ប្រភពព័ត៌មានផ្លូវការមួយរាយការណ៍កាលពីថ្ងៃទី២៨ កុម្ភៈ ថា តុល្យការនៃអ្នកស្លាប់ដោយសារការបាក់ដីដែលកើតមានរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅអាហ្វហ្គានីស្ថាន ឡើងដល់ជាង២៥០នាក់ ហើយមនុស្សជាច្រើននាក់ទៀត នៅបាត់ខ្លួន ។
លោក អាស្លាម សាហ៍យ៉ាស់ អ្នកទទួលខុសត្រូវម្នាក់នៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិអាហ្វហ្គានីស្ថាន រៀបរាប់ប្រាប់សារព័ត៌មានក្នុងស្រុកថា ទិន្នន័យចុងក្រោយរៀបរាប់ពីមនុស្សស្លាប់ជាង២៥០នាក់ ក្រោយការបាក់ដី និងការធ្លាក់ព្រិលខ្លាំងក្នុងប្រទេស រយៈពេល៥ថ្ងៃចុងក្រោយនេះ ។
ភ្នំជាច្រើនរបស់ប្រទេស ពិសេសនៅខេត្ត Panjshir ដែលរងការប៉ះពាល់ដោយសារព្រិលធ្លាក់ខ្លាំងប៉ុន្មានសប្តាហ៍មកហើយ បានបាក់ផ្ទាំងថ្ម ដី និងព្រិលទឹកកក ធ្វើឱ្យផ្លូវថ្នល់ជាច្រើនខ្ទប់ជាប់ ។
លោក សាហ៍ យ៉ាស និយាយទៀតថា គេពុំទាន់ដឹងថា តើមានមនុស្សប៉ុន្មាននាក់បាត់ខ្លួន ឬនៅជាប់ដោយសារព្រិលឡើយ ។ បណ្តាក្រុមសង្គ្រោះរបស់យើងពុំអាចចូលទៅដល់គ្រប់តំបន់រងគ្រោះឡើយ ដោយសារព្រិលធ្លាក់ខ្លាំងពេក និងការបាក់ដីខ្ទប់ផ្លូវជាច្រើនកាត់ជ្រលងភ្នំដែលចង្អៀត ក្នុងខេត្ត Panjshir ។
មន្ត្រីរូបនេះ គូសបញ្ជាក់ថា បណ្តាក្រុមជួយសង្គ្រោះ អាចចែកចាយកញ្ចប់ស្បៀង និងឧបករណ៍ឯទៀតៗឱ្យដល់មនុស្សជិត២.០០០គ្រួសារ នៅខេត្ត Panjshir ដែលនៅទីនោះបណ្តាគ្រឿងចក្រប៉ុនប៉ង ឈូសឆាយបើកផ្លូវថ្នល់ទាំងឡាយនៅតាមបណ្តាស្រុក និងភូមិនៅតាមចង្កេះភ្នំ ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថាន ប្រកាសពីការកាន់មរណទុក្ខជាតិរយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៨ កុម្ភៈ ទៅ ៕
ចែករំលែកព័តមាននេះ