បែកធ្លាយ​ករណី​បាក់​រលំ​បង្កាន់ដៃ​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​សង្កត់ពីលើ​ក្មេង​ស្រី​តូច


ខេត្តបន្ទាយមានជ័យ ៖ ទន្ទឹម​នឹង​មាន​ករណី​បាក់​រលំ​ដងសន្ទូច​ស្ទូច​ជញ្ជាំង​បេតុង​សង្កត់ពីលើ​អគារ​ផ្ទះល្វែង​មួយ​កន្លែង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​កាលពី​ម៉ោង​២​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០ បណ្តាល​ឲ្យ​មាន​មនុស្ស​បាត់បង់​ជីវិត និង​របួស​កន្លង​មក គឺ​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​ដដែល​នោះ ក៏​មាន​ករណី​បាក់​រលំ​បង្កាន់ដៃ​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​នៅ​ស្រុក​មង្គល​បូ​រី បណ្តាល​ឲ្យ​រលំ​សង្កត់ពីលើ​ក្មេង​ស្រី​ម្នាក់​បាន​បាត់បង់​ជីវិត​ផង​ដែរ តែ​ដូច​ជា​មាន​សភាព​ស្ងប់ស្ងាត់ ហើយ​រឿង​នេះ ទើបតែ​ត្រូវ​បាន​បែកធ្លាយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០​នេះ​តែ​ម្តង​។

បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​សមត្ថកិច្ច​នគរបាល​យុត្តិធម៌​បានឱ្យ​ដឹង​ថា ករណី​បាក់​រលំ​បង្កាន់ដៃ​ជញ្ជាំង​អគារ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​នេះ គឺ​បាន​បិទ​ការ​ស៊ើបអង្កេត​ហើយ ព្រោះ​ជា​គ្រោះថ្នាក់​បង្ក​ពី​ឧបទ្ទវហេតុ មិនមែន​ជា​កំហុស​របស់​អង្គភាព ឬ​បុគ្គល​ណា​ម្នាក់​នៅ​មន្ទីរពេទ្យ​នេះ​ឡើយ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រឹក នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២០​កន្លង​មក មាន​បុរស​ម្នាក់​ឈ្មោះ​បាន សំរេច អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ បាន​ទៅ​មើលថែ​រក្សា​ម្តាយ​មាន​ជំងឺ​សម្រាក​នៅ​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី ហើយ​គាត់​បាន​យក​អង្រឹង​ទៅ​ចង​នឹង​ភ្នាក់ដៃ​ជញ្ជាំង​ថ្ម​នៃ​យ៉​ខាង​មុខ​អគារ​មួយ រួច​អង្គុយ​យោលអង្រឹង​ជាមួយ​កូន​តូច​ឈ្មោះ សំរេច សៀវ​អា អាយុ​១​ឆ្នាំ ឯ​កូនស្រី​ម្នាក់​ទៀត​ឈ្មោះ​សំរេច សៀវ​អឺ អាយុ​៦​ឆ្នាំ នៅ​ឈរ​លេង​ក្បែរ​ចុង​អង្រឹង​។

សមត្ថកិច្ច​បន្ត​ថា ស្រប​ពេល​នោះ ស្រាប់តែ​ជញ្ជាំង​ថ្ម​ដែល​មាន​បណ្តោយ​១,២​ម៉ែត្រ និង​ទទឹង​១​ម៉ែត្រ បាន​បាក់​សង្កត់​ទៅ​លើ​កូនស្រី​ឈ្មោះ​សៀវ​អឺ បណ្តាល​ឲ្យ​បាត់បង់​ជីវិត​តែ​ម្តង​។ ស្រប​ពេល​នោះ បុគ្គលិក​ពេទ្យ ក៏​បាន​ណែនាំ ហើយ​ហាម​អ្នកជំងឺ និង​អ្នក​កំដរ​អ្នកជំងឺ​ហាម​តោង អង្គុយ​លេង ឬ​ចង​អង្រឹង​លើ​បង្កាន់ដៃ​អគារ​នោះ ព្រោះ​បារម្ភ​គ្រោះថ្នាក់​បន្ត ។
ប៉ុន្តែ​អ្នកជំងឺ និង​ក្រុម​គ្រួ​សារបាន​រិះគន់​ថា ករណី​នេះ អង្គភាព​មន្ទីរពេទ្យ គួរតែ​សរសេរ​ស្លាក​បង្ការ​គ្រោះថ្នាក់ និង​ហាម​ប៉ះពាល់​បង្គាន់​ដៃ​នោះ ឬ​ក៏​ជួសជុល​ជា​មុន​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ដូច​មុនត​ទៀត ។

ទោះជា​យ៉ាងណា ក្រោយ​គ្រោះថ្នាក់​នោះ​ខាង​គ្រូពេទ្យ​បាន​ខ្នះខ្នែង​ជួយ​សង្គ្រោះ​កុមារី​រង​គ្រោះ​ផង​ដែរ ប៉ុន្តែ​ស្ថានភាព​ធ្ងន់ធ្ងរ​ពេក​មិន​អាច​ជួយ​បាន ។ ជាមួយ​គ្នា​នោះ​ដែរ មន្ទីរពេទ្យ​ក៏​បាន​ចាត់​តំណាង​នាំ​យក​ថវិកា​ទៅ​ចូលរួម​ធ្វើ​បុណ្យសព​ចំនួន​១​លាន​រៀល​ផង​ដែរ ។
ឯ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត បាន​ឲ្យ​ដឹង​ថា ករណី​នេះ មន្ទីរ​មិន​បាន​ទទួល​សេចក្តីរាយការណ៍​ភ្លាម​ៗ​នោះ​ទេ ហើយ​ទើបតែ​ដឹង​នៅ​ពេល​នេះ គឺ​ជួន​ជា​សមត្ថកិច្ច​ជំនាញ​យុត្តិធម៌​បាន​បិទ​សំណុំរឿង​ទៅ​ហើយ​។

មន្ត្រី​នគរបាល​ស្រុក​មង្គល​បូ​រី និង​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា ករណី​បាក់​ភ្នាក់ដៃ​ជញ្ជាំង​យ៉​នៃ​អគារ​មន្ទីរពេទ្យ​ខេត្ត​មិ​ត្តិ​ភាព​កម្ពុជា​-​ជប៉ុន ស្រុក​មង្គល​បូ​រី​នេះ បង្ក​ឲ្យ​សង្កត់​ក្មេង​ស្រី​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​នោះ ត្រូវ​បាន​សមត្ថកិច្ច​ស៊ើបអង្កេត និង​ស្រាវជ្រាវ​យ៉ាង​លម្អិត ហើយ​បាន​លទ្ធផល​ថា គ្រោះថ្នាក់​ដោយ​ឧបទ្ទវហេតុ ហេតុនេះ​បានជា​សមត្ថកិច្ច​បិទ​សំណុំរឿង​នៃ​ការ​ស៊ើបអង្កេត​តែ​ម្តង ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