ខេត្តកណ្តាល ៖ លោកតាអាយុ៨៨ឆ្នាំម្នាក់ ត្រូវបានអាណាព្យាបាលនារីម្នាក់ ដែលគេដឹងថា មានសតិមិនគ្រប់តាំងពីកំណើតមក ប្តឹងចោទប្រកាន់ថា បានចាប់រំលោភនាងនៅក្បែរគុម្ពប្ញស្សី កាលពីម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅភូមិក្រូចសើច ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
នគរបាលព្រហ្មទណ្ឌស្រុកខ្សាច់កណ្តាលបានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងពីអាណាព្យាបាលនារីរងគ្រោះ ជនសង្ស័យត្រូវបានឃាត់ខ្លួនមកធ្វើការសាកសួរ ។ ជនសង្ស័យឈ្មោះ ទុំ យន អាយុ៨៨ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ។ ចំណែកនារីរងគ្រោះអាយុ២១ឆ្នាំ នៅលីវ ជាមនុស្សមានសតិមិនគ្រប់តាំងពីកំណើត ។
ប្រភពព័ត៌មានបានឱ្យដឹងទៀតបន្តថា ពេលកើតហេតុនោះ នារីរងគ្រោះបានដើរទៅខាងក្រោយផ្ទះជនសង្ស័យ បំណងទៅបត់ជើងធំ ពេលទៅដល់ក្បែរគុម្ពប្ញស្សីជនសង្ស័យបានដើរទៅតាម ហើយបានធ្វើសកម្មភាពចាប់នាងសម្រាតខោ និងធ្វើសកម្មភាពរំលោភរហូតបានសម្រេច ។ ខណៈពេលកំពុងរំលោភនារីរងគ្រោះនោះ មានសាក្សី៣នាក់បានឃើញ ក៏បានទៅប្រាប់អាណាព្យាបាលនារីរងគ្រោះ ទើបផ្អើលឡើង ។ ហើយអាណាព្យាបាលនាងក៏បានទៅប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង ។
មន្ត្រីនគរបាលបានប្រាប់ឱ្យដឹងទៀតថា បើតាមការសាកសួរ ជនសង្ស័យបានឆ្លើយបដិសេធការចោទប្រកាន់ថា បានរំលោភនារីរងគ្រោះ ។ ជនសង្ស័យបានអះអាងថា ពេលនោះរូបគាត់ (ជនសង្ស័យ) បានឃើញនារីមិនគ្រប់សតិ (នារីរងគ្រោះ) ដើរសំដៅទៅគុម្ពប្ញស្សី បំណងបត់ជើងធំ ក៏បានទៅហាមឃាត់មិនឱ្យបត់ជើង នៅក្បែរគុម្ពប្ញស្សីនោះ ព្រោះនៅជិតផ្ទះ ខ្លាចស្អុយដល់ផ្ទះ គ្រាន់តែបាននិយាយ និងនៅជិតនាងក្បែរគុម្ពប្ញស្សីតែប៉ុណ្ណោះ មិនបានរំលោភដូចការចោទប្រកាន់ទេ ។
សមត្ថកិច្ចនគរបាលបានបញ្ជាក់ឱ្យដឹងទៀតថា នារីរងគ្រោះត្រូវបាននាំមកមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ដើម្បីធ្វើកោសល្យវិច័យរកការពិត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