ស្ថានភាពភូមិសាស្ត្រ និងប្រជាសាស្ត្រ
ឯកសាររដ្ឋបាលខេត្តសរសេរថា ខេត្ត ស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍នៃរាជធានីភ្នំពេញ មានចម្ងាយប្រមាណ១២៥គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិច និងខាងជើងទល់នឹងខេត្តព្រៃវែង ខាងកើត និងខាងត្បូងទល់នឹងខេត្តតៃនីញនិងខេត្ដឡុងអាន ប្រទេសវៀតណាម ប្រមាណ២៥៨គីឡូម៉ែត្រ ។
ប្រជាជនបច្ចុប្បន្នមានជាង៦០ម៉ឺននាក់ ផ្ទៃដីសរុបទូទាំងខេត្ដ មាន២.៩៦៦,៤០គ.ម២ ។ ប្រជាជនភាគច្រើននៃខេត្ដនេះ មានមុខរបរដាំដំណាំស្រូវ ប្រជាជនជាទូទៅមានសម្បុរសណ្ដែកបាយ ប្រើប្រាស់ភាសាខ្មែរ និងតាមតំបន់ព្រំដែនប្រើប្រាស់ភាសាកំឡាយខ្លះជាមួយភាសា វៀតណាម ។ ទម្លាប់នៃការប្រើប្រាស់ភាសាបញ្ជាក់ទម្ងន់ឃ្លា គេច្រើននិយាយ «មែនតើ មែនក៏អី អត់តេ ឬតេ…» ។ នេះជាពាក្យគ្រាមភាសា និយាយចំតួអក្សរ ច្បាស់ៗ កំបុតៗ ដែលអ្នកខេត្ដដទៃច្រើនលើកទៅនិយាយលេងសើច ឬចំអកដល់អ្នកខេត្ដស្វាយរៀង ។
ការបរិភោគប្រចាំថ្ងៃ អ្នកក្រៅខេត្ដតែងនិយមហៅប្រជាជនខេត្ដស្វាយរៀង ជាម្ចាស់នៃញាំភ្លាផ្កាស្ដៅ ឬសម្លកកូរកណ្ដៀង រហូតមានភូមិមួយ អ្នកស្រុកហៅថា ភូមិកណ្ដៀងរាយ ។ ឥរិយាបទប្រជាជន និយមចូលចិត្ដរាប់អានញាតិមិត្ដ ស្មោះត្រង់ មានចរិតក្លាហាន និងគោរពព្រះពុទ្ធសាសនាជាធំ ហេតុនេះហើយ ទើបតាមឃុំមួយចំនួន គេឃើញមានការកសាងវត្ដអារាម ដោយឃុំខ្លះមាន ២ ឬ៣វត្ដអារាម ។
ផ្អែកតាមទំនៀមទំលាប់ប្រពៃណីវិញ ប្រជាជនខេត្ដនេះ មានការគោរពទំនៀមទម្លាប់ប្រពៃណីតឹងតែងក្នុងពិធីបុណ្យ ផ្សេងៗ ពិធីមង្គលការកូន ឬបុណ្យឡើងអ្នកតា បុណ្យទានតាមផ្ទះ បុណ្យបូជាសពជាដើម ។
ផ្ទៃដី និងសណ្ឋានដីនៃខេត្តនេះ ជាតំបន់វាលរាប និងមានបឹងបួរដោយកន្លែង ដីពុំសូវមានជីជាតិ ដែលជាហេតុនាំឱ្យដំណាំមួយចំនួនពុំអាចផ្ដល់ផ្លែផ្កា ឬផលានុផលតាមការចង់បានដូចដីនៅតំបន់មាត់ទន្លេមេគង្គ ឬតំបន់ជុំវិញបឹងទន្លេសាប និងតំបន់ខ្ពង់រាបដីក្រហមឡើយ ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្រុមហ៊ុនខ្លះបានសាកល្បងដាំដំណាំកសិ-ឧស្សាហកម្ម ដូចជា កៅស៊ូ អំពៅ ដំឡូងមី នៅស្រុករមាសហែក រំដួល និងស្វាយទាប ។ នៅបណ្ដាស្រុកខ្លះ និងឃុំមួយចំនួន ប្រជាពលរដ្ឋមានការលំបាកដោយខ្វះទឹក ដូចជា ឃុំទួលស្ដី និងឃុំចន្ទ្រា ទឹកក្នុងដីមានរសជាតិជូរ និងប្រៃ ហើយកន្លែងខ្លះខ្វះប្រភពទឹកជាដើម ដែលជាហេតុធ្វើឱ្យការរស់នៅតំបន់នោះជួបការលំបាក ។
ស្ថានភាពភូមិសាស្ត្រក្នុងផែនទីរបស់ខេត្ត មានរាងជាចំពុះទា ដែលមានខ្សែព្រំដែនលយចេញ និងចូល ទៅតាមសណ្ឋានដីដែលបារាំងបានគូសវាស់ និងបន្សល់ទុក ។ បច្ចុប្បន្ន ដោយមានការវិនិយោគពីអ្នកវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ជាពិសេសក្នុងវិស័យវាយនភណ្ឌ តាមរយៈរោងចក្រកាត់ដេរ បានផ្ដល់ការងារជូនប្រជាជន និងចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៅក្នុងខេត្ត ឱ្យមានភាពប្រសើរឡើងជាលំដាប់ ។
