រាជធានីភ្នំពេញ ៖ យុវជន4នាក់តាំងខ្លួនជាកូនខ្លាអាវុធហត្ថខណ្ឌដូនពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមចំនួន2គ្រឿង គ្មានឯកសណ្ឋាន និងកាតសម្គាល់ខ្លួន ប្រដាប់ដោយវិទ្យុ
ទាក់ទងជាប់និងចង្កេះ បានធ្វើការប្រដេញយុវជន2នាក់ពីក្នុងកោះពេជ្រដែលមិនមានបទល្មើសចោទប្រកាន់ច្បាស់លាស់ ផ្អើលពេញសង្កាត់ទន្លេបាសាក់ ត្រូវកម្លាំងល្បាតប៉ុស្តិ៍នគរបាលទន្លេបាសាក់ ឃាត់ខ្លួននាំមកកាន់ប៉ុស្តិ៍នគរបាលធ្វើការសាកសួរនាំ ហេតុការណ៍ភ្ញាក់ផ្អើលនេះ ដែលបានកើតឡើងកាលពីវេលា១០ និង៥០នាទីយប់ថ្ងៃទី១០ សីហា នៅចំណុចមុខភោជនីយដ្ឋាន D O S ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
យុវជនទាំង៤នាក់ដែលអះអាងថាខ្លួន ជាកូនខ្លារបស់អាវុធហត្ថខណ្ឌដូនពេញនោះ រួមមាន១-ឈ្មោះលឹម ជីវ័ន្ត ហៅខួច អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅផ្ទះលេខ៣៩ ផ្លូវជាតិលេខ៣ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ២-ឈ្មោះហាក់ ភារ៉ា អាយុ២៨ឆ្នាំ ជាអ្នកលក់ម៉ូតូ ស្នាក់ផ្ទះលេខ10D ភូមិព្រៃទា សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ ៣-ឈ្មោះកែវ តារាសិរីវឌ្ឍ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤ និង៤-ឈ្មោះទី វិរ: អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ ស្នាក់នៅ ផ្ទះលេខ១០៨ ផ្លូវ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ។
យោងតាមប្រភពព័ត៌មានពីយុវជន២នាក់ដែលអះអាងថា ខ្លួនជាជនរងគ្រោះបានប្រាប់
អោយដឹងថា មុនកើតហេតុគឺរូបគាត់ និងមិត្តភ័ក្តិបាននាំគ្នាអង្គុយផឹកស៊ីជុំគ្នានៅក្នុងមជ្ឈមណ្ឌលកំសាន្តកោះពេជ្រ លុះដល់ម៉ោងកើតហេតុក៏នាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះនៅ តាខ្មៅវិញ ខណៈពេលជិះចេញពីកោះពេជ្រមកដល់ផ្លូវសបិត ទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុក៏លេចមុខយុវជន4ខាងលើជិះម៉ូតូ២គ្រឿង ។
ក្នុងនោះមួយគ្រឿងគ្មានស្លាកលេខ និងមួយគ្រឿងទៀតស្លាកលេខក្លែងក្លាយ គ្មានកញ្ចក់ និងមិនពាក់មួកសុវត្ថិភាព បានជិះមកកៀរម៉ូតូពួកខ្លួនអោយអែបកៀនហើយពួកគេប្រាប់ថា ខ្លួនជាអាវុធខណ្ឌដូនពេញ ដោយចោទប្រកាន់យុវជនទាំងពីរនាក់ថា ជាជនសង្ស័យ តែមិនដឹងសង្ស័យពីករណីអ្វីដោយឃើញយុវជនទាំងបួននាក់គ្មានឯកសណ្ឋាន និងកាត សម្គាល់ខ្លួនទើបពួកគាត់ប្រកែកមិនព្រមសហការក៏បង្កជាការភ្ញាក់ផ្អើលលឺដល់ កម្លាំងអាវុធហត្ថខណ្ឌចំការមននិងកម្លាំងល្បាតប៉ុស្តិ៍នគរបាលរដ្ធបាលសង្កាត់ទន្លេបាសាក់ចុះទៅដល់កន្លែងកើតហេតុ ក៏ឃាត់ខ្លួនជនសង្ស័យខាងលើ នាំមកកាន់ប៉ុស្តិ៍នគរបាល ធ្វើការ សាកសួរ។
បន្ទាប់ពីសួរនាំនៅប៉ុស្តិ៍នគរបាល រួចរាល់ទើបដឹងថា ជារឿងយល់ច្រឡំគ្នា ហើយក៏មាន វត្តមានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបានចេញមុខសុំទោសចំពោះកំហុសកូនចៅខ្លួនដោយមានការយោគយល់និងអធ្យាស្រ័យ សមត្ថកិច្ចប៉ុស្តិ៍នគរបាលទន្លេបាសាក់ ក៏បានធ្វើការអប់រំ និងអោយកម្លាំងអាវុធហត្ថខណ្ឌដូនពេញធានាខ្លួនយុវជនទាំងបួននាក់ត្រលប់ទៅវិញ ៕
ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