ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ​អំពាវនាវឱ្យ​ភ្ញៀវ​ជាតិ​-អន្តរជាតិ​ចូលរួម​ទស្សនា និង​កំសាន្ត​​​​ក្នុង​ពិធី​បុណ្យ​ទន្លេ

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា និង​កំសាន្ត​ដោយ​រីករាយ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​១​ដែល​នឹង​ត្រូវ​រៀបចំ​ពី​ថ្ងៃ​ទី​១៣ ដល់១៥ ​មីនា ​២០១៥

រាជ​ធានី​ភ្នំពេញ​ ៖ ​គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ​បាន​អំពាវនាវ​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលរួម​ទស្សនា និង​កំសាន្ត​ដោយ​រីករាយ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​១​ដែល​នឹង​ត្រូវ​រៀបចំ​ពី​ថ្ងៃ​ទី​១៣ ដល់១៥ ​មីនា ​២០១៥ នៅ​ខេត្តក្រចេះ ។ ការ​អំពាវនាវ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​របស់​គណកម្មការ​បុណ្យ​ទន្លេ​កាលពី​ថ្ងៃ​ទី​២១ ​កុម្ភៈ ​​២០១៥ នៅ​សាលាខេត្ត​ក្រចេះ ក្រោម​វត្តមាន​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​ទន្លេ រួម​ទាំង​អភិបាលខេត្ត និង​មន្ត្រី​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត ។

លោក ថោ​ង ខុន មាន​ប្រសាសន៍​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​១​នេះ​រៀបចំ​ឡើង​ក្រោម​ប្រធានបទ (​ទេសចរណ៍​តាម​ដង​ទន្លេ​សម្រាប់​ការ​អភិវឌ្ឍន៍​សហគមន៍​) ។ លោក​បញ្ជាក់​ថា ពិធីបុណ្យ​ទន្លេ​នេះ​មិន​គ្រាន់តែ​ប្រារព្ធ​ឡើង​ដើម្បី​អរគុណ​ដល់​ទន្លេ​ដែល​នាំ​មក​នូវ​ដីល្បាប់​ដ៏​មាន​ជីជាតិ និង​មច្ឆា​ដ៏​សម្បូរ​បែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជម្រុញ​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរណ៍​ខេត្ត​នានា​តាម​ដង​ទន្លេ ជា​ពិសេស​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​ទាំងនោះ​ឲ្យ​មានការ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការងារ​ទេសចរណ៍​សហគមន៍ ។

លោក ថោ​ង ខុន បាន​ឲ្យ​ដឹង​ថា ពិ​ធិ​បុណ្យ​ទន្លេ​លើក​ទី​១​នេះ​រួម​មាន​សកម្មភាព៤​សំខាន់​ៗ​ដូច​ជា ការ​ផ្សាយ​ផ្ទាល់​នូវ​ការ​សម្ដែង​ទស្សនីយភាព​សិល្បៈ ការ​ប្រគំតន្ត្រី និង​ការ​បាញ់​កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​ទន្លេ​លើក​ទី​១ ។ ការ​រៀបចំ​មហោស្រព​ម្ហូបអាហារ និង​ភេស្ជជៈ​, ពិព័រណ៌​ផលិតផល​ក្នុងស្រុក និង​ផលិតផល​អន្តរជាតិ​នានា រួម​ទាំង​សកម្មភាព​កីឡា​ផ្សេង​ៗ​ថែម​ទៀត ។ ដោយឡែក​កម្ម​ពិធី​សិល្បៈ​កីឡា​ក៏​មានការ​ចូលរួម​សម្ដែង​ពី​សំណាក់​ក្រុម​សិល្បករ សិល្បការ​នី តារាចម្រៀង​ជាតិ អន្តរជាតិ និង​កីឡាករ កីឡា​ការ​នី​ជាតិ និង​អន្តរជាតិ​ជា​ច្រើន​ផង​ដែរ ។

លោក ថោ​ង ខុន បាន​អំពាវនាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​​​អន្តរជាតិ​ឲ្យ​អញ្ជើញ​មក​ចូលរួម​ទស្សនា និង​កំសាន្ត​ឲ្យ​បាន​ច្រើន​កុះករ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​១​នេះ ព្រោះ​ពិធី​នេះ​យើង​ប្រារព្ធ​ឡើង​មិន​គ្រាន់តែ​ដើម្បី​អរគុណ​ដល់​ទន្លេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សក្ដានុពល​ទេសចរណ៍​នៃ​បណ្ដា​ខេត្ត​តាម​ដង​ទន្លេ​នឹង​ត្រូវ​បាន​យក​មក​បង្ហាញ​ក្នុង​ពិធីបុណ្យ​នេះ​ដែរ ក្នុង​នោះ​ទស្សនីយភាព​សិល្បៈ កីឡា រួម​ទាំង​សកម្មភាព​កំសាន្ត​ប្លែក​ៗ​បង្ក​ការ​សប្បាយ​រីករាយ​ក៏​ត្រូវ​បាន​នាំ​មក​សម្ដែង​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​នៅ​ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​១​នេះ ។

លោក​រដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ចំពោះ​ក្រុមហ៊ុន ធុរជន សិល្បករ សិល្បការ​នី កីឡាករ កីឡា​ការ​នី ដែល​មាន​បំណង​ចូលរួម​សកម្មភាព​នានា​នៃ​ពិធីបុណ្យ​នេះ​សូម​ទំនាក់ទំនង​ក្រុមការងារ​របស់​គណៈកម្មការ​បុណ្យ​ទន្លេ​ឲ្យ​បាន​រួស​រាន់​គ្រា​ដែល​ពិធីបុណ្យ​ដែល​មាន​អត្ថន័យ​នេះ​កាន់តែ​ខិត​ជិត​មក​ដល់ ។ លោក​បង្ហាញ​នូវ​ក្ដី​រំពឹង​ថា បុណ្យ​ទន្លេ​លើក​ទី​១​នេះ​នឹង​មាន​ភ្ញៀវ​ទេសចរ​​ជាតិ អន្តរជាតិ​ចូលរួម​យ៉ាងច្រើន​កុះករ​មិន​ខាន ព្រមទាំង​ទទួល​បាន​ជោគជ័យ​ដូច​ពិធីបុណ្យ​សមុទ្រ​ផង​ដែរ ៕​    ​