អំពីទន្លេវ៉ៃគោ
ទីរួមខេត្ដស្វាយរៀង ភាគខាងកើត និងខាងត្បូងហ៊ុមព័ទ្ធដោយទន្លេវ៉ៃគោ ដែលឈ្មោះទន្លេវ៉ៃគោនេះ ជាទម្លាប់ហៅរបស់អ្នកស្រុក ក្នុងអំឡុងស.វទី១២-១៣ ស្របពេលជាមួយនឹងការកើតខេត្តរោងដំរី ។
ទន្លេនេះមានជម្រៅជ្រៅ អាចផ្ទុកទឹកជាច្រើនលានម៉ែត្រគូបបម្រើវិស័យកសិកម្ម និងផ្ដល់ពូជត្រីគ្រប់ប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់ជីវភាពប្រជាជនខេត្ដស្វាយរៀង មួយភាគ ។ ពាក់ព័ន្ធនឹងទន្លេនេះ តាមសាវតារបញ្ជាក់ថា ដើមឡើយទន្លេនេះកើតឡើងពីធម្មជាតិ និងមានជម្រៅល្មមអាចសំពៅ និងទូកនានាអាចធ្វើដំណើរបាន ។ សម័យដើម ពុំមានផ្លូវថ្នល់ ឬស្ពានឆ្លងកាត់ទន្លេនេះ ទើបអ្នកជំនួញ ឬអ្នកដំណើរតែងតែប្រើប្រាស់ផ្លូវទឹកទន្លេនេះ ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ និងមានដៃទន្លេភ្ជាប់ទៅភាគខាងក្រោមនៃប្រទេសផងដែរ ។ ការធ្វើចរាចរណ៍ដោយសំពៅនេះហើយ ទើបបន្សល់នូវទួលបុរាណមួយចំនួន ដែលមានឈ្មោះថា ទួលសំពៅ ឬទួលកប់សំពៅ ដូចជានៅរមណីយដ្ឋានព្រៃប្រាសាក់ជាដើម ។
ប្រជាពលរដ្ឋរស់នៅតាមដងទន្លេតែងធ្វើជំនួញជួញដូរជាមួយជនជាតិចិន អាណ្ណាម ដោយផ្អែកលើផ្លូវទឹក ពិសេសទន្លេនេះមានលក្ខណៈអំណោយផលដល់ទូក សំពៅ តូចធំ អាចចេញ-ចូលបានក្នុងការដោះដូរទំនិញ ផ្សេងៗ ។ ឈ្មួញ និងអ្នកស្រុកតែងតែ «វ៉ៃគោ» ឱ្យឡើងទូក ឬសំពៅ ឬដើម្បីចម្លងទៅត្រើយម្ខាងនៃទន្លេ ហើយក៏មានទម្លាប់ហៅថា «ទន្លេវ៉ៃគោ» តរៀងមក ហើយពាក្យ «វ៉ៃ» នេះ ក្លាយមកពីពាក្យ «វាយ» ដែលមានន័យដូចគ្នា (ឯកសារ.បណ្ឌិតសារិន ឆាក) ។
អំឡុងឆ្នាំ១៨៧០ លោក Bertauxប្រធានឋានលេខាគណិតសុរិយាដី រួមនិងលោក Du Cos បានគូសផែនទីក្នុងពេលធ្វើអាណានិគម ដោយបានបែងចែកទន្លេនេះជាពីរផ្នែក គឺទន្លេវ៉ែគោខាងកើត(ទន្លេវ៉ៃគោធំ) ស្ថិតក្នុងទឹកដីកូសាំងស៊ីន និងទន្លេវ៉ៃគោខាងលិច (ទន្លេវ៉ៃគោតូច) ស្ថិតក្នុងទឹកដីកម្ពុជា ។ ទន្លេវ៉ៃគោខាងលិច មានប្រភពនៅបាភ្នំ ហូរចុះទៅដីទំនាប ទៅតំបន់ក្រាំងស្លាឦសានបាភ្នំ ហូរតម្រង់ចូលបឹងមេសាង រួចហូរកាត់វាលទំនាបជីផុច ទើបហូរចូលខេត្ដស្វាយរៀង ពីកំពង់របោះព្រីង ទៅដល់ឃុំបាយ៉ាប ឆ្លងទៅវៀតណាម ។
រីឯទន្លេវ៉ៃគោខាងកើត មានប្រភពពីទន្លេតូចខេត្ដកំពង់ចាម ។ ពេលទឹកឡើង បានហូរបែកជាពីរ ដោយមួយផ្នែកហូរកាត់តំបន់ទំនាបកំចាយមារ និងមួយផ្នែកទៀតហូរកាត់ស្រុកកញ្ជ្រៀច ខេត្ដព្រៃវែង រួចមកប្រសព្វគ្នានៅអណ្ដូងត្របែក ទើបមករួមគ្នានៅឃុំក្រសាំង ហូរធ្លាក់មកកំពង់ត្រាច ត្រស់ ពាមមេត្រី បាតត្រាស់ ហូរចូលទន្លេក្រាច់យ៉ូវ ប្រទេសវៀតណាម (ហៅថាទន្លេធំ) ។
