ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​នៅ​កម្ពុជា ៖ គ្មាន​ការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឡើយ ខណៈ​ការ​ចុះ​បញ្ជិការសហជីព​មាន​ភាពល្អ​ប្រសើរ រហូត​ដល់​ការ​ចុះ​បញ្ជិការ​កើន​ជិត ៧​ពាន់

15 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា មិន​មានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឡើយ ខណៈ​ដែល​ការ​ចុះ​បញ្ជិការ​សហជីព​មាន​ភាពល្អ​ប្រសើរ រហូត​ដល់​ការ​ចុះ​បញ្ជិការ​កើនឡើង​ជិត ៧​ពាន់​ហើយ​។ លោក សំ…

រាជធានីភ្នំពេញ​ ៖ សហជីព​នៅ​កម្ពុជា បាន​លើក​ឡើង​ថា មិន​មានការ​គាបសង្កត់​សិទ្ធិ​សេរីភាព​របស់​ខ្លួន​ឡើយ ខណៈ​ដែល​ការ​ចុះ​បញ្ជិការ​សហជីព​មាន​ភាពល្អ​ប្រសើរ រហូត​ដល់​ការ​ចុះ​បញ្ជិការ​កើនឡើង​ជិត ៧​ពាន់​ហើយ​។ លោក សំ សឿ​ន ប្រធាន​សហភាព​ពលកម្ម​ជាតិ​កម្ពុជា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ ខែធ្នូ​នេះ​ថា ប្រសិនបើ​មាន​សហជីព​មួយ​ចំនួន​តូច អះអាង​ថា ការ​ចុះ​បញ្ជិការ​សហជីព​មានការ​លំបាក​នោះ ប្រហែលជា​ពួក​គេ​រៀបចំ​ឯកសារ​មិន​ទាន់​បាន​ត្រឹមត្រូវ​តាម​បែបបទ​នៃ​ការ​ចុះ​បញ្ជិការ ដោយ​លោក​បាន​ផ្ដល់​យោបល់​ឱ្យ​ពួក​គេ គួរតែ​សិក្សា​បន្ថែម​ទៀត​អំពី​នីតិវិធី​នៃ​ការ​ចុះ​បញ្ជិកា​នេះ​។

លោក លើក​ឡើង​បន្ថែម​ថា «​យើង​មើលឃើញ​ទៀត​ដែរ​ថា បើសិនជា​សហជីព​មានការ​ចុះ​បញ្ជិការ​លំបាក មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​នោះ មិនមែន​មក​ទល់​ពេល​នេះ​មាន​សហជីព​មូលដ្ឋាន សហព័ន្ធ​សហជីព ក៏​ដូច​ជា​សហភាព​សហជីព​មាន​ប្រមាណ​ជិត ៧​ពាន់​នោះ​ទេ​»​ ។ លោក សំ សឿ​ន បាន​គូសបញ្ជាក់​ថា សិទ្ធិ​សេរីភាព​សហជីព និង​ការ​ចុះ​បញ្ជិការ​សហជីព​នៅ​កម្ពុជា មាន​ភាពល្អ​ប្រសើរ ដោយ​មានការ​គោរព​សិទ្ធិ​សេរីភាព​សហជីព បាន​យ៉ាង​ពេញលេញ​ជាង​ប្រទេស​ដទៃ​ទៀត​ជា​ច្រើន​។

ចំណែកឯ​លោក អ៊ុ​ន ដា​រ៉ា ប្រធាន​សហភាព​សហជីព​កម្ពុជា​ពន្លឺ​កម្មករ ក៏​ធ្លាប់​បាន​លើក​ឡើង​ថា ការ​ចុះ​បញ្ជិការ​សហជីព មាន​ភាព​ចាំបាច់​ណាស់​គឺ​ត្រូវការ​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ភាព​ជាក់លាក់ ហើយ​ការ​ចុះ​បញ្ជិការ​មិន​មានការ​លំបាក​នោះ​ទេ​។ លោក​បន្ថែម​ថា «​យើង​មើល​សហជីព​មួយ​ចំនួន​ដែល​គាត់​មិន​អាច​ចុះបញ្ជី​បាន ខ្ញុំ​គិត​ថា​មក​ពី​គាត់​មិន​ធ្វើ ជា​រួម​គាត់​មិន​ធ្វើ​ម៉​ង ហើយ​គាត់​ចង់​ដាក់​ទៅ​ដឹង​តែ​បាន​ម៉​ង​»​។

លោក ស៊ុន មេ​សា អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានឱ្យ​ដឹង​ថា គិត​ត្រឹម​ខែតុលា ឆ្នាំ​២០២៥ សហជីព​ដែល​បាន​ចុះ​បញ្ជិការ​នៅ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ មាន​ចំនួន ៦ ៨០៥ ដោយ​ក្នុង​នោះ​សហភាព​សហជីព​មាន​ចំនួន ៤២ សហព័ន្ធ​សហជីព​មាន​ចំនួន ២៨៤ សហជីព​មូលដ្ឋាន​មាន​ចំនួន ៦ ៤៦៦ និង​សមាគម​និយោជក​មាន​ចំនួន ១៣​។ លោក បាន​លើក​ឡើង​ថា ចំនួន​សហជីព​ដែល​មានការ​កើន​ឡើងជា​បន្តបន្ទាប់​នេះ គឺ​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព និង​ផលប្រយោជន៍​របស់​កម្មករនិយោជិត ក៏​ដូច​ជា​និយោជក ពី​សំណាក់​រាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ហើយ​ការ​ចុះ​បញ្ជិការ​សហជីព​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ស្រប​ទៅ​តាម​គោលការណ៍​ច្បាប់ ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា​។

ជាមួយ​គ្នា​នេះ អ្នកនាំពាក្យ​ដដែល ក៏​បាន​អំពាវនាវ​ឱ្យ​សហជីព​ទាំងអស់ ត្រូវ​អនុវត្ត​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខន្តិកៈ និង​គោរព​តាម​គោលការណ៍​ត្រឹមត្រូវ​របស់​សហជីព ដោយ​បង្ហាញ​ភាព​ជា​តំណាង​ដ៏​ស្មោះត្រង់ សម្រាប់​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់​កម្មករនិយោជិត​៕ អត្ថបទសហការ