មិនធម្មតា​មែន​! ត្រឹម​១០​ខែ​ចុង​ក្រោយ​ ចំណូល​កើនឡើង​ជិត​៤០០%​​គ្រាន់តែ​ធ្វើ​រឿង​មួយ​សោះ


ខេត្ត​សៀមរាប​៖ ពោល​ដោយ​មោទនភាព អភិបាលស្រុក​បន្ទាយស្រី​បាន​លើក​ឡើង​ថា ជំងឺឆ្លងកូ​វី​ដ ១៩ មិនមែន​ជា​ឧបសគ្គ​សម្រាប់​រមណីយដ្ឋាន​សហគមន៍​ទេសចរណ៍​បឹង​ឈូក​បន្ទាយស្រី ក្នុង​ការ​អភិវឌ្ឍ​និង​ពង្រីក​វិសាលភាព​របស់​ខ្លួន​នោះ​ទេ ។

អភិបាលស្រុក​បន្ទាយស្រី លោក ឃី​ម ហ្វី​ណ​ង់ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៣ ខែ សីហា បាន​លើក​ឡើង​ថា ប្រាក់​ចំណូល​កើនឡើង​ជិត​៤០០% ក្នុង​រយៈពេល​១០​ខែ​ចុង​ក្រោយ ប្រែក្លាយ​ពី​សហគមន៍​ដែល​ធ្លាប់តែ​ខាតបង់​រឺ​មិន​ទទួល​បាន​ប្រាក់​ចំណេញ ទៅ​ជា​សហគ្រាស​សង្គម​មួយ​ប្រកបដោយ​សក្តានុពល​ធំធេង សម្រាប់​អភិវឌ្ឍ​សហគមន៍ ផ្តល់​ការងារ​ថ្មី បង្កើត​មុខរបរ​បន្ថែម និង​អនុញ្ញាត​អោយ​សហគមន៍​អាច​មាន​មូលនិធិ​ផ្ទាល់ខ្លួន​ដើម្បី​ការងារ​អភិរក្ស និង​ថែរក្សា​ផលប្រយោជន៍​រួម​របស់​សហគមន៍​។

លោក​អភិបាលស្រុក​វ័យក្មេង​រូប​នេះ សហគមន៍​ទេសចរណ៍​បឹង​ឈូក គឺជា​សហគមន៍​បង្គោល​មួយ​នៅ​ក្នុងស្រុក​បន្ទាយស្រី ដែល​បាន​ធ្វើការ​យ៉ាង​ជិត​ស្និត​ជាមួយ​រដ្ឋបាល​ស្រុក​ក្នុង​ពេល​កន្លង​មក ហើយ​ដែល​មានការ​រៀបចំ​រចនាសម្ព័ន្ធ​ច្បាស់លាស់ លក្ខន្តិកៈ​ពេញ​លេញ និង​មាន​របប​ប្រជុំ​-​សន្និបាត​ជា​ប្រចាំ​។ ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ខ្ញុំ​ត្រូវ​បាន​អញ្ជើញ​អោយ​ចូលរួម​នៅ​ក្នុង​សន្និបាត​ប្រចាំឆ្នាំ​របស់​សហគមន៍ ធ្វើការ​បូក​សរុប​លទ្ធផល​ក្នុង​រយៈពេល ១០​ខែ​ចុង​ក្រោយ ក្នុង​បរិបទ​មួយ​ដែល​សហគមន៍​កំពុងធ្វើការ​សម្រេចចិត្ត​សំខាន់​ៗ​ជា​យុទ្ធសាស្ត្រ​មួយ​ចំនួន ដើម្បី​ចាប់​យក​សក្តានុពល​នៃ​ការ​រីក​ចម្រើន​នៃ​វិស័យ​ទេសចរណ៍​នៅ​ក្នុងស្រុក​បន្ទាយស្រី​។

ចៃដន្យ​អី ១០​ខែ​នេះ​ក៏​ជា​ពេលវេលា​ដែល​ខ្ញុំ​បាន​មក​ដល់​ទឹកដី​បន្ទាយស្រី និង​បាន​មក​ស្គាល់​បឹង​ដ៏​ស្រស់​ស្អាត​ទំហំ ១៦៧ ហិតា​មួយ​នេះ​ផង​ដែរ​។ ដូច្នេះ​ហើយ​ទើប​បានជា​ខ្ញុំ​បានឃើញ​ដោយ​ផ្ទាល់​ភ្នែក​ពី​ការ​អភិវឌ្ឍ​រីក​ចម្រើន​ដ៏​គួរ​អោយ​កោតសរសើរ​របស់​សហគមន៍​មួយ​នេះ​។ ការ​អភិវឌ្ឍ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​បរិ​យា​ប័ន្ន​គួរតែ​នាំ​មក​ជាមួយ​នូវ​ភាព​ប្រសើរ​ឡើង​នៃ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​អ្វី​ដែល​បាន និង​កំពុង​កើតឡើង​នៅ​ក្នុង​សហគមន៍​ដែល​មាន​សមាជិក​ជិត​២០០​នាក់​នេះ គឺជា​គំរូ​នៃ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​ក្នុងស្រុក​បន្ទាយស្រី ដែល​រដ្ឋបាល​ស្រុក​គ្រោង​នឹង​យក​គំរូ​ជោគជ័យ​នៃ​សហគមន៍​បឹង​ឈូក​នេះ ដើម្បី​កសាង​និង​ពង្រឹង​សហគមន៍​ផ្សេង​ៗ​ទៀត​នៅ​ក្នុងស្រុក​ផង​ដែរ​។

សូម​បញ្ជាក់​ថា សហគមន៍​ទេសចរណ៍​បឹង​ឈូក​គឺជា​ប្រតិបត្តិ​ករ​នៃ​រមណីយដ្ឋាន​បឹង​ឈូក​បន្ទាយស្រី ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត ពី​៥០០​នាក់ ទៅ​១០០០​នាក់ ក្នុង​មួយ​ថ្ងៃ​ៗ ដោយសារ​តែ​សម្រស់​ធម្មជាតិ​ព្រៃ​ភ្នំ​ដ៏​ស្រស់​ស្អាត ផ្ទៃ​បឹង​ធំ​ល្វឹងល្វើយ ខ្យល់អាកាស​ល្អ​បរិសុទ្ធ មាន​រៀបចំ​ជាខ្យូស​បណ្តែត​ទឹក និង​សេវា​ម្ហូបអាហារ​គ្រប់​ប្រភេទ រួម​នឹង​ការ​ជិះទូក​កម្សាន្ត​ទស្សនា​ព្រៃកោងកាង សត្វ​ស្លាប និង​ជីវៈចម្រុះ​ច្រើន​ប្រភេទ​។ សហគមន៍​នេះ​ក៏​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ការពារ​ថែរក្សា អភិរក្ស​ជីវៈចម្រុះ និង​ពូជ​ត្រី​នៅ​ក្នុង​តំបន់​នេះ​ផង​ដែរ ៕ (កែសម្រួលដោយ ៖​ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