ចំពោះស្ថានភាពបច្ចុប្បន្ន ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្ដមហុក ឡងឌី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក បានជំរុញឱ្យថ្នាក់ដឹកនាំខេត្ដ រៀបចំពិធីប្រណាំងទូក នៅទន្លេវ៉ៃគោនេះ ចាប់ពីឆ្នាំ២០០៨ ។ ថ្វីបើពុំទាន់មានការអភិវឌ្ឍទន្លេនេះឲ្យបានល្អប្រសើរសម្រាប់អ្នកទេសចរ ប៉ុន្ដែក្រសែភ្នែកអ្នកទេសចរ ដែលឆ្លងកាត់ខេត្ដ តែងតែសរសើរគ្រប់គ្នាថា ផ្ទៃទឹកទន្លេវ៉ៃគោ ពិតជាល្អប្រសើរណាស់ និងមានសម្រស់ពីធម្មជាតិគួរឲ្យគយគន់មិនចង់ឃ្លាតឆ្ងាយឡើយ ។ ក្នុងឆ្នាំ២០០៩ សម្ដេច តេជោ ហ៊ុន សែន បានអញ្ជើញមកជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីលែងពូជមច្ឆាជាច្រើន ដែលបច្ចុប្បន្នទន្លេវ៉ៃគោនេះ សំបូរត្រីធម្មជាតិគ្រប់ប្រភេទ។
សាវតារទាក់ទងនឹងស្វាយរៀង
ប្រវត្ដិស្វាយអង្គ
រឿងព្រេងដែលមានទាក់ទងដោយនាម «ស្វាយអង្គ» មានដូចតទៅ ៖ មានសេចក្ដីតំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ «សំរិទ្ធ»ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ ។ កាលដែលស្រុកកើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្ដ្រគ្រប់ខេត្ដ ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប ។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ ។ គាត់បានប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដារ មានគ្រឿងសាស្ដ្រាវុធ និងអាវតេជះជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង ។
លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ ។ លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ ។ ដោយឫទ្ធីតេជះរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន្ដត្រាណ ។
បុរសសំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរតទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វេចនេះ ឃើញមានតែសំពត់១ និងផ្លែស្វាយទុំពីរ បី ប៉ុណ្ណោះ ។ គាត់ដឹងថា បង្វេចនេះច្រឡំ ក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំង ហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ ។
បុរសសំរិទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ដ ។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក ។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា «ស្វាយអង្គរ» ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ «អង្គរ » ហៅកាត់ ខ្លីមកនៅត្រឹម «អង្គ» បានជាជាប់ពាក្យថា ស្វាយអង្គ ដល់សព្វថ្ងៃ ។
ក្រោយមកបុរសសំរិទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះ យូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរ គង់នៅជាច្រើន ។
កន្លងមកទៀត ដោយមានការទើសទែងក្នុងទីវត្ដផង មានសត្វស្លាប ផ្សេងៗ ទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការ បានឲ្យភិក្ខុសាមណេរ កាប់រលំដើមស្វាយនោះ តែដោយរិទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃបានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ ។
គួរឱ្យអស្ចារ្យណាស់ លោកគ្រូ ក៏ឲ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើងឃើញដុះសាច់ ដុះសំបកដើមដដែលទៀត ។ ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះឱ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រាំមិនបាននឹងពូថៅច្រើនពេកក៏រលំ ប៉ុន្ដែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា ។
នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យ ប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង ។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា១គីឡូម៉ែត្រពីវត្ដស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃគេឲ្យឈ្មោះថាវត្ដស្វាយផ្អែមវិញ ។ ប្រជាពលរដ្ឋបាននិទាន តៗគ្នាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើងជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យអំពីដើមស្វាយ ។
អំពីការដាក់នាមទីកន្លែង និងវត្តអារាម មានពាក្យស្វាយ
តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុក តែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះ នាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះ តែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ ស្វាយតឿ ស្វាយចេក ស្វាយយា ស្វាយតាយាន ស្វាយរំពារ ព្រៃស្វាយ ស្វាយតាភ្ល ស្វាយមីង ស្វាយធំ ស្វាយក្ងោក ស្វាយផ្អែម ស្វាយព្រហូត ស្វាយដូនអី ស្វាយជម្រៅ ស្វាយគយ ស្វាយក្អែ ស្វាយកណ្ដាល ស្វាយគុយ ស្វាយអាណាត ស្វាយប៉ោ ស្វាយរូង ស្វាយរលំ ស្វាយជុំ ស្វាយទន្ទឹម ស្វាយបទុម ត្រពាំងស្វាយ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ ។
ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ ។ តាមនិទានខ្លះតំណាលថា ក្រោយពីសង្គ្រាមមេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយ ចំនួន៧ប្រភេទ ប្រជារាស្ត្រហៅថាស្វាយ៧ដើម គឺមានស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន ។
