ខេត្តសៀមរាប ៖ ផ្ទះប្រជាពលរដ្ឋមួយគ្រួសារនៅកណ្តាលក្រុងសៀមរាប បានចាក់សោរទុកចោល ក៏ស្រាប់តែត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិអស់១ចំនួនធំ បើគិតជាទឹកប្រាក់អស់ជាង១ម៉ឺនដុល្លារ តែពុំបណ្តាលឱ្យមានការឆ្លងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ដោយសារត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាន់ពេល ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៤ល្ងាច ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ។
បើតាមប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍សង្កាត់ស្លក្រាម បានប្រាប់នៅល្ងាចថ្ងៃទី១៨ ខែសីហា នេះថា ករណីភ្លើងឆេះផ្ទះពលរដ្ឋអស់ទាំងស្រុងនោះមានម្ចាស់ផ្ទះឈ្មោះ ឃុន ម៉ៅ ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរនៅផ្ទះ ហើយបណ្តាលឱ្យរងការចូខាតផ្ទះឈើមួយខ្នងជញ្ជាំងក្តារប្រក់ស័ង្កសី ប្រវែង៥ម×៧ម (ខូចខាតទាំងស្រុង) លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ២២០០ដុល្លារ និងសំភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន ។
ប្រភពដដែលបានបញ្ជាក់ថា ក្នុងការជួយបាញ់ពន្លត់នោះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៦គ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន, រថយន្ពពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន និងរថយន្ពពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថក្រុង១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន។
ប្រភពដដែលបន្តថា លុះរហូតដល់ម៉ោង៤និ៣០នាទីល្ងាចថ្ងៃដដែល ទើបអគ្គិភ័យត្រូវបានរលត់ជាស្ថាពរ ចំពោះមូលហេតុដែលបង្កឱ្យមានអគ្គិភ័យខាងលើកើងឡើង គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) ខណៈម្ចាស់ផ្ទះចាក់សោរទុកចោល។
បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើកំណត់ហេតុ ដើម្បីរៀបចំឯកសារជូនទៅថ្នាក់លើ។ ចំណែកផ្ទះរបស់ពលរដ្ឋដែលឆេះអស់ទាំងស្រុង ព្រមទាំងទ្រព្យសម្បត្តិនោះ អស់ទឹកប្រាក់សរុបប្រមាណជាង១ម៉ឺនដុល្លារ៕