ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ដឹកនាំ​ថ្នាក់ដឹកនាំ​ក្រសួង សហជីព និង​សមាគម​រោងចក្រ ចុះ​សួរសុខទុក្ខ និង​ផ្តល់​អំណោយ​ជូន​ដល់​រដ្ឋបាល​ខេត្តឧត្តរមានជ័យ ដើម្បី​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ជាក់ស្តែង

3 ខែ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២៥​ នេះ ឯកឧត្តម ហេង…

ខេត្តឧត្តរមានជ័យ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ​៣០ ខែធ្នូ ឆ្នាំ​ ២០២៥​ នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ អម​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង ថ្នាក់ដឹកនាំ​សហជីព និង​សមាគម​រោងចក្រ បាន​នាំ​យក​អំណោយ​របស់​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និង​បងប្អូន​កម្មករនិយោជិត ប្រគល់​ជូន​ឯកឧត្តម មាន ចាន់​យ៉ា​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧត្តរមានជ័យ ​។

នា​ឱកាស​នោះ​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​របស់​រដ្ឋបាល​ខេត្ត និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ជួយ​អន្តរាគមន៍​ដោះស្រាយ​បាន​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ភៀស​សឹក​ទៅ​តំបន់​មាន​សុវត្ថិភាព និង​ផ្តល់​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ធានា​ដល់​ការ​ផ្គត់ផ្គង់​គ្រប់​បែប​យ៉ាង​ដល់​ការ​ស្នាក់​នៅ​ជា​បណ្តោះអាសន្ន​។

ឈរ​លើ​ស្មារតី «​ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ខ្មែរ​តែ​មួយ​» អំណោយ​ដែល​យើង​ត្រូវ​រួម​គ្នា​ជួយ​នា​ពេល​នេះ​គឺជា​ការ​ឆ្លើយ​តប​ក្នុង​គ្រា​លំបាក​ខ្វះខាត​ទាំងឡាយ​នៅ​ចំពោះ​មុខ ដែល​រដ្ឋបាល​ខេត្ត​មាន​តម្រូវការ​ជា​ច្រើន​យក​ទៅ​ដោះស្រាយ​តាម​តម្រូវការ​ជាក់ស្តែង​។ ជាមួយ​គ្នា​នេះ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​ជម្រាប​ជូន​អំពី​ស្មារតី​គាំទ្រ និង​ការ​ជឿជាក់​យ៉ាង​មោះមុត​របស់​ប្រជាពលរដ្ឋ បងប្អូន​កម្មករនិយោជិត និង​និយោជក​នៅ​ទូ​ទាំង​ប្រទេស លើ​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ដែនដី​កម្ពុជា ឱ្យ​បាន​សុខ​សន្តិភាព​។

ក្នុង​នាម​រដ្ឋបាល​ខេត្ត ឯកឧត្តម មាន ចាន់​យ៉ា​ដា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រីរាជការ សប្បុរសជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន ថ្នាក់ដឹកនាំ​សហជីព និង​បងប្អូន​កម្មករនិយោជិត​ទាំងអស់ ដែល​បាន​នាំ​មក​ជា​អំណោយ​ថវិកា និង​សម្ភារ សម្រាប់​ផ្តល់​ជូន​ដល់​ជនភៀសសឹក និង​ក្រុម​គ្រួសារ​វីរ​កងទ័ព​នា​ពេល​នេះ​។

អំណោយ​នា​ពេល​នេះ រួម​មាន​៖ ថវិកា​ចំនួន ៤០ លាន​រៀល ជូន​រដ្ឋបាល​ខេត្ត និង ចំនួន ៩០ លាន​រៀល​បន្ថែម​ទៀត​សម្រាប់​ជូន​ដល់ ៦ អង្គភាព (​អង្គភាព​នីមួយ​ៗ​ទទួល​បាន ១៥ លាន​រៀល​), ម៉ូតូ​(Wave)​ចំនួន ១២ គ្រឿង​, ផ្ទាំង​សូ​ឡា​, អាយ​កូ​ម​, គ្រឿង​ឧបភោគបរិភោគ​, ភេសជ្ជៈ​, ថ្នាំសង្កូវ និង​ទឹកដោះគោឆៅ​។

ជា​ចុង​ក្រោយ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០២៦​នេះ​  ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ជូនពរ​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត មន្ត្រីរាជការ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ជា​ពិសេស​វីរ​កងទ័ព​ជួរ​មុខ​សូម​មាន​សុខ​សុវត្ថិភាព និង​ឈ្នះ​អស់​មារ​សត្រូវ​ទាំងឡាយ​៕ អត្ថបទសហការ