ក្រោយមកកងទ័ព នាយទាហានបោះជំរំបន្ទាយនៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកដាំនៅទីតាំងបន្ទាយ និងខ្លះចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើតក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេសយកទៅដាំនៅទីទួលវត្តបុរាណ ទើបឈ្មោះភូមិ ឃុំ ស្រុក វត្តអារាម មានពាក្យ ស្វាយ ច្រើន ។ ជាក់ស្ដែងឈ្មោះឃុំ មានចំនួន ៩ គឺ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយយា ឃុំស្វាយរំពារ ឃុំស្វាយចេក ឃុំស្វាយតាយាន ឃុំស្វាយតឿ និងឃុំស្វាយរៀង ។ រីឯវត្តមាន១៥ និងវត្តទួលបុរាណ ចំនួន១៦ គឺ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយា វត្តស្វាយរំពារ វត្តស្វាយ (វត្តស្វាយមាន២វត្ត) វត្តស្វាយតាយាន វត្តស្វាយបុទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយកណ្ដាល ទួលស្វាយអណ្ដើក ទួលស្វាយកន្ត្រៃ ទួលស្វាយពុំគ្រង ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត ។
រឿងរ៉ាវនេះហើយជាប្រភព នៃការយកឈ្មោះ ស្វាយ ជាគោលក្នុងការដាក់ ឈ្មោះ ភូមិ ស្រុកមួយចំនួន ។ អំឡុងពេលបារាំង ធ្វើអាណាព្យាបាល ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧ គេបានបង្កើតប៉ុស្ដិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង ទីប្រជុំជនខេត្ដបច្ចុប្បន្ន ដែលគេហៅថា ប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល ។ នេះជាមូលដ្ឋានចម្បងនៃការបង្កើតឈ្មោះខេត្ដស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្ដដំបូងនៅឆ្នាំ១៩២២ ។
និមិត្ដសញ្ញាសម្គាល់ខេត្ដស្វាយរៀង
កាលដើមឡើយ មុន និងក្រោយរៀបចំខេត្តស្វាយរៀង ពុំដែលមានឯកសារណាមួយ ឬទឡ្ហីករណ៍ណាមួយដែលបានបញ្ជាក់ច្បាស់លាស់អំពីសាវតារ ឬនិមិត្តសញ្ញាសម្គាល់ខេត្តស្វាយរៀងឡើយ ។ បើតាមឯកសារមួយចំនួន ដែលសរសេរក្នុងចន្លោះឆ្នាំ ១៨៨៩-១៩០៤ ក៏ពុំឃើញមានសញ្ញាសម្គាល់អ្វីច្បាស់លាស់ដែរ ។ មុន និងក្រោយពេលច្របាច់បញ្ចូលគ្នារវាងខេត្តទាំងបី គឺ ខេត្តរមាសហែក ខេត្តរំដួល និងខេត្តស្វាយទាប ក៏គ្មាននិមិត្តសញ្ញាសម្គាល់អ្វីឡើយ ។
អំឡុងឆ្នាំ១៩៤៧ ថ្នាក់ដឹកនាំខេត្តបានរៀបចំរូបព្រះគោនន្ទីដាក់តាំងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់រង្វង់មូលរូបគោបច្ចុប្បន្ន ។ ម្យ៉ាងទៀតដើម្បីជាការរំឭកពីគុណរបស់ព្រះគោ ក្នុងរឿង «ព្រះគោព្រះកែវ» ផង និងបង្ហាញពីគុណសម្បត្តិរបស់តួអង្គសត្វគោ ដែលជួយបម្រើដល់វិស័យកសិកម្មក្នុងការអូសទាញ ភ្ជូររាស់ជាកម្លាំងស្នូល ដែលប្រជាជនខេត្តស្វាយរៀងភាគច្រើនលើសលប់រស់ដោយពឹងផ្អែកលើវិស័យកសិកម្ម ។ រហូតមកដល់ឆ្នាំ១៩៥៧ រូបគោត្រូវបានរចនាលម្អបន្ថែម ដោយសារអ្នកស្រុកមួយចំនួនមានជំនឿថា ជារូបព្រះគោក្នុងរឿងទេវកថា«ព្រះគោព្រះកែវ» មកចាប់បដិសន្ធិក្នុងទឹកដីខេត្តស្វាយរៀងនេះ និងតែងតែផ្ដល់សេចក្ដីសុខសប្បាយ ៕
ចែករំលែកព័តមាននេះ