល្បីថាមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ មានក្លិនក្រអូបប្រហើរខុសប្លែកពីផ្លែមៀនពីបណ្តាខេត្ត-ក្រុងផ្សេងៗនោះ បានចាប់ផ្តើមប្រមូលផលសម្រាប់លក់កាច់លក់លើទីផ្សារហើយ ។

លោកព្រំ សីលា ដែលកំពុងតែតថ្លៃផ្លែមៀនបាននិយាយថា លោកតែងតែមកលេងវត្តគល់ទទឹងនាចុងសប្តាហ៍ ហើយលោកនិងភរិយាតែងតែទិញមៀនកោះក្របីជានិច្ច ព្រោះរសជាតិផ្អែមឈ្ងុយពិតមែន ។ «បើធៀបនឹងផ្លែមៀនតំបន់ផ្សេងទៀត គឺមៀនកោះក្របីវ៉ាដាច់តែម្តង ព្រោះវាមានរសជាតិផ្អែមឈ្ងុយ បើទោះជាផ្លែមៀនកោះក្របីខ្លះសាច់រាងស្តើងបន្តិចក្តី» ។លោកព្រំ សីលា ពោលបញ្ជាក់ ខណៈកំពុងតថ្លៃផ្លែមៀនក្នុងតម្លៃ ១៥០០០ រៀល ក្នុងមួយគីឡូក្រាម ។ លោកបានបន្តថា «ដោយសារតែខ្ញុំឧស្សាហ៍មកទិញសឹងរាល់ឆ្នាំ អ៊ីចឹងខ្ញុំដឹងតម្លៃគ្រាន់បើ ព្រោះថាបើសាច់មៀនកោះក្របីរាងក្រាស់ល្មមគឺតម្លៃខ្ទង់ ១៥០០០ រៀល តែបើសាច់ស្តើងគឺតថ្លៃឲ្យត្រឹម ១ម៉ឺនរៀលអី គឺគាត់ព្រមលក់ហើយ» ។

ប្រាកដណាស់ពលរដ្ឋនៅក្រុងភ្នំពេញពេញនិយមមៀនកោះក្របី ប៉ុន្តែបើទោះបីជារដូវប្រមូលទិន្នផលផ្លែមៀនកោះក្របីចូលមកដល់ក៏ពិតមែន តែចំនួនទិន្នផលបានធ្លាក់ចុះខ្លាំងមិនដូចបណ្តាឆ្នាំមុនៗឡើយ ។ នេះបើតាមការអះអាងរបស់អ្នកស្រី គឹម សុភារម្យ អ្នកដាំមៀនស្ថិតនៅភូមិកោះក្របី សង្ការព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ម្ចាស់ចំការរូបនេះបានបន្តថា ដំណាំមៀននៅកោះក្របីឆ្នាំនេះមិនសូវបានផលដូចឆ្នាំមុនៗនោះទេ ដោយសារមៀនឆ្នាំនេះមានបញ្ហាសត្វល្អិត និងងដង្ហូវស៊ីច្រើន ធ្វើឲ្យវាជ្រុះនៅពេលផ្កាចេញក្លាយជាក្តិបមៀនមកម្លេះ ។ ម្ចាស់ចំការមៀនកោះក្របី បាននិយាយបន្ថែមទៀតថា «ឆ្នាំនេះមិនសូវទទួលបានផលទេ ឬមិនសូវមានផ្លែដូចឆ្នាំមុនៗ ព្រោះមកពីសត្វល្អិតច្រើនពេកវាមកខាំទិចធ្វើឲ្យជ្រុះ។ ដូចឆ្នាំកន្លងមកក្នុងមួយដើម យើងទទួលបានផល ១០០ ឬ ច្រើនជាង ១០០ គីឡូក្រាម។ ប៉ុន្តែឆ្នាំនេះ គឺធ្លាក់ទិន្នផលចុះមកត្រឹមតែ ៣០ ឬ៤០គីឡូក្រាមក្នុងមួយដើម ។ ឆ្នាំនេះដំណាំយើងហុចផលឲ្យអន់ជាងឆ្នាំមុនៗ» ។

