ដើម្បីរំដោះជីវិតខ្លួនឯង នាងរុំភួយលោតពីលើសណ្ឋាគារឱ្យគេជួយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បើតាមព័ត៌មានចុងក្រោយបញ្ជាក់ថា ជាករណីចាប់បង្ខាំងមនុស្សទុក ធ្វើទារុណកម្មជំរិតយកប្រាក់ ។ ហើយស្ត្រីវៀតណាមក៏បានឆក់ឱកាសរុំភួយលោតពីជាន់ទី៦ ។ ចំណែកបុរសម្នាក់ទៀត ឈ្មោះ ជិ ឈិន អាយុ៣២ឆ្នាំ បានរត់គេចខ្លួនរួចផុតពីការចាប់បង្ខាំង ។ យ៉ាងណាក៏ដោយ រឿងនេះ សមត្ថកិច្ចថា កំពុងស្ថិតនៅក្នុងការតាមដានស្រាវជ្រាវបន្តទៀតនៅឡើយ ។

សូមបញ្ជាក់ថា ស្ត្រីជនជាតិវៀតណាមម្នាក់ បានធ្លាក់ពីលើសណ្ឋាគារ Rumduol Grand Hotel ជាន់ទី៦មកទើរលើដំបូលសំយាបខាងមុខនៃជាន់ផ្ទាល់ដី ។ បើតាមការសន្និដ្ឋានជំហានដំបូងគឺសមត្ថកិច្ចបានដាក់ការសង្ស័យជាករណីចាប់ជំរិត ។ ក្រោយហេតុការណ៍នេះសមត្ថកិច្ចបានឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ដើម្បីយកទៅសួរនាំផងដែរ ។ ហេតុការណ៍ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងនេះ បានកើតឡើងនៅវេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ ដែលស្ថិតនៅចំណុចសណ្ឋាគារ Rumduol Grand Hote ដែលមានទីតាំងតាមបណ្តោយវិថី១៧៤ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុនៅវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី១១ ខែសីហានេះ គេបានឃើញស្ត្រីជនជាតិវៀតណាមរូបនេះ រួមជាមួយនឹងបុរសជនជាតិចិន២នាក់ទៀតនាំគ្នាចូលក្នុងសណ្ឋាគារ ដោយមានការប្រទាញប្រទង់គ្នាជាមួយស្ត្រីជនរងគ្រោះខាងលើ ហើយបាននាំចូលមកក្នុងសណ្ឋាគារបាត់ទៅ ។ លុះមកដល់វេលាម៉ោង១០និង៥០នាទីព្រឹកថ្ងៃដដែលគេឃើញស្ត្រីជនជាតិវៀតណាមនេះរុំដោយភួយធ្លាក់ពីជាន់ទី៦នៃសណ្ឋាគារដើម្បីគេចខ្លួន តែចៃដន្យធ្លាក់ទើរលើសំយាបយីហោដែលមានដំបូលកញ្ចក់ជ័រខាងមុខសណ្ឋាគារ រងរបួសធ្ងន់ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ផ្សារថ្មីទី៣ បានចុះមកដល ខ្លះយកជណ្តើរឡើងទៅត្រកងបីនាងចុះមកក្រោមយ៉ាងលំបាក រួចបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតនិងបានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន៤នាក់ ដែលព្យាយាមរត់ចេញពីសណ្ឋាគារនាំខ្លួនយកមកប៉ុស្តិ៍នគរបាលផ្សារថ្មីទី៣ ដើម្បីសួរនាំ ។ នៅក្នុងហេតុការណ៍នេះ យើងសង្កេតឃើញមានវត្តមានលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានបញ្ជាឱ្យសមត្ថកិច្ចមូលដ្ឋាន និងអធិការខណ្ឌ បិទច្រកចេញ-ចូលក្នុងសណ្ឋាគារទាំងអស់ដើម្បីធ្វើការស្រាវជ្រាវរកមូលហេតុនៃការធ្លាក់ស្ត្រីម្នាក់ពីលើសណ្ឋា គារនេះ ។

បុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ រូបគាត់មានគ្នា៤នាក់ កំពុងតែអង្គុយលេងនៅចិញ្ចើមផ្លូវម្ខាងមុខសណ្ឋាគារ ក៏ស្រាប់តែឮសំឡេងលាន់ភីង ដោយនឹកស្មានតែខ្យល់ធ្លាក់ផ្ទាំងប៉ាណូយីហោណាមួយហើយ ក៏បាននាំគ្នារកមើលជុំវិញខ្លួនតែមិនបានឃើញមានអ្វីធ្លាក់ឡើយ ។ ដោយមានការសង្ស័យក៏បាននាំគ្នាដើរស្វែងរកមើលនៅជុំវិញសណ្ឋាគារងើយមើលខាងលើក៏ស្រាប់តែបានប្រទះឃើញមានមនុស្សធ្លាក់នៅទើរលើកញ្ចក់យ៉ខាងលើទ្វារច្រកចេញចូល ជាប់ផ្លាករបស់សណ្ឋាគារទើបមានការភ្ញាក់ផ្អើលកើតឡើង និងរត់ទៅប្តឹងកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ដែលនៅក្បែរនេះឱ្យមកមើលតែម្តង ។

បុរសដដែលក៏បានប្រាប់បន្តទៀតថា «ករណីនេះទំនងជាអាចកើតឡើង គឺនារីជនរងគ្រោះត្រូវបានគេចាប់រុញទម្លាក់តាមបង្អួចចេញមកហើយមើលទៅ» ? គាត់នៅចាំថា កាលពីពេលកន្លងមកនារីរងគ្រោះរូបនេះ បានមកស្នាក់នៅខាងក្នុងសណ្ឋាគារនេះ និងតែងតែដើរចេញចូលមានប្រុស មានស្រីសរុបគ្នា៥នាក់(ប្រុស៣នាក់ ស្រី២នាក់) ជាប្រចាំផងដែរ ។ លុះដល់ពេលនេះមិនដឹងជាមូលហេតុអ្វីក៏ស្រាប់តែឃើញនាងធ្លាក់បែបនេះទៅវិញ ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានប្រាប់ឱ្យដឹងថា នារីរងគ្រោះមានឈ្មោះ NGUYEN THIHOAI THUONG អាយុ៣២ឆ្នាំ ជនជាតិវៀតណាមបានលោតពីក្នុងបន្ទប់លេខ ៦០៣ លើជាន់ទី៦ នៃសណ្ឋាគារ Rumduol Grand Hotel ។ លោកក៏បានដឹកនាំកម្លាំងចុះមកដល់កន្លែងកើតហេតុភ្លាមៗ ហើយក៏បានតាមចាប់ឃាត់ខ្លួនបុរសជាជនជាតិចិនចំនួន៤នាក់ យកមកធ្វើការសាកសួរ តែម្នាក់ក្នុងចំណោមនោះ មិនជាប់ពាក់ព័ន្ធក៏បានដោះលែងវិញ និងឃាត់ខ្លួនតែ៣នាក់ប៉ុណ្ណោះ។ លោកអធិការក៏បានប្រាប់បន្តទៀតថា ពាក់ព័ន្ធទៅនឹងករណីស្ត្រីម្នាក់ធ្លាក់ពីលើសណ្ឋាគារខាងលើនេះដែរ លោកនៅមិនទាន់បានដឹងពីមូលហេតុអ្វីនៅឡើយទេ ដោយរង់ចាំការត្រួតពិនិត្យ និងស្រាវជ្រាវជាបន្តទៀតសិន ។ លោកថា នេះជាករណីព្រហ្មទណ្ឌ ។

លោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដែលបានដឹកនាំកម្លាំងជាច្រើនចុះមកដល់ និងធ្វើការចាប់ឃាត់ខ្លួនបុរសជាជនសង្ស័យជាតិចិន យកទៅធ្វើការសាកសួរ នៅនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ និងធ្វើអន្តរាគមន៍ដាក់ជណ្តើរឡើងទៅយកស្ត្រីរងគ្រោះ ដែលកំពុងបញ្ចេញសំឡេងថ្ងូរនៅឡើយ និងហៅរថយន្តសាមុយ មកដឹកយកទៅធ្វើការសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតផងដែរ ។

ពិតជាសំណាងល្អណាស់ សម្រាប់នារីរងគ្រោះដោយសារមានរុំភួយ និងធ្លាក់ទើរត្រឹមលើយ៉កញ្ចក់មុខសណ្ឋាគារមិនធ្លាក់ដល់ដីទេ គ្រាន់តែរងរបួសធ្ងន់កំពុងសង្គ្រោះបន្ទាន់នៅឡើយ ដែលអាចមានជីវិតរស់នៅ។ ប្រសិនបើធ្លាក់មកដល់ដីវិញទំនងជាមានគ្រោះថ្នាក់ដល់អាយុជីវិតមិនខាន ។


















ចែករំលែកព័តមាននេះ