ខេត្តកណ្តាល ៖ នៅល្ងាចថ្ងៃទី៣០ សីហា លោក អាត ចន្ឌ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានសម្រេចចេញដីការឃុំខ្លួន ជនត្រូវចោទ២នាក់ដែលធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត្រ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ«ស្លៀក
ដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិនិងឆបោក» តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី២៩ សីហា វេលាម៉ោង១០និង៣០នាទី នៅចំណុចភូមិសៀមរាប ឃុំ សៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនត្រូវចោទទី១-ឈ្មោះ ហុន សៀវប៉ាវ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិត ភូមិព្រៃរំដួលខាងលិចឃុំ បសេដ្ឋ ស្រុក បសេដ្ឋ ខេត្តកំពង់ស្ពឺ ទី២-ឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ ២០ឆ្នាំមានទីលំនៅភូមិស្រីជា ឃុំល្បើក ស្រុកឈូក ខេត្តកំពត។

នគរបាលស្រុកកណ្តាលស្ទឹងបានអោយដឹងថា នៅថ្ងៃទីខែឆ្នាំកើតខាងលើ វេលាម៉ោង ០៧និង០០នាទី ជនសង្ស័យ០៥នាក់ មានឈ្មោះ ឡុង ជាអ្នកបើករថយន្ត ឈ្មោះ ខ្លា ឈ្មោះ សៅឈ្មោះ វង្ស ដារ៉ា និង ឈ្មោះ ហុន សៀកប៉ាវ បានជិះរថយន្ត១គ្រឿង កាម៉ារី ហើម ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 2L 5453 ចេញពីផ្ទះសំណាក់មួយកន្លែងមិនស្គាល់យីហោ ក្នុងរាជធានីភ្នំពេញ សំដៅមកដល់រង្វង់មូលគួរស្រូវ ក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឈប់រថយន្តនៅជិតនោះ ។

ហើយឈ្មោះឡុង ក៏បានចែកស្បង់ចីពរ ហង្សសាក់ ថង់យាម អ៊ុតឃុត ឆាយាគណៈមហានិកាយ ម្នាក់មួយសំបុត្របុណ្យជាច្រើនសន្លឹក រួចជនសង្ស័យឈ្មោះ ហុន សៀកប៉ាវ និងឈ្មោះ វង្ស ដារ៉ា បានចុះដើរចែកសំបុត្របុណ្យ និងអង្គាសប្រាក់នៅតាមដងផ្លូវជាតិលេខ២ មកទិសខាងត្បូង ពេលដើរមកដល់ចំណុច កើតហេតុខាងលើ បានជួបជាមួយព្រះចៅអធិការវត្ត វិហារកំបោរ ដោយមានការសង្ស័យព្រះចៅអធិការបានសួរនាំ ហើយបាននាំជនសង្ស័យទាំង២នាក់ខាងលើ ទៅប្រគល់ជូនព្រះចៅអធិការវត្តវិហារបិតមាស ដែលជាព្រះអនុគុណស្រុកកណ្ដាលស្ទឹងសួរនាំបន្ត ដោយពិនិត្យឃើញថា ជនសង្ស័យទាំង២ ជាព្រះសង្ឃក្លែងក្លាយ ដោះស្បង់ជីពរចេញ ប្រគល់ជូនសមត្ថកិច្ចស្រុកកណ្តាលស្ទឹង និងបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ដេីម្បីបន្ត ចាត់ការតាមនីតិវិធី ។
ចែករំលែកព័តមាននេះ