ភ្ញៀវទេសចរជាង១ម៉ឺននាក់មកបានកម្សាន្តនៅក្នុងខេត្តក្រចេះ
- ក្រចេះ
ខេត្តក្រចេះ ៖ នៅក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជក និយោជិត បានឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់២១ ខែសីហា ឆ្នាំ២០២០ ឃើញថាសម្រាប់ខេត្តក្រចេះ ទួលបានភ្ញៀវទេសចរជាតិ-អន្តជាតិ ចូលមកលេងកម្សាន្តមានចំនួនប្រមាណជាង១ម៉ឺននាក់ ។

បើតាមលោកចាន់ សុគន្ធី ប្រធានមន្ទីរទេសចរណ៍ខេត្តបានដឹងថា ៖ ចំនួនភ្ញៀវទេសចរ ចូលមកកម្សាន្តមានចំនួនសរុប១៦,៧០១នាក់ ក្នុងនោះ មានភ្ញៀវជាតិចំនួន១៦,៤០៥ នាក់ -និងអន្តរជាតិមានចំនួន២៩៦នាក់ ហើយចំពោះភ្ញៀវស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់វិញ មានចំនួន4.165នាក់ ។

លោកបានឲ្យដឹងទៀតថា រមណីយដ្ឋានដែលភ្ញៀវចូលចិត្តអញ្ជើញទៅទស្សនាលេងកម្សាន្តរួមមាន ៖ -រមណីយដ្ឋានអន្លង់ផ្សោតកាំពី -រមណីយដ្ឋានសហគមន៍អេកូទេសចរណ៍សង្កាត់កោះទ្រង់ -ព្រះវិហារធំសសរ 100 និងស្តូបវិមាន 2 ធ្នូ ដែលជាទីតាំងប្រវិត្តនៃការរំដោះប្រទេសជាតិ នៅក្នុងស្រុកស្នួល ។

ហើយចំពោះការគ្រប់គ្រងនិងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ក៏ដូចជាការពង្រឹងគុណភាពសេវាកម្ម សណ្តាប់ធ្នាប់ បរិស្ថានអនាម័យ នៅមុនពេលឈប់សម្រាកមន្ទីរ បានសហការជាមួយរដ្ឋបាលខេត្ត ធ្វើការប្រជុំផ្សព្វផ្សាយ និងបានចុះចែកសេចក្ដីណែនាំការពង្រឹងគុណភាព សេវាកម្ម, អនាម័យ និងការដាក់តម្លៃសេវាជូនភ្ញៀវ ក៏ដូចជាចុះត្រួតពិនិត្យណែនាំ និងជំរុញឲ្យភ្ញៀវទេសចណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្ម ឲ្យចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទាំង ៦ ដែលក្រសួងទេសចរណ៏បានដាក់ចេញក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ចូលទៅក្នុងសហគមន៍ ។

ជាក់ស្ដែង នៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បងប្អូនភ្ញៀវជាតិ និងអន្តរជាតិមានការចូលរួមទស្សនាកម្សាន្តគួរឲ្យកត់សម្គាល់ ហើយក្នុងនោះដែរ មានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្ន ថែរក្សាការពារពីអាជ្ញាធរមូលដ្ឋាន និងអ្នកផ្តល់សេវាទាំងនោះដែរ ដោយតម្រូវឲ្យមានការវាស់កម្ដៅ លាងដៃនិងអាល់កុល ឬជែល ព្រមទាំងពាក់ម៉ាស់ផងដែរ ។










ចែករំលែកព័តមាននេះ