អ្នកស្រី គឹម សុភារម្យ បានបន្តថា មៀនរបស់អ្នកស្រីមិនបានប្រើប្រាស់ថ្នាំដូចគេនោះទេ ពោល គឺដាំបែបធម្មជាតិ ទើបជួបបញ្ហាសត្វល្អិតស៊ីច្រើន តែការមិនប្រើជីគីមី គឺជួយរក្សាកេរ្តិ៍ឈ្មោះរបស់មៀនកោះក្របី ដែលល្អទាំងរសជាតិ និងមានសុវត្ថិភាពសម្រាប់អតិថិជនដែលជាវយកទៅទទួលទាន ។

យ៉ាងណាមិញ អ្នកស្រីបញ្ជាក់ថា បើសិនជាម្ចាស់ចំការប្រើថ្នាំគីមីវិញ គេទទួលបានផលក្នុងមួយដើម អាចទទួលបានផលពី៥០ទៅ៦០គីឡូក្រាម សម្រាប់ឆ្នាំនេះ ។ ប៉ុន្តែអ្នកដែលប្រើថ្នាំនៅពេលប៉ះចំរដូវភ្លៀងក៏មិនទ ទួលបានផលច្រើនដែរ ។ ងាកទៅតម្លៃផ្លែមៀនកោះក្របីវិញ អ្នកស្រីបានឲ្យដឹងថា ផ្លែមៀនដែលអ្នកមីងទទួលបានផលនេះលក់បោះដុំបានមួយគីឡូ៨ ពាន់ ទៅ ៩ពាន់រៀល ក្នុងមួយគីឡូក្រាម (រដូវមៀនច្រើន) តែបើលក់នៅក្នុងតម្លៃរាយវិញ បានតម្លៃ ១៣ ពាន់ ទៅ១៥ ពាន់រៀលក្នុងមួយគីឡូក្រាម ដែលតម្លៃនេះគឺជាតម្លៃថេរ លក់រៀងរាល់ឆ្នាំ ។

អ្នកស្រីបានបញ្ជាក់ថា «ពេលមៀនទុំចំរដូវបុណ្យទាន ដូចជាសែនក្បាលទឹក ឬសែនផ្សេងមៀនបានតម្លៃខ្ពស់គឺពី១៥ពាន់រៀល ទៅ២ម៉ឺន ឬ២៥ ពាន់ ជួនកាលក៏ឡើងថ្លៃដល់ ៣ម៉ឺនរៀលឯណោះ ក្នុងមួយគីឡូក្រាម ទៅតាមប្រភេទមៀន (សាច់ក្រាស់ ឬសាច់ស្តើង) ។ សាច់មៀនក្រាស ផ្លែធំ សំបុរល្អ បានតម្លៃ ៣ម៉ឺនរៀល ឬ ២៥ពាន់រៀល ក្នុងមួយគីឡូក្រាម ។ មៀន ខ្ញុំរើសពូជគឺសាច់ល្អ សំបុរល្អ និងផ្លែល្អ»។
ជុំវិញបទពិសោធន៍នៃការដាំដុះនិងថែរក្សាដើមមៀន ដើម្បីទទួលបានទិន្នផលល្អនោះ អ្នកស្រី គឹម សុភារម្យក៏បានឲ្យដឹងផងដែរថា មៀនដែលទទួលបានរហូតដល់បេះយកទៅលក់មានភាពខុសគ្នាគឺនៅពេលមានទឹកគ្រប់គ្រាន់ វានឹងឲ្យផលរយៈពេល៣ ឬ៤ខែមានអាចប្រមូលបាន។ ប៉ុន្តែមៀនដែលអ្នក មីងដាំមិនបានប្រើប្រាស់ថ្នាំគីមីនោះទេព្រោះថាអ្នកមីងទុកសម្រាប់ហូបខ្លួនឯងផងដែរ។ តែអ្នកខ្លះគេបានប្រើប្រាស់ថ្នាំគីមី ដើម្បីឲ្យមៀនរបស់គេមានពណ៌ល្អ និងសាច់ក្រាស ជាដើម។

