ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្វែ​រ​កំពង់ដរក្រុងកំពង់ឆ្នាំង​​ទៅ​ដាក់​ទីតាំង​ថ្មី​នា​ដើមខែនេះ​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​៖ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍ ប្រកបដោយ​សុ​វត្តិភាព របស់​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងសាឡា​ង​កំពង់ដរ ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង អាជ្ញាធរ​ខេត្ត​បាន​តម្រូវ​ឱ្យ​ម្ចាស់​ម្ចាស់​ក្រុមហ៊ុន​ដរ​ចម្លង ទៅ​ដាក់​នៅ​កំពង់​ផែ​ដែល​បាន​កសាង​ថ្មី នៅ​ចំណុច​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម…

ខេត្តកំពង់ឆ្នាំង​៖ ដើម្បី​ជួយ​សម្រួលការ​ធ្វើ​ចរាចរណ៍ ប្រកបដោយ​សុ​វត្តិភាព របស់​ប្រជាពលរដ្ឋ ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងសាឡា​ង​កំពង់ដរ ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង អាជ្ញាធរ​ខេត្ត​បាន​តម្រូវ​ឱ្យ​ម្ចាស់​ម្ចាស់​ក្រុមហ៊ុន​ដរ​ចម្លង ទៅ​ដាក់​នៅ​កំពង់​ផែ​ដែល​បាន​កសាង​ថ្មី នៅ​ចំណុច​ភូមិ​ទី​៧​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ចាប់ពី​ដើមខែ​សីហា​នេះ​តទៅ ព្រម​ជាមួយ​ការ​ដាក់​ឱ​សាន្ត​វាទ ត្រឹម​ថ្ងៃ​ទី​៣ ខែសីហា​នេះ​ផង​ដែរ ។

ទោះបីជា​យ៉ាងនេះ​ក្តី កន្លង​ទៅ​ម្ចាស់​ដរ​ចម្លង​ធ្លាប់​បាន​សំណូម​ដល់​អាជ្ញាធរ​ខេត្ត​ម្តង​ហើយ​រឿង​កំពង់​ផែ​ថ្មី​នេះ ព្រោះ​ពិបាក​ក្នុង​ការ​ចត ដើម្បី​រថយន្ត​តូច​ធំ​ងាយស្រួល​ឡើង​ចុះ​លើ​សាឡា​ង ពេល​ខែ​ទឹក​ឡើង ។

លោក បេ សា​រុំ អភិបាលរង​ក្រុង​កំពង់ឆ្នាំង បានអោយ​ដឹង​ថា​៖ ដោយ​ពិនិត្យ​ឃើញ​ចំណត​កំពង់​ផែ​សាឡា​ង​ដរ ពី​មុន ប្រជាពលរដ្ឋ​មានការ​ចុះឡើង​លំបាក​ដោយសារ​ទីធ្លា​តូច​ចង្អៀត ទើប​អាជ្ញាធរ​ខេត្ត បាន​អនុញ្ញាត្តអោយ​ក្រុមហ៊ុន​សាឡា​ង​ដរ​ចម្លង ចូល​ចត​នៅ​ក្នុង​កំពង់​ផែ​ថ្មី​របស់​ខេត្ត​វិញ ។

លោកអភិបាលរងក្រុងបាន​បន្ត​ថា ទន្ទឹម​គ្នា​នេះ​ដែរ អាជ្ញាធរ​ក្រុង និង​ខេត្ត​បានអោយ​ធ្វើការ​ឈូស​ឆាយដី​ចិញ្ចើម​ផ្លូវថ្នល់​នៅ​មុខ​កំពង់​ផែ​ថ្មី​នេះ ដើម្បី​ចាក់​កៅស៊ូ​ពង្រីក​ផ្លូវថ្នល់​អោយ​បាន​ធំ​ទូលាយ សំរាប់​សម្រួល​ចរាចរណ៍ ជូន​រថយន្ត​ប្រជាពលរដ្ឋ​បាន​ចុះ​និង​ឡើង​ពីសា​ឡា​ង​ដរ​បាន​ងាយស្រួល ។​ តែ​ការ​ឈូស​ឆាយ​នេះ គេ​ពិនិត្យ​ឃើញ មានការ​ប៉ះពាល់​ដល់ កាំជណ្តើរ​ខាង​មុខ​ផ្ទះល្វែង​ប្រមាណ​១០​ល្វែង ដែល​សាងសង់​រំលោភ​ចូល​ដី​ចំណី​ផ្លូវ គឺ​ពុំ​មានការ​តវ៉ា​អ្វី​ពី​ម្ចាស់​ផ្ទះល្វែង​ទាំងនោះ​ទេ ព្រោះតែ​ពួក​គាត់​ទទួលស្គាល់​ពិតជា​សាង់សង់​កាំជណ្តើរ ចូល​លើ​ដី​ចំណី​ផ្លូវ​ពិតមែន ។

