ខេត្តកំពង់ស្ពឺ ៖ បុរសវ័យចំណាស់ម្នាក់ដែលគេស្គាល់ថាជាម្ចាស់រថយន្តស្ទូច ត្រូវបានម្ចាស់ក្រុមហ៊ុនស្លាកយីហោ ខេមបូអាត ដាក់ពាក្យបណ្តឹងទៅកងរាជអាវុធហត្ថក្រុងច្បារមន ដោយសារម្ចាស់ក្រុមហ៊ុនបានជួលឱ្យទៅស្ទូចប៉ាណូស្លាកយីហោ តែបានធ្វើឱ្យធ្លាក់បាក់ប៉ាណូនោះមកដី ខូចខាតអស់ ។
ហេតុការណ៍ធ្លាក់ផ្ទាំងប៉ាណូដ៏ធំមួយនេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីរសៀល ថ្ងៃទី២៤ កុម្ភៈ ស្ថិតនៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។
ផ្ទាំងស្លាកប៉ាណូដែលធ្លាក់មកនេះ ជារបស់ក្រុមហ៊ុនខេមបូអាត ដែលជាក្រុមហ៊ុនដំឡើងស្លាកប៉ាណូនានា ដែលមានតំណាងរបស់ក្រុមហ៊ុន គឺលោក តេង ហឿន អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិប៉ប្រ៉ក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកម្ចាស់រថយន្តស្ទូច ឈ្មោះ តាពុយ អាយុជាង៥០ឆ្នាំ រស់នៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន ។
តាមសម្តីរបស់លោក ធី ឆៃ មេបញ្ជាការកងរាជអាវុធហត្ថក្រុងច្បារមន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ក្រុមហ៊ុនបានទៅជួលរថយន្តស្ទូចនេះក្នុងតម្លៃ២០០ដុល្លារ មកស្ទូចស្លាកយីហោខាងលើចុះដើម្បីឱ្យគេចាក់ដី នៅពេលចាក់រួចរាល់ទើបយកមកដាក់វិញ ។ ប៉ុន្តែនៅពេលរថយន្តកំពុងស្ទូចផ្ទាំងប៉ាណូដ៏ធំដែលមានទម្ងន់៣តោននោះ ស្រាប់តែជើងទប់របស់រថយន្តផុងដី បណ្តាលឱ្យធ្លាក់ស្លាកយីហោមក បាក់ខូចខាត ។ ពេលនោះម្ចាស់ក្រុមហ៊ុនបានទៅដាក់ពាក្យបណ្តឹងម្ចាស់រថយន្ត ដែលធ្វើឱ្យខូចខាតនោះ ដោយទារសំណងចំនួន២.៥០០ដុល្លារ ហើយតម្លៃប៉ាណូទាំងមូលគឺ៥.០០០ដុល្លារ ។ ប៉ុន្តែនៅពេលដោះស្រាយគ្នានោះ ម្ចាស់រថយន្តមានលទ្ធភាពសងត្រឹមតែ១.២០០ដុល្លារប៉ុណ្ណោះ ដោយចរចាមិនត្រូវគ្នា ត្រូវលោក ធី ឆៃ ឃាត់រថយន្តស្ទូចនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងច្បារមនសិន រង់ចាំដោះស្រាយបន្តទៀត ៕
ចែករំលែកព័តមាននេះ