រាជធានីភ្នំពេញ ៖ អតីតស្នងការនគរបាលខេត្តកំពង់ធំ លោក អុ៊ក កុសល បានធ្វើការ
បកស្រាយចំពោះបណ្តឹងរបស់ក្រុមនគរបាលនារីប្រឆាំងនឹងរូបលោកពីបទបៀតបៀនផ្លូវភេទថា គឺជាការរៀបចំជាប្រព័ន្ធ ហើយក៏បានស្នើថ្នាក់ដឹកនាំស្វែងរកការពិតដើម្បីកាត់សាច់ស្អុយចោលកុំឱ្យក្លាយជាពាក្យថា«ស្នងការកំពង់ធំជំរំប្តឹង» ។
មុនការចេញមុខបកស្រាយនេះ នៅលើបណ្តាញសង្គម សំឡេងស្ត្រីម្នាក់ដែលអះអាងថា ជាអ្នករងគ្រោះ បានធ្វើការបរិហារចំៗទៅលើលោកស្នងការរូបនេះពីការរំលោភសិទ្ធិ និងបំពានសេចក្តីថ្លៃថ្នូររបស់នាង ។ តាមសារជាសំឡេនោះបាននិយាយថា ការដាក់ពាក្យបណ្តឹងនេះមិនមែនតែនាងម្នាក់ទេ គឺមានស្ត្រីជាច្រើននាក់ទៀតដែលជាមន្ត្រីនគរបាលដែរ ។ ក្រុមអ្នកតាមដានបាននិយាយថា បើគ្មានភ្លើងមិនមានផ្សែងទេ ។
តាមរយៈសន្និសីទសារព័ត៌មានមួយ កាលពីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកអតីតស្នងការរូបនេះបានចេញមកបកស្រាយជុំវិញបណ្ដឹងរបស់មន្ដ្រីនគរបាលជានារី ដែលបានចោទប្រកាន់លោកថា បានប្រព្រឹត្តអំពើមិនគប្បីមួយចំនួនទៅលើនគរបាលនារី រហូតធ្វើឲ្យលោកត្រូវបានផ្អាកពីការងារជាបណ្ដោះអាសន្ន ។ លោកឧត្តមសេនីយ៍ទោ បានហៅការប្តឹងបែបនេះថាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសដល់ខ្លួនផ្ទាល់ដែលជានគរបាលនារី និងនគរបាលនារីផ្សេងទៀតផងដែរ ព្រោះថាលោកមានមេកោយ ពិសេសនោះ មានសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
លោកបន្តថា ការផ្អាករូបលោកជាពីតួនាទីជាបណ្តោះអាសន្ននេះលោកទទួលយក និងត្រេកអរ ដោយថ្នាក់ដឹកនាំបានគិតគូរនិងធ្វើការវិនិច្ឆ័យស្វែងរកការពិតដល់កូចចៅនៅថ្នាក់ក្រោម រហូតបង្កើតក្រុមការស្រាវជ្រាវបណ្តឹងរបស់ក្រុមនគរបាលនារីនេះ ។លោក អុ៊ក កុសលបញ្ជាក់ថា «កាលណាមានការស្រាវជ្រាវខ្ញុំត្រេកអណាស់ព្រោះថា ជាពេលរកឃើញរឿងពិត ហើយសម្រាប់ខ្លួនខ្ញុំទទួលយកបាន ។ អុីចឹងមានក្រុមការងារមក ខ្ញុំ
ទទួលយក ហើយខ្ញុំនៅរង់ចាំ ព្រោះជាធម្មតាខ្ញុជាប្រធានអង្គភាពហ្នឹង អីុចឹងគេប្តឹងប្រធានអង្គភាព ខ្ញុំត្រូវទទួលយកដោយស្ម័គ្រចិត្តនិងត្រេកអរ» ។
ទោះជាយ៉ាងណាក្តី លោកបានសម្តែងការសោកស្តាយចំពោះបណ្តឹងមកលើរូបលោក ដោយលោកអះអាងថា បណ្តឹងនេះធ្វើឡើងដោយមានការរៀបចំជាប្រព័ន្ធដើម្បីប្តឹងរូបលោក ហើយក៏មានជនមួយក្រុមតូចអូសទាញរហូតដល់បង្ហើបអាថ៌កំបាំងមួយចំនួន និងឈានដល់ផ្តួលតួនាទីលោកជាស្នងការ ។ អតីតស្នងការរូបនេះលើកឡើងថា ចាប់តាំងពីលោកទៅបម្រើការងារនៅខេត្តកំពង់ធំនៅឆ្នាំ២០០៥មក លោកតែងតែឃើញមានករណីប្តឹងប្តល់ដូចជា ករណីក្រុមនគរបាលនារីអុីចឹង ។ លោកថា «គ្រប់ជំនាន់មកដល់រូបខ្ញុំ គឺ១៥ស្នងការហើយ ឃើញថាមានការកៀងគរ បំបែកបំបាក់សាមគ្គីផ្ទៃក្នុង ដើម្បីប្តូរស្នងការ ។
លោកលើកឡើងទៀតថា ទោះបីជាលោកខិតខំពង្រឹងការងារ និងបទបញ្ជាយ៉ាងណាក្តី ក៏នៅមាននគរបាលក្រោមឱវាទមួយចំនួន នៅតែគេចវេះមិនគោរពវិន័យ និងតែងតែធ្វើសកម្មភាពញុះញង់ និងបំបែកបំបាក់អង្គភាព ។ លោក អុ៊ក កុសល គូសបញ្ជាក់ថា ទោះ