យ៉ាងណាក្តីអ្នកមីងក៏បានលើកឡើងថាមៀន ដែលអ្នកមីងដាំសុទ្ធតែជាមៀនដែល បណ្តុះកូនដោយខ្លួន ព្រោះមានសាច់ល្អ ផ្លែ ល្អ បើគិតចាប់ពីដាំមៀនរយៈពេល២ ឬ៣ ឆ្នាំមាន ផ្កា។ អ្នកស្រីបានបន្តថាមៀនអាចប្រមូលផលក្នុងមួយឆ្នាំបាន២ដង ដោយក្នុងមួយឆ្នាំអ្នកមីងប្រមូល ផលពីផ្លែមៀនលក់បានប្រាក់៨លានរៀន ឬច្រើនជាងនេះ ទៅតាមលទ្ធផល មៀនដែលទទួលបានមួយឆ្នាំៗ។
អ្នកមីងក៏បានឲ្យដឹងទៀតថាពេលនេះអ្នកមីងមានចំការមៀនច្រើនដើម ហើយកំពុងតែដាំបន្ថែមទៀត ព្រោះមៀនក៏កំពុងមានទីផ្សារខ្លាំងផងដែរ។ ទាក់ទិននឹងសំណួរថា តើផ្លែមៀនកោះក្របី និងកោះអន្លង់ចិនខុសគ្នាបែរណា? អ្នកមីងដែលជាអ្នកប្រកបរបដាំមៀន បានឲ្យដឹងថាមៀនកោះអន្លង់ចិនមានភាពខុសគ្នាទាំងរសជាតិ និងសំបុរផ្លែ ។ ព្រោះថាមៀនកោះអន្លង់ចិន ភាគច្រើនគេប្រើប្រាស់ថ្នាំគីមីបាញ់ដើម្បីឲ្យមៀនមានសាច់ក្រាស់ល្អ ពណ៌ល្អ ប៉ុន្តែរសជាតិមិនសូវឆ្ងាញ់ដូចមៀនកោះក្របីនោះទេ។ អ្នកមីងបញ្ជាក់ថា «មៀនកោះក្របីផ្អែមឈ្ងុយជាងមៀនកោះអន្លង់ចិន ។
ហេតុបាននិយាយដូច្នេះព្រោះថានៅកោះអន្លងចិនគេដាក់ភាគច្រើនបាញ់ថ្នាំគីមី ហើយសាច់មៀនក្រាស់ ពណ៌ល្អ ប៉ុន្តែរសជាតិមិនដូចមៀនកោះក្របីទេ គឺផ្អែមមិនមុតនោះទេ ។ មៀនកោះអន្លង់ចិន ផ្អែម តែរាងសាបជាងមៀនកោះក្របី ។ មៀនកោះក្របីផ្អែមជាប់មាត់ ហើយឈ្ងុយទៀត»។
ជាមួយគ្នានោះដែរអ្នកមីងក៏បានលើកឡើងថាការដាំមៀនក៏មានឆាប់បានទទួលផលក៏អាស្រ័យលើគុណភាពដីនិងពូជផងដែរ គឺបើដីល្បប់មៀននឹងឆាប់ទទួលផលផ្លែល្អសាច់ល្អ។ បើតាំអ្នកមីងដែលជាអ្នកមៀនបានឲ្យដឹងថានៅពេលដល់រដូវប្រមូលផលមៀនម្តងៗនៅពេលដើរចូលចម្ការមានខ្លិនប្រអូបឈ្ងុយ ប្រហើរ៕
ចែករំលែកព័តមាននេះ