រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យ ទំនិញនីហរ័ណ អាហរ័ណនិងបង្ក្រាបការក្លែងបន្លំ ហៅកាត់ កាំកុងត្រូល បានប្តូរឈ្មោះទៅជាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា ក.ប.ប ជាផ្លូវការនៅថ្ងៃទី១៣ សីហា ២០២០នេះ តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងពាណិជ្ជកម្មដដែល ។
នៅក្នុងពិធីប្រកាសប្តូរឈ្មោះនិងស្លាកសញ្ញាអគ្គនាយកដ្ឋានមួយនេះ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជំរុញអោយមន្ត្រីក្នុងអគ្គនាយកដ្ឋាននេះត្រូវបន្តនិងពង្រឹងសកម្មភាពរបស់ខ្លួនអោយកាន់តែខ្លាំងឡើង ដើម្បីផ្ដល់ប្រយោជន៍ដល់អាជីវករ ពាណិជ្ជករនិងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ។
លោកក៏បានណែនាំ និងស្នើឱ្យមន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប ទាំងអស់បន្តជំរុញសេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត និងខិតខំកសាងអនុក្រឹត្យ ប្រកាស ឬលិខិតបទដ្ឋានបច្ចេកទេសពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការងារអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ។លោកថា៖« មន្ត្រីទាំងអស់ត្រូវខិតខំទប់ស្កាត់ឱ្យបាននូវការលក់ប្រេងបន្លំគុណភាព កឹបកេងផ្នែកបរិមាណ និងការលក់លើសតម្លៃកំណត់របស់ក្រសួងពាណិជ្ជកម្ម» ។
លោកបន្តថា មន្ត្រីទាំងអស់ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារ ព្រោះវាជាមានហានិភ័យខ្ពស់ និងត្រូវគ្រប់គ្រង ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម មានលក្ខណៈបោកបញ្ឆោត ពង្វាងការពិត និងបំភាន់អ្នកប្រើប្រាស់ឲ្យយល់ច្រឡំ ប្រាសចាកពីបទប្បញ្ញត្តិនៃច្បាប់។
លោកបានជំរុញការសាងសង់ និងបំពាក់ឧបករណ៍មន្ទីរពិសោធន៍ខ្នាតតូចនៅតាមព្រំដែន ឱ្យបានគ្រប់ខេត្ត ដើម្បីធានាសុវត្ថិភាព សុខភាពប្រជាពលរដ្ឋ ឲ្យទទួលបាននូវភាពកក់ក្ដៅ និងបានស្នើឱ្យលោកអគ្គនាយកពិនិត្យរៀបចំទទួលយកការងារពាក់ព័ន្ធនឹងកិច្ចការហាឡាល មកអនុវត្តនៅនាយកដ្ឋានកិច្ចការហាឡាលវិញ និងរៀបចំរចនាសម្ព័ន្ធចាត់តាំងរបស់សាខារាជធានី ខេត្ត ឡើងវិញ ដើម្បីបន្តធានាប្រសិទ្ធភាពការងារ ៕
ចែករំលែកព័តមាននេះ