ត្រូវចំណាយពេលយ៉ាងយូរទម្រាំធ្វើឱ្យអ្នកដំណើរចំនួន៣០នាក់ បំភ្លេចពីហេតុការណ៍ដែលកើតទ្បើងនៅលើដងផ្លូវកាលពីថ្ងៃទី២ កុម្ភៈ ដោយរថយន្តក្រុងដឹកជញ្ជូនសាធារណៈមួយគ្រឿងហោះទៅទំលើបង្កាន់ដៃស្ពាន ដែលមានកម្ពស់២ម៉ែត្រ បន្ទាប់ពីកាច់ចង្កូតគេចរថយន្តដឹកទំនិញ ។ ឧប្បត្តិហេតុនោះ បានធ្វើឱ្យអ្នកដំណើរជាច្រើននាក់ ភ័យស្លេកមុខគ្រប់គ្នាស្រែកកញ្ជៀវពេញរថយន្ត ។
តាមរបាយការណ៍ពី «វីអិន អិុចប្រេស» ដោយយោងតាមសម្តីរបស់ប៉ូលិសចរាចរណ៍ក្នុងតំបន់កើតហេតុបានបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតទ្បើងនៅវេលាម៉ោង៤និង៣០នាទីព្រឹកថ្ងៃទី២ កុម្ភៈ កន្លងមក ខណៈរថយន្តផ្ទុកទំនិញកំពុងបើកឆ្លងស្ពានក្នុងស្រុកវីងថេង ក្រុងកន្ធើ ប៉ុន្តែរថយន្តក្រុងរបស់ក្រុមហ៊ុន «ហ្វឿងចាង» បានបង្កើនល្បឿនឆ្ពោះទៅស្ពានបញ្ច្រាសទិសគ្នា ដើម្បីបានឆ្លងទៅមុន ។ ដោយសារស្ពានតូចចង្អៀត ហើយរថយន្តដឹកទំនិញក៏មកដល់លើស្ពាននោះដែរ ធ្វើឱ្យរថយន្តទាំង២គ្រឿងមិនអាចចៀសគ្នាបាន ទើបលោក ង្វៀន ចៀនជឹង អ្នកបើកបររថយន្តក្រុង អាយុ៣៤ឆ្នាំ កាច់បួងចង្កូតរថយន្តទៅផ្នែកខាងស្តាំ ដើម្បីបញ្ចៀសការបុកគ្នា ប៉ុន្តែជាអកុសលរថយន្តក៏ជ្រុលបុកទ្បើងទៅទំលើបង្កាន់ដៃស្ពាន ដោយផ្នែកខាងឆ្វេងរបស់រថយន្តបានគងពីលើរថយន្តដឹកទំនិញ និងខាងស្តាំគងលើស្ពានគួរឱ្យញាក់សាច់ ។ អ្នកដំណើរទាំង៣០នាក់ ដែលនៅក្នុងរថយន្តសម្តែងការភិតភ័យយ៉ាងខ្លាំង និងស្រែកកញ្ជៀវពេញរថយន្តរកជំនួយសង្គ្រោះ ដោយមានអ្នកស្រុករស់នៅក្បែរនោះបាននាំគ្នាមកជួយទាញអ្នកដំណើរចុះចេញពីរថយន្តដោយសុវត្ថិភាព គ្មានមនុស្សម្នាក់រងរបួសក្នុងហេតុការណ៍នេះទេ ប៉ុន្តែមានការកកស្ទះចរាចរណ៍ជិត៤ម៉ោង ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តក្រុង ត្រូវទទួលការពិន័យប្រាក់ចំនួន៣៥០.០០០ដុង ឬស្មើ១៥ដុល្លារ ពីបទបើកបរមិនចេះអធ្យាស្រ័យ ។ ចំណែកក្រុមហ៊ុន «ហ្វឿងចាង» ក៏យល់ព្រមចំណាយការខូចខាត៥លានដុង ឬជាង២០០ដុល្លារ ដល់ម្ចាស់រថយន្តដឹកទំនិញសម្រាប់ជួសជុលបញ្ចប់បញ្ហា ៕
ចែករំលែកព័តមាននេះ