ខេត្តកំពង់ចាម ៖ សំឡេងគ្រាប់ផ្ទុះលាន់ឮកក្រើកដីចម្ការមួយកន្លែង ស្ថិតក្នុងភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៥ កុម្ភៈ បណ្តាលឱ្យបុរសម្នាក់ឈ្មោះ ចាន់ អិ អាយុ៣៣ឆ្នាំ ធ្លាយពោះវៀនចេញមកក្រៅស្លាប់ភ្លាម និងប្រពន្ធរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពជាបន្ទាន់ ។
លោកវរសេនីយ៍ត្រី ប៉េង អេងហាក់ អធិការនគរបាលស្រុកមេមត់ បានឱ្យដឹងថា នៅរដូវប្រាំងនេះពីរនាក់ប្តីប្រពន្ធរងគ្រោះក៏ដូចប្រជាកសិករឯទៀតដែរ បាននាំគ្នាទៅធ្វើចម្ការជម្រះស្មៅកាប់គាស់រានដី ត្រៀមដាំកសិផលផ្សេងៗ។ លោកអធិការបានប្រាប់បន្តថា ២នាក់ប្តីប្រពន្ធពេលទៅដល់ចម្ការហើយ បាននាំគ្នាយកចបកាប់ដីបានតែបន្តិចប៉ុណ្ណោះ ប្តីក៏កាប់ចំគ្រាប់ដែលកប់នៅក្នុងដី បណ្តាលឱ្យផ្ទុះធ្លាយពោះវៀនមួយទ្រេលចេញមកក្រៅដួលស្លាប់យ៉ាងអាណោចអាធ័មបំផុត ចំណែកប្រពន្ធឈ្មោះ អាត សុផាត អាយុ២៤ឆ្នាំ ដែលកាប់ដីឆ្ងាយពីគ្នាក៏ត្រូវអំបែងហោះទៅត្រូវរងរបួសស្រាល ត្រូវបានក្រុមសាច់ញាតិដឹកទៅសង្គ្រោះ ។
លោកវរសេនីយ៍ត្រី ហាក់ ភិរម្យ អធិការរងនគរបាលស្រុកមេមត់ បានប្រាប់ឱ្យដឹងដែរថា មន្ត្រីប៉ុស្តិ៍រដ្ឋបាលឃុំជាំក្រវៀន បានរាយការណ៍ថា គ្រាប់ដែលបានផ្ទុះលាន់កក្រើកដីនោះមិនដឹងជាប្រភេទគ្រាប់អ្វីនោះទេ ព្រោះបានផ្ទុះខ្ទេចទៅហើយ ដោយបានសម្លាប់បុរសជាប្តី និងរបួសប្រពន្ធ ថែមទាំងបង្កឱ្យភ្ញាក់ផ្អើលដល់អ្នកចម្ការនៅក្បែរនោះផងដែរ ។
កន្លែងដែលផ្ទុះនោះ ស្ថិតនៅចម្ការដំឡូងតែម្តង ហើយគ្រាប់ដែលផ្ទុះនោះជាគ្រាប់ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ ។
គួរបញ្ជាក់ថា កន្លងមក ប្តីប្រពន្ធរងគ្រោះ ធ្វើចម្ការនេះរាល់ដងមិនដែលជួបហេតុការណ៍អាក្រក់អ្វីទេ តែលើកនេះបែរជាប៉ះចំគ្រាប់ផ្ទុះក្លាយជាសោកនាដកម្មគួរឱ្យរន្ធត់ ៕
ចែករំលែកព័តមាននេះ