ជុំវិញ​ការ​សម្រួល​ឱ្យ​ម្ចាស់​ក្រុមហ៊ុន កំពង់ចម្លង​ដរ​ទទឹក កំពង់ឆ្នាំង​-​កំពង់លែង​នេះ​ដែរ ត្រូវ​បាន​ប្រភព ពី​មន្ត្រី​ជំនាញ​បាន​បញ្ជាក់​ថា​៖​ភាគី​ក្រុមហ៊ុន ដរ​ទទឹង ត្រូវ​បង់ប្រាក់​ភាស៊ី ដល់​ក្រុមហ៊ុន​ភាស៊ី ដែល​ដេញថ្លៃ​បាន ខុស​ពីលើ​មុន​ម្ចាស់​ដរ ទទឹង​អាច​ចត​នៅ​ម្តុំ ភូមិ​ចុង​កោះ មុខ​ព្រះ​វិហារ​ឥ​ស្លា​ម គឺ​មិន​ចាំបាច់​បង់ប្រាក់​នោះ​ទេ ។ ប៉ុន្តែ​ការ​បង់ថ្លៃ​ភាស៊ី​ដល់​ក្រុមហ៊ុន​ប្រមូល​ភាស៊ី​កំពង់​ផែ​កំរិត​ណា គេ​មិន​បានដឹង​នោះ​ទេ​។

ដោយឡែក​ម្ចាស់​ក្រុមហ៊ុន សាឡា​ង ដរ ទទឹង​បាន​បញ្ជាក់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​​នៅ​ល្ងាច​ថ្ងៃ​ទី​៤ ខែសីហា​ នេះ​ថា ពិតជា​ត្រូវ​បង់ប្រាក់​ឱ្យ​ម្ចាស់​ភាស៊ី​ពិតមែន ប៉ុន្តែ​ក្នុង​កិច្ច​ស្រុះស្រួល​ផ្ទៃក្នុង​គ្នា មិន​អាច​បញ្ជាក់​បាន​ទេ ។​ចំពោះ​ទីតាំង​ដែល​ជួប​ការ​លំបាក​ពេល​ខែ​ទឹក​ឡើង ភាគី​យក​ភាស៊ី​ជា​អ្នក​សម្រួល​ធ្វើ​ឡើង​វិញ​។

សូម​បញ្ជាក់​ថា​៖ កំពង់ដរ​ទទឹង​ពី​ក្រុង​កំពង់ឆ្នាំង ទៅ​ស្រុក​កំពង់លែង គឺជា​ផ្លូវ​គមនា​គមន៍​យ៉ាង​សំខាន់​ខ្លាំង​ណាស់ សម្រាប់​ត​ភ្ជាប់​រវាង​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ធំ ។​ជាក់ស្តែង​ក្រោយ​ពី​រាជរដ្ឋាភិបាល​កសាង​ផ្លូវ ពី​ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅ​ខេត្តកំពង់ធំ រួច​មក មាន​រថយន្ត​រាប់រយ​គ្រឿង​ត្រូវ​ជិះ​​សាឡា​ង​ឆ្លងកាត់​ទៅ​មក​ក្នុង​១​ថ្ងៃ​ៗ ព្រោះ​ចម្ងាយ​ផ្លូវ​ជិត​កាត់​បន្ថយ​ពេលវេលា​និង​សន្សំ​ថវិកា​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