ខេត្តមណ្ឌលគិរី ៖ បុរសវិកលចរិតជនជាតិព្នងម្នាក់ត្រូវសមត្ថកិច្ចក្រុងសែនមនោរម្យចាប់ឃាត់ខ្លួន បន្ទាប់ពីដើរកាន់កាំបិតពីរដើមគំរាមកាប់អ្នកភូមិណាដែលចូលមកជិតខ្លួន។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦ និង៤០នាទីល្ងាច ថ្ងៃទី១ មីនា ២០១៥ នៅភូមិដំរីជាន់ សង្កាត់រមនា ក្រុងសែនមនោរម្យ។
លោកញ៉ែម វ៉ាន់នី ស្នងការនគរបាលខេត្តបានឲ្យដឹងថា ជនវិកលចរិតនោះមានឈ្មោះ យ៉ុន ម៉ាណង់ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិព្នង នៅភូមិដំរីជាន់ សង្កាត់រមនា ក្រងសែនមនោរម្យ។
ដើម្បីជៀសវាងគ្រោះមហន្តរាយកើតឡើងលោកក៏បានបញ្ជាកំលាំងការិយាល័យកណ្តាលព្រហ្មទណ្ឌដែលដឹកនាំដោយលោកវរសេនីយ៍ឯក សូ សុវណ្ណ និងនគរបាលក្រុងសែនមនោរម្យចុះអន្តរាគមន៍ ដោយប្រើរថយន្តទឹកមួយគ្រឿង និងបានបុកទម្លុះទ្វារផ្ទះបាញ់ទឹកចាប់ជនវិកលចរិតបាននៅវេលាម៉ោង៧ និង៣០នាទីយប់ដោយជោគជ័យ ។
បច្ចុប្បន្នជនវិកលចរិតនោះត្រូវបានសមត្ថកិច្ចនាំខ្លួនមកឃុំជាបណ្តោះអាសន្ននៅស្នងការនគរបាលខេត្តមណ្ឌលគិរី។ លោកស្នងការរង សូ សុវណ្ណ បានបញ្ជាក់ថា ជនវិកលចរិតរូបនេះប្រហែលជាអាចបញ្ជូនខ្លួនទៅមន្ទីរពេទ្យឆ្កួតដើម្បីធ្វើការពិនិត្យព្យាបាល ព្រោះករណីនេះមើលទៅជនវិកលចរិតមិនទាន់ក្លាយជាមនុស្សឆ្កូតធ្ងន់ធ្ងរនៅឡើយទេ៕
ចែករំលែកព័តមាននេះ