រាជធានីភ្នំពេញ ៖ អគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្ម
ប៊ីអេសក្នុងខណ្ឌ៧មករា ដែលពេលនេះ មានអាយុកាល៧០ឆ្នាំហើយ និងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង ព្រមទាំងបានរបេះជ្រុះផ្នែកខ្លះនៃសំណង់មកលើផ្លូវ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស កាលពីពេលថ្មីៗនេះ បានធ្វើឱ្យរថយន្ត១គ្រឿងរងការខូចខាតបែកកញ្ចក់មុខ ។
ដោយមើលឃើញពីស្ថានភាពចាស់ទ្រុឌទ្រោមនៃសំណង់អគារនេះ រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលរស់នៅលើអគារនេះ ប្រមាណជិត១០០នាក់ មកប្រជុំផ្សព្វផ្សាយដើម្បីរិះរកដំណោះស្រាយឱ្យបានសមស្រប ចៀសវាងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុនោះ ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា អគារអង្គរជ័យដែលមានទីតាំងនៅទល់មុខអតីតអគារពាណិជ្ជកម្មប៊ីអេស កាច់ជ្រុងមហាវិថីព្រះមុនីវង្សកែងមហាវិថីកម្ពុជាក្រោម គឺជាអគារចាស់ទ្រុឌទ្រោមមានអាយុកាល៧០ឆ្នាំហើយ គឺមិនអាចឱ្យបងប្អូនប្រជាពលរដ្ឋបន្តរស់នៅបានទៀតទេ ព្រោះវាអាចនឹងកើតមានឡើង នូវហានិភ័យខ្ពស់ជាយថាហេតុ ។
ឯកឧត្តមអភិបាលបន្តថា ដោយមើលឃើញពីស្ថានភាពនៃគ្រោះថ្នាក់នេះ ទើបអាជ្ញាធររាជធានីភ្នំពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលស្នាក់នៅក្នុងអគារនេះមកប្រជុំពិភាក្សាគ្នារកដំណោះស្រាយធ្វើយ៉ាងណាដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចៀសផុតហានិភ័យផ្សេងៗដែលនឹងកើតចេញពីអគារចាស់នេះ ។ លោកបន្តថា ការកោះអញ្ជើញបងប្អូនប្រជាពលរដ្ឋទាំងអស់មកនេះ គឺដើម្បីរកមធ្យោបាយធ្វើយ៉ាងណាដោះ
ស្រាយឱ្យបានសមស្របដែលបងប្អូនប្រជាពលរដ្ឋចង់បាន ។
អាជ្ញាធររាជធានីភ្នំពេញរក្សាកម្មសិទ្ធិគ្រប់យ៉ាងជូនបងប្អូនប្រជាពលរដ្ឋមានន័យថា បើស្នាក់នៅ១បន្ទប់ ២បន្ទប់ ឬ៥បន្ទប់ រដ្ឋបាលរាជធានីភ្នំពេញរក្សាកម្មសិទ្ធិជូនបងប្អូនទាំងអស់ និងម្យ៉ាងទៀតគឺដើម្បីរក្សាការពារនូវអាយុជីវិតរបស់បងប្អូន ដោយបងប្អូនមិនអាចរស់លើអគារទ្រុឌទ្រោមនេះបានទៀតទេ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ទៀតថារដ្ឋបាលរាជធានីភ្នំពេញក្នុងនាមជាអាណាព្យាបាលរបស់បងប្អូនប្រជាពលរដ្ឋតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនហើយ បើបងប្អូនប្រជាពលរដ្ឋជឿទុកចិត្តមកលើរដ្ឋបាលរាជធានីភ្នំពេញដើម្បីស្វែងរកដៃគូមកធ្វើការវិនិយោគដែលអាចសាងសង់អគារថ្មីនៅលើទីតាំងចាស់ អាចរកម៉ូយមកទិញអគារនេះ ឬក៏អាចឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៃអង្គាសគ្នា ដើម្បីធ្វើការជួសជុលអគារនេះឡើងវិញ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា អ្វីដែលជាគោលបំណងពិតរបស់រដ្ឋបាលរាជធានីភ្នំពេញគឺមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋរស់នៅលើទីតាំងនេះជាមួយនឹងការប្រឈមមុខនូវហានិភ័យខ្ពស់បែបសព្វថ្ងៃនេះបានទេ ។
ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងពីបំណងរបស់ពួកគាត់ផងដែរ ដោយពួកគាត់ទទួលស្គាល់ថា អគារខាងលើពិតជាអគារចាស់ទ្រុឌទ្រោមពិតមែននិងសូមឱ្យអាជ្ញាធររាជធានីភ្នំពេញជួយដោះស្រាយរបៀបដូចការដោះស្រាយនៅអគារប៊ូឌីង ប្រជាពលរដ្ឋរីករាយជាមួយនឹងការដោះស្រាយទិញលក់ក្នុងតម្លៃទីផ្សារសេរី ។
សូមបញ្ជាក់ថា អគារនៅទល់មុខអតីតអាពាណិជ្ជកម្មប៊ីអេសនេះមានបងប្អូនប្រជាពលរដ្ឋរស់នៅចំនួន៦៥គ្រួសារ ស្មើនឹង១០១បន្ទប់ ដែលប្រជាពលរដ្ឋរស់នៅទីនេះក៏ធ្លាប់
ត្រូវបានអាជ្ញាធរសង្កាត់ ខណ្ឌ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញបានធ្វើសេចក្តីជូនដំណឹងជម្រាបជូនអំពីស្ថានភាព អគារចាស់ទ្រុឌទ្រោមនេះជាច្រើនលើកច្រើនសាមកហើយ ដើម្បីឱ្យបងប្អូនត្រៀមខ្លួន និងចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការស្វែងរកដំណោះស្រាយណាមួយឲ្យបានសមស្របដែលប្រជាពលរដ្ឋទទួលយកដោយក្តីរីករាយ និងចៀសវាងនូវហានិភ័យផ្សេងៗ ។
ការជួបប្រជុំនេះត្រូវបានមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញប្រាប់ឱ្យដឹងថា ដើម្បីជាការស្ទាបស្ទង់រកវិធីដោះស្រាយជំហានដំបូងប៉ុណ្ណោះមិនទាន់សម្រេចថាត្រូវធ្វើបែបនេះឬបែបនោះនៅឡើយទេ ប៉ុន្តែបើផ្អែកទៅលើស្ថានភាពនៃសំណង់អគារគឺទ្រុឌទ្រោមណាស់ទៅហើយ ត្រូវតែរកច្រកចេញឱ្យបានឆាប់កាន់តែល្អ ៕
ចែករំលែកព័តមាននេះ