ពលរដ្ឋស្នើសុំសម្រួលផ្លូវ១​ខ្សែ​ ព្រោះ​​​កំពុង​លំបាកខ្លាំង​ណាស់


ខេត្ត​ព្រៃវែង ៖ ផ្លូវលំ​១​ខ្សែប្រវែង​២​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ចំណុច​ចុង​ភូមិ​តា​ប៉ុ​ល ចាក់​ទៅ​ដល់​ច្រករបៀង​ព្រំដែន​ពាម​មន្ទា កំពុង​រង​ការ​ខូចខាត​ទាំងស្រុង និង​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​នោះ ប្រមាណ​ជា​២០០​គ្រួសារ ជួប​ការ​លំបាក​យ៉ាង​ខ្លាំង ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​នេះ​ម្តង​ៗ​ ។

ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ បានអោយ​ដឹង​ថា ផ្លូវ​១​ខ្សែ​នេះ​នៅ​រដូវភ្លៀង​ធ្លាក់ និង​រដូវ​ទឹកជំនន់ គឺ​តែងតែ​រង​នូវ​ការ​បំផ្លាញ​បែប​នេះ​រាល់​ៗ​ឆ្នាំ ហើយ​មិន​ដែល​មាន​ខាង​អាជ្ញាធរ​ឬ​មន្ទីរ​ជំនាញ​ណាមួយ ជួយ​ធ្វើការ​ជួសជុល​ឡើង​វិញ​នោះ​ទេ គឺ​មាន​តែ​លោក​មេ​ប៉ូ​លី​ស​ព្រំដែន​ច្រក​ពាម​មន្ទា​នេះ​ម្នាក់​គត់ ដែល​តែងតែ​ដើរ​រៃ​អង្គាស់ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នេះ យក​មក​ឈូស​ឆាយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ ដើម្បី​ធ្វើ​ដំណើរ​បាន​ស្រួល​ទាំងអស់​គ្នា​។

ពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា រាល់​ឆ្នាំ​លោក​មេ​ប៉ូ​លី​ស​ព្រំដែន ដើរ​រៃ​អង្គាស់ប្រាក់​អ្នកស្រុក ផ្ទះ​ខ្លះ​បាន​៥​ម៉ឺន ផ្ទះ​ខ្លះ​បាន​១០​ម៉ឺន​ទៅ​តាម​លទ្ធភាព ហើយ​អ្នកស្រុក​ពេញចិត្ត​និង​ចូលរួម​គ្រប់​ៗ​គ្នា ប៉ុន្តែ​២​ទៅ​៣​ខែ​មកនេះ ផ្លូវ​ដ៏​កំសត់​នេះ​ត្រូវ​បាន​បំផ្លាញ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​ក្រុម​រថយន្ត​កៃ​ទៀង​ដឹក​ជ្រូក​របស់​ពួក​ឈ្មួញ ដែល​បើក​ឆ្លងកាត់​ទាំងថ្ងៃ​ទាំង​យប់ ហើយ​ទំហំ​នៃ​ការ​ខូចខាត​នេះ វា​ធ្ងន់ធ្ងរ​ពេក​រហូត​ដល់​ពួក​គាត់​គ្មាន​លទ្ធភាព រៃ​លុយ​គ្នា​ជួសជុល​វិញ​បាន ទើប​នាំ​គ្នា​សំណូមពរ​ដល់​អាជ្ញាធរ​ឃុំ​ស្រុក និង​ខេត្ត មេត្តា​ជួយ​ជួសជុល​ផ្លូវ​នេះ​ឡើង​វិញ​ផង​។

លោក ឡា​ច ស៊ា​ប មេឃុំ​ពាម​មន្ទា បានអោយ​ដឹង​តាម​ទូរ​សព្ទ័​ថា ផ្លូវ​១​ខ្សែ​នេះ​ពិតជា​បាន​រង​ការ​ខូចខាត​ធ្ងន់ធ្ងរ ដោយសារ​ក្រុម​រថយន្ត​កៃ​ទៀង​ដឹក​ជ្រូក​មែន ប៉ុន្តែ​តួនាទី​លោក​ត្រឹម​មេឃុំ មិន​ហ៊ាន​ទៅ​ចាប់​ឃាត់​រថយន្ត​គេ​ទេ ព្រោះ​បើ​ឃាត់​គេ ងាប់​ជ្រូក​គេ យើង​ត្រូវ​ទទួលខុសត្រូវ ម្យ៉ាងទៀត​រឿង​នេះ​លោក​ធ្លាប់​បាន​សុំ​គោល​ការ​ណ៌​ទៅ​ខាង​ស្រុក​ដែរ តែ​ស្រុក​មិនឃើញ​ឆ្លើយ​តប ដូច្នេះ​លោក​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ​។

លោក​មេឃុំ​បាន​បញ្ជាក់​ថា ផ្លូវ​នេះ​តាម​គំរោង​ខាង​មន្ទីរ​អភិវឌ្ឍ​ន៌​ជនបទ និង​ធ្វើ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៣១២ រហូត​ទៅ​ដល់​ព្រំដែន​ពាម​មន្ទា​តែ​ម្តង ក្នុង​គំរោង​ក្រាល​ខ្សាច់​ភ្នំ ប៉ុន្តែ​ដោយ​ផ្ទុះ​កើត​វិ​បត្ត​កូ​វី​ដ​១៩​ទៅ គំរោង​ក៏​ត្រូវ​ជាប់​គាំង​រហូត​ដល់​ពេល​នេះ​។ ចំពោះ​មុខ ពេល​នេះ​ផ្លូវ​នេះ​ពិតជា​ខូចខាត​ធ្ងន់ធ្ងរ​មែន តែ​លោក​មិនដឹង​ធ្វើ​ម៉េច​ទេ ព្រោះ​ខាង​អាជ្ញាធរ​ឃុំ​ក៏​គ្មាន​លទ្ធភាព​ដែរ ។​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