បីជាកន្លងមក សម្តេចក្រឡាហោម ស ខេង ធ្លាប់បានព្រមានខ្ញុំនិងមន្ត្រីក្រោមឱវាទសរុប៥រូប ប៉ុន្តែខ្ញុំនៅតែខិតខំប្រឹងប្រែងធ្វើការងារជាធម្មតា ។ សម្រាប់បណ្តឹងនេះមានរយៈពេលជាង១ឆ្នាំ អីុចឹងជិតដល់ឆ្នាំសាឡើងវិញ ។ ដូច្នេះ ការដែលផ្សព្វផ្សាយតាមបណ្តាញសង្គម តាមសារព័ត៌មានមួយចំនួនក្តី ខ្ញុំនៅតែពង្រឹងអង្គ ភាពថាត្រូវមានសាមគ្គីភាព និងរឹងមាំបានល្អ អុីចឹងខ្ញុំខិតខំព្យាយាមណាស់ឲ្យប្រសើរឡើង ។
អតីតស្នងការរូបនេះបានអះអាងថា បណ្តឹងទាំងនេះតាំងពីដើមមកសុទ្ធតែមានការរៀបចំ ពីបុគ្គលមូយចំនួន ហើយលោកក៏មានភ័ស្តុតាងផងដែរ ប៉ុន្តែលោកមិនអាចបង្ហាញបានទេ ដោយសារពាក់ព័ន្ធផ្លូវច្បាប់ និងកិត្តិសយ និងសាក្សីផងដែរ ។ លោកសង្កត់ធ្ងន់ថា «ខ្ញុំអះអាងថា ការរៀបចំជាប្រព័ន្ធដើម្បីផ្តួលរំលំរូបខ្ញុំឲ្យចេញឆ្ងាយពី
ស្នងការដ្ឋានខេត្តកំពង់ធំ ខ្ញុំសោកស្តាយខ្លាំង ។កូនចៅជានគរបាលនារ ជាមន្ត្រីក្រោមឱវាទនោះតែងមានការប៉ះទង្គិចពាក្យសម្តី តែដោយមានការអូសទាញទើបក្លាយជាបែបនេះ» ។
អតីតស្នងការរូបនេះអះអាងថា លោកស្រឡាញ់កូនចៅទាំងបុរសទាំងនារី មិនប្រកាន់បក្ខពួកនោះទេ ប៉ុន្តែដោយសារតែមានការអូសទាញទើបក្លាយជាបែបនេះ ។ លោកក៏បានអរគុណថ្នាក់ដឹកនាំ ដែលចាត់វិធានការចំពោះករណីនេះ និងស្នើឲ្យមានវិធានការកាត់សាច់ស្អុយចោល កុំឲ្យស្នងការកំពង់ធំដូចមុនៗទៀត ។ ដោយឥឡូវនេះគេដាក់ងារថា ស្នងការកំពង់ធំជំរំប្តឹង ដោយត្រូវដាក់កំពង់ធំជំរំចិត្តវិញ ។
សូមជម្រាបថា យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ បានសម្តេចផ្អាកការងារបណ្តោះអាសន្នលោកឧត្តមសេនីយ៍ទោ អ៊ុក កុសល អត្តលេខ ០៣៥៥២ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដោយឲ្យមកបង្ហាញខ្លួននៅនាយករដ្ឋានបុគ្គលិក រៀងរាល់ម៉ោងធ្វើការដើម្បីរង់ចាំការសម្រេចជាថ្មី ។
ចំណែកប្រកាសដាច់ដោយឡែកផ្សេងទៀតសម្តេចក្រឡាហោម ក៏បានផ្ទេរលោកឧត្តម
សេនីយ៍ត្រី អុិត គឹមស្រ៊ន អត្តលេខ២០៥០១ ស្នងការរងជាស្នងការស្តីទីនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។ លោក អុិត គឹមស្រ៊ន ត្រូវទទួលបន្ទុកដឹកនាំការងាររួមនៅស្នងការដ្ឋានគរបាលខេត្តកំពង់ធំ រហូតដល់មានការសម្រេចជាថ្មី ។ រីឯប្រកាសមួយទៀត សម្តេចក្រឡាហោម ស ខេង បានសម្រេចផ្ទេរភារកិច្ចលោកឧត្តមសេនីយ៍ត្រី អឹុម សុគឿន អត្តលេខ៤២៩១១ពីស្នងការរងទទួលបន្ទុកផែនការងារធនធានមនុស្ស នៃស្នងការដ្ឋាននគបាលខេត្តកំពង់ធំឲ្យមកបម្រើការងារនៅនាយកដ្ឋានបុគ្គលិកផងដែរ ។
សូមជម្រាបថា ការដកតំណែងលោកស្នងការនគរបាលខេត្តកំពង់ធំនេះ គឺបន្ទាប់មានពីរឿងអាស្រូវដែលក្រុមនគរបាលនារីបានប្តឹងទៅសម្តេចក្រឡាហោម ស ខេង នាពេលកន្លងមក ។ ក្រុមនគរបាលនារីខេត្តកំពង់ធំ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានស្នើសុំសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជួយរកយុត្តិធម៌ដោយពួកនាងចោទ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានបៀតបៀនកេរ្តិ៍ខ្មាស ៕
ចែករំលែកព័តមាននេះ