ខេត្តមណ្ឌលគិរី ៖ ដោយទទួលបានថ្ងៃឈប់សម្រាកពេញមួយសប្តាហ៍ជំនួសថ្ងៃបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ បន្ទប់ស្នាក់នៅក្នុងខេត្តមណ្ឌលគិរី ត្រូវបានភ្ញៀវទេសចរកក់ពេញអស់ហើយ ។

លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី គិតត្រឹមថ្ងៃទី០៨ សីហា ថា ភ្ញៀវទេសចរបានកក់បន្ទប់ផ្ទះសំណាក់ សណ្ឋាគារនៅខេត្តមណ្ឌលគិរីជាង៨០%ហើយក្នុងឱកាសដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមន្ត្រីរាជការ កម្មករ និយោជិក បានឈប់សម្រាកសងជំនួសថ្ងៃបុណ្យចូលឆ្នាំថ្មីឡើងវិញ មានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧-២១ ខែសីហា ឆ្នាំ២០២០ខាងមុខនោះ។

លោកប្រធានមន្ទីរបានបន្តថា ចំពោះអាជីវកម្មលើសេវាកម្មទេសចរណ៍ មានសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងអាហារដ្ឋាន ក្នុងខេត្តមណ្ឌលគិរី បានត្រៀមរួចជាស្រេច ដើម្បីទទួលភ្ញៀវទេសចរក្នុងអំឡុងពេលឈប់សម្រាក់សង់ថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
លោកក៏បានណែនាំដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន និងប្រតិករទាំងអស់ ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ រលកទី២ ដោយធ្វើយ៉ាងណាឱ្យម្ចាស់សេវាកម្មទាំងអស់ ដំណើរការអាជីវកម្មរបស់ខ្លួនប្រកបដោយសុវត្ថិភាព។

លោក ងិន សុវិមាន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ សូមឱ្យមានការចូលរួមអនុវត្តទាំងអស់គ្នា ក្នុងការលាងសម្អាតដៃរបស់ខ្លួនឱ្យបានស្អាតជានិច្ច តាមការណែនាំរបសក្រសួងទេសចរណ៍ ក្នុងការបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា នៅទូទាំងខេត្តមានសេវាកម្មទេសចរណ៍ ក្នុងនោះ សណ្ឋាគារ១១កន្លែង ស្មើនឹង៤២៨បន្ទប់, ផ្ទះសំណាក់៤៦កន្លែង ស្មើនឹង៦៧៩បន្ទប់, ម៉ូតែល០១កន្លែង ស្មើនឹង៣៩បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៤៨កន្លែង ស្មើនឹង៤២៥តុ និង២.១២៩កៅអី និងខារ៉ាអូខេ០៩កន្លែង ស្នើនឹង៤៥បន្ទប់ ៕










ចែករំលែកព័តមាននេះ