រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា នគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃអគ្គស្នងការនគរបាលជាតិ បានឃាត់ខ្លួនបុរសជនជាតិចិនម្នាក់នៅខណ្ឌជ្រោយចង្វា លុះសួរនាំរួច ក៏ឈានដល់ទៅបង្ក្រាបបក្សពួកជួញដូរគ្រឿងញៀនមួយកន្លែងទៀតក្នុងខុនដូ នៅមជ្ឈមណ្ឌលកោះពេជ្រ ហើយឃាត់ខ្លួនស្ត្រីជនជាតិថៃម្នាក់ ក៏ស្រាប់តែត្រូវបុរសជាជនបរទេសម្នាក់ទៀតបាញ់រះទៅលើសមត្ថកិច្ចក្នុងបំណងចង់រំដោះបក្សខ្លួនចំនួន៥គ្រាប់ ក្រោយមកសមត្ថកិច្ចក៏បាញ់ការពារខ្លួនវិញចំនួន៣គ្រាប់ បង្កឲ្យមានការភ្ញាក់ផ្អើលពេញក្រុងកោះពេជ្រតែម្តង នៅចំណុចខុនដូយីហោ «ដាយមិន វ័ន» ជាន់ទី៧ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កាលពីម៉ោង៩យប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនបានខាងលើមានចំនួន២នាក់ គឺជាជនជាតិបរទេស ក្នុងនោះមានបុរសម្នាក់ជាជនជាតិចិន និងស្ត្រីម្នាក់ជាជនជាតិថៃ ព្រមទាំងវត្ថុតាំងថ្នាំញៀនមួយចំនួនទៀតផង ។ ចំណែកជនសង្ស័យដែលជាជនជាតិបរទេសបានបាញ់រះទៅលើសមត្ថកិច្ចនោះ បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃអគ្គស្នងការនគរ
បាលជាតិបានបើកប្រតិបត្តិការធ្វើការស្រាវជ្រាវ រួចកំណត់មុខសញ្ញាជួញដូរគ្រឿងញៀនខុសច្បាប់ ។ ដោយជំហ៊ានដំបូង គឺកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិនម្នាក់នៅខណ្ឌជ្រោយចង្វា ព្រមទាំងដកហូតវត្ថុតាំងមួយចំនួន បន្ទាប់ពីឃាត់ខ្លួនបុរសជនជាតិចិនរួច កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) នៃអគ្គស្នងការនគរបាលជាតិ ក៏បានធ្វើការសាកសួរ រហូតឈានមកឃាត់ខ្លួនបក្សពួកគេនៅក្នុងកោះពេជ្រ ចំណុចខុនដូយីហោ «ដាយមិន វ័ន» ជាន់ទី៧។
សមត្ថកិច្ចបន្តថា លុះពេលទៅដល់ចំណុចខុនដូខាងលើ សមត្ថកិច្ចក៏សំរុកចូលទៅក្នុងបន្ទប់របស់ជនសង្ស័យរួចឃាត់ខ្លួនស្ត្រីជាជនជាតិថៃម្នាក់ ប៉ុន្តែពេលដែលសមត្ថកិច្ចឃាត់ខ្លួនបានហើយ ក៏ស្រាប់តែមានបក្សពួកជនសង្ស័យម្នាក់ទៀត ជាបុរសជនជាតិបរទេស ដែលនៅក្នុងបន្ទប់ជាមួយគ្នា ក៏បានទាញកាំភ្លើងបាញ់សំដៅទៅលើកងកម្លាំងសមត្ថកិច្ច ជាច្រើនគ្រាប់ ក្រោយមកសមត្ថកិច្ចក៏បានបាញ់តដៃវិញផងដែរ ដើម្បីការពារខ្លួន និងរំដោះខ្លួន ព្រមទាំងឃាត់ខ្លួនស្ត្រីជនជាតិថៃរូបនេះនាំយកចុះមកក្រោម រួចញាត់ចូលក្នុងរថយន្តផងដែរ។
ប្រភពដដែលបន្តទៀតថា បន្ទាប់ពីបាញ់តដៃ និងឃាត់ខ្លួនស្ត្រីជនសង្ស័យជាជនជាតិថៃម្នាក់ហើយ ក៏ស្រាប់តែបក្សពួកជនសង្ស័យជាជនបរទេសរូបនោះបានទាញកាំភ្លើងវែងស្រដៀង AK47 ចេញមកក្រៅបំរុងនឹងរំដោះបក្សពួកគេថែមទៀត ទើបសមត្ថកិច្ចសុំជំនួយពីថ្នាក់លើ ។ ដោយមានការចុះ និងបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោកស្នងការរងរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងសមត្ថកិច្ចចំរុះ រួមទាំងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការរាជធានី បានចុះទៅដល់កន្លែងកន្លែងកើតហេតុ ដើម្បីបញ្ជា និងធ្វើការតាមជំនាញ ព្រមទាំងបានការពារនាំខ្លួនជនសង្ស័យទាំងប្រុស ទាំងស្ត្រី យកទៅមន្ទីរប្រឆាំងគ្រឿងញៀននៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាកសួរទៅតាមនីតិវិធីផងដែរ ។ ដោយឡែកជនសង្ស័យជាជនជាតិបរទេសដែលជាអ្នកបាញ់រះទៅលើសមត្ថកិច្ចនោះ បានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ។
ក្នុងប្រតិបត្តិការខាងលើនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់ថា ករណីនេះ គឺជាករណីបង្ក្រាបគ្រឿងញៀន ហើយជនសង្ស័យជាអ្នកបាញ់រះមកលើ កម្លាំងសមត្ថកិច្ចមុនចំនួន៥គ្រាប់ ទើបសមត្ថកិច្ចបាញ់ការពារខ្លួនវិញចំនួន៣គ្រាប់ តែមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងរបួសនៅក្នុងហេតុការណ៍ខាងលើនោះទេ ។
ទោះជាយ៉ាងណា ជនសង្ស័យដែលរត់គេចខ្លួនបាត់នោះ សមត្ថកិច្ចកំពុងតែស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕
ចែករំលែកព័តមាននេះ