រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តថា ក្រោយពីការសាងសង់ផ្ទះល្វែងមួយកន្លែងរួចរាល់ជាស្ថាពរហើយ មេការបានប្រើឲ្យកម្មករសំណង់ម្នាក់ឡើងទៅរុះរើស្បៃដែលបាំងព័ទ្ធការពារមិនឲ្យសម្ភារៈសំណង់ផ្សេងៗនៅទីនោះធ្លាក់ចុះមកក្រោមបង្កគ្រោះថ្នាក់ដល់អ្នកដទៃចេញ ។ ប៉ុន្តែដោយសារតែផ្ទះនោះសង់កៀកនឹងខ្សែភ្លើង ហើយពេលដាក់រន្ទាឡើងជាប់នឹងបង្គោលភ្លើងថែមទៀតនោះ លុះពេលឡើងទៅក៏បានជាន់លើខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តបែកជាផ្កាភ្លើងព្រាតៗធ្វើឱ្យឆក់បុរសជាកម្មកររូបនោះធ្លាក់ពីកម្ពស់៣ជាន់មកក្រោមធ្វើឱ្យបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងតែម្ដង។

សេចក្តីរាយការណ៍បន្តថា ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅត្រង់ចំណុចខាងត្បូងភ្លើងស្តុបទួលពង្រចម្ងាយប្រមាណ១០០ម៉ែត្រ នៅតាមបណ្ដោយផ្លូវទួលពង្រ ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
សេចក្តីរាយការណ៍បន្តថា បុរសរងគ្រោះខាងលើមានឈ្មោះ សុខ ទិត អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅក្នុងភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពពីកម្មករសំណង់រួមការងារបានឲ្យដឹងថា ផ្ទះល្វែងខាងលើ មានចំនួន៦ល្វែងជាប់គ្នា ហើយបានសង់ចម្ងាយពីបង្គោលភ្លើងប្រមាណ១ម៉ែត្រប៉ុណ្ណោះ ដែលពេលនេះបានសាងសង់រួចរាល់ជាស្ថាពរហើយ។ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុ មេការសំណង់បានប្រើឲ្យកម្មករឡើងស្រាយរុះរើស្បៃដែលបានចងបាំងព័ទ្ធជុំវិញផ្ទះនោះ អំឡុងពេលសាងសង់ដើម្បីការពារកុំឲ្យសម្ភារៈសំណង់ផ្សេងៗនៅទីនោះធ្លាក់មកក្រោមបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ចេញ។

កម្មករខាងលើបន្តថា ខណៈនោះជនរងគ្រោះបានឡើងតាមរន្ទាឈើដែលដាក់នៅជាប់នឹងបង្គោលភ្លើង តែជាអកុសលបានជាន់លើខ្សែភ្លើង បណ្ដាលឲ្យឆ្លងចរន្តទុស្សេបែកផ្កាភ្លើងព្រាត និងឆក់បុរសរងគ្រោះហុយផ្សែងតាមខ្លួន រួចធ្លាក់ពីលើរន្ទាកម្ពស់៣ជាន់ របួសសធ្ងន់ធ្ងរតែម្តង។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះមិត្តភក្ដិរួមការងារបាននាំគ្នាសែងយកទៅកប់ក្នុងដីខ្សាច់ដែរ ដើម្បីជួយសង្គ្រោះបឋមក្រែងអាចជួយបាន ព្រមទាំងហៅក្រុមសង្គ្រោះអង្គភាព៧១១ ទៅជួយដឹកយកទៅកាន់មន្ទីរពេទ្យដែរ ប៉ុន្តែពេលក្រុមសង្គ្រោះទៅដល់ពិនិត្យឃើញថា ជនរងគ្រោះបានបាត់បង់ជីវិតទៅហើយ។ ពេលនោះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកក្រុមគ្រួសារសាច់ញាតិ និងប្រពន្ធបុរសរងគ្រោះរូបនេះមកដល់ ក៏មានការសោកសង្រេងខ្លាំងណាស់ ព្រមទាំងលើកសពដាក់លើម៉ូតូសណ្ដោងរ៉ឺម៉ក បម្រុងដឹកយកចេញពីកន្លែងកើតហេតុ តែត្រូវនគរបាលប៉ុស្ដិ៍ចោមចៅទី១ ឃាត់មិនឲ្យដឹកចេញទេ គឺរង់ចាំការពិនិត្យ និងធ្វើកំណត់ហេតុតាមច្បាប់សិន ទើបប្រគល់សាកសពជូនយកទៅធ្វើបុណ្យតាមប្រពៃណី។

មហាជននៅកន្លែងកើតហេតុបាននិយាយថា ផ្ទះល្វែងខាងលើ សាងសង់ឡើងកៀកនឹងបង្គោលភ្លើងបែបនេះពុំដឹងថា តើអាជ្ញាធរខណ្ឌពោធិ៍សែនជ័យបានដឹង និងចុះធ្វើការត្រួតពិនិត្យដែរឬអត់នោះទេ? ផ្ទះនេះមានគម្លាតពីបង្គោលភ្លើងប្រហែល១ម៉ែត្រប៉ុណ្ណោះ ។ ពេលនេះបានបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតកម្មករសំណង់ទៀត ហើយនៅពេលក្រោយនឹងអាចធ្វើឲ្យអ្នកដែលចូលទៅរស់នៅក្នុងផ្ទះនោះប្រឈមនឹងគ្រោះថ្នាក់មិនខានឡើយ៕



ចែករំលែកព័តមាននេះ